កាណាដា ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា
លោកស្រី ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា។
លោកស្រីបានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកស្រីបានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយនឹងសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។ នេះបើយោងតាមខ្លឹមសារនៃជំនួបដែលផ្សព្វផ្សាយតាមរយៈតេឡេក្រាមសម្តេចធីបតី។
នាឱកាសនោះ លោកស្រីបានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយក្នុងអាណត្តិការទូតនៅកម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាខិតខំបន្ត ពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោកស្រី ពីង គិតនីកន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលជាចំណងការទូតជាង៧០ឆ្នាំមកហើយ។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតី បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដែលជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមស្តីពីយុទ្ធស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ដើម្បីសន្ដិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕