កាឌីណាល់ ជាមន្ត្រីជាន់ខ្ពស់នៃបុរីវ៉ាទីកង់ ជំរុញឱ្យគ្រីស្តបរិស័ទផ្សព្វផ្សាយដំណឹងល្អដោយមិនរើសអើង
លោកកាឌីណាល់ ល្វីស អាន់តូនីញ៉ូ តាហ្គ្លេ (Luis Antonio Tagle) អនុប្រធានក្រសួងផ្សព្វផ្សាយដំណឹងល្អ បានជំរុញឱ្យគ្រីស្តបរិស័ទនានា សាបព្រោះ និងប្រកាសដំណឹងល្អដល់មនុស្សគ្រប់រូប មិនមែនត្រឹមតែចំពោះអ្នកដែលហាក់ដូចជាបើកចិត្តទទួលយកប៉ុណ្ណោះទេ។ លោកបានសង្កត់ធ្ងន់ថា គ្មានបេះដូងណាមួយដែលហួសពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ឡើយ។
លោកកាឌីណាល់ បានមានប្រសាសន៍បែបនេះ ខណៈពេលចូលរួមក្នុងពិធីអភិបូជា ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការតែងតាំងបូជាចារ្យ ១០ រូប កាលពីថ្ងៃទី ១២ ខែកក្កដា នៅព្រះវិហារ Our Lady of Lourdes ក្នុងទីក្រុងតាក្លូបាន (Tacloban) ភាគកណ្តាលប្រទេសហ្វីលីពីន។ លោកបានឆ្លុះបញ្ចាំងពីប្រស្នាដំណឹងល្អអំពី «អ្នកសាបព្រោះ» ដោយលើកទឹកចិត្តអ្នកមានជំនឿឱ្យធ្វើត្រាប់តាមសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ តាមរយៈការសាបព្រោះគ្រាប់ពូជនៃជំនឿដោយគ្មានការរើសអើង។
លោកបានលើកឡើងថា៖ «សូមឱ្យយើងចូលរួមជាមួយព្រះយេស៊ូក្នុងការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមកុំជ្រើសរើសតែអ្នកដែលងាយស្រួលនិយាយជាមួយប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែហ៊ាននិយាយ និងហ៊ានប្រកាសដំណឹងល្អទៅកាន់មនុស្សគ្រប់រូបផងដែរ»។
លោកកាឌីណាល់ បានរំលឹកដល់សមាជិកក្រុមអប់រំជំនឿថា គ្រីស្តបរិស័ទត្រូវបានអំពាវនាវឱ្យនាំយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅចែករំលែក សូម្បីតែទៅកាន់មនុស្សដែលមានចិត្តរឹងរូស ឬរំខានក៏ដោយ ដោយជឿជាក់ថាមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចផ្លាស់ប្តូរជីវិតមនុស្សតាមរបៀបដែលយើងនឹកស្មានមិនដល់។
លោកបានបន្ថែមថា៖ «ចូរចូលរួមចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយពួកគេ។ ចូរធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយបង្ហាញឱ្យគេឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបង្កើតមនុស្សជាតិថ្មី និងការបង្កើតថ្មីនៅក្នុងខ្លួនយើង។ ប៉ុន្តែ សូមឱ្យយើងធ្វើជាសាក្សីរស់ចំពោះពួកគេជាមុនសិន»។
ជាចុងក្រោយ លោកកាឌីណាល់ បានសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ «មិនមានការរើសអើង» ក្នុងការសាបព្រោះគ្រាប់ពូជនៃជំនឿនោះទេ ប៉ុន្តែទ្រង់ប្រទានក្តីសង្ឃឹមជានិច្ច ទោះបីជាជំនឿនោះហាក់ដូចជាខ្សោយ ឬពិបាកក្នុងការដាំដុះយ៉ាងណាក៏ដោយ។