កាឌីណាល់ ហ្គ្រេច៖ លក្ខណៈស៊ីណូដាលចាប់ផ្តើមចេញពីការកែប្រែចិត្តគំនិត មិនមែនច្បាប់ថ្មីៗនោះទេ
នៅពិធីថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៤ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មាននៃមហាសន្និបាតពេញអង្គ FABC នៅទីក្រុងហ្សាការតា លោកកាឌីណាល់ម៉ារីយ៉ូ ហ្គ្រេច (Mario Grech) អគ្គលេខាធិការនៃស៊ីណូដាលរបស់លោកអភិបាល បានសង្កត់ធ្ងន់ថា អនាគតពិតប្រាកដនៃលក្ខណៈស៊ីណូដាលគឺផ្អែកលើការកែប្រែចិត្តគំនិត និងការផ្លាស់ប្តូរខាងផ្លូវវិញ្ញាណពីខាងក្នុង ជាជាងការផ្លាស់ប្តូរភ្លាមៗទៅលើច្បាប់សាសនា។
ឆ្លើយតបទៅនឹងសំណួរដែលថា តើលក្ខណៈស៊ីណូដាលតម្រូវឱ្យមានការផ្លាស់ប្តូរច្បាប់ដែរឬទេ កាឌីណាល់ ហ្គ្រេច បានថ្លែងថា៖ «យើងមិនត្រូវការឯកសារនោះទេ។ យើងមានឯកសារគ្រឹះមួយរួចជាស្រេចហើយ នោះគឺដំណឹងល្អ»។ ការផ្លាស់ប្តូរថ្មីខាងផ្លូវវិញ្ញាណត្រូវតែដើរមុនការកែទម្រង់រចនាសម្ព័ន្ធ។
ការធ្វើឲ្យរចនាសម្ព័ន្ធដែលមានស្រាប់មានជីវិតគឺសំខាន់ជាងការបង្កើតស្ថាប័នថ្មីៗ ហើយព្រះសហគមន៍គួរតែធ្វើឱ្យអង្គភាពដែលមានស្រាប់ ដូចជាក្រុមប្រឹក្សាគង្វាលកិច្ចក្នុងមូលដ្ឋាន និងថ្នាក់ភូមិភាគ ក្រុមប្រឹក្សាបូជាចារ្យ និងមហាសន្និបាតភូមិភាគ មានភាពរស់រវើកឡើងវិញ ដោយបញ្ជ្រាបស្មារតីស៊ីណូដាលពិតប្រាកដចូលទៅក្នុងនោះ។
ទោះបីជាការផ្លាស់ប្តូរខាងផ្លូវវិញ្ញាណជាចំណុចសំខាន់បំផុតក៏ដោយ កាឌីណាល់ ហ្គ្រេច បានបញ្ជាក់ថា គណៈកម្មការអ្នកច្បាប់ព្រះសហគមន៍ចំនួនពីរ (សម្រាប់ព្រះសហគមន៍ខាងលិចនិងខាងកើត) ត្រូវបានបង្កើតឡើងដោយមានការអនុម័តពីសម្តេចប៉ាប ដើម្បីសិក្សាអំពីការកែសម្រួលផ្នែកច្បាប់។ គណៈកម្មការសម្រាប់ព្រះសហគមន៍ បានបញ្ចប់ការងាររបស់ខ្លួនហើយ ដោយរបាយការណ៍ទាំងពីរនឹងត្រូវបញ្ជូនទៅថ្វាយសម្តេចប៉ាប និងក្រសួងពាក់ព័ន្ធនៅបុរីវ៉ាទីកង់។
ការកែទម្រង់ច្បាប់ និងរចនាសម្ព័ន្ធគឺជាឧបករណ៍ដែលមានប្រយោជន៍ ប៉ុន្តែពួកវានឹងមានប្រសិទ្ធភាពទៅបាន លុះត្រាតែមានការទ្រទ្រង់ដោយគ្រីស្តបរិស័ទដែលត្រូវបានព្រះគ្រីស្តផ្លាស់ប្តូរចិត្តគំនិត ឱ្យដើរជាមួយគ្នានៅក្នុងការរួបរួម និងបេសកកម្ម៕