កាឌីណាល់ដេវីឌ៖ «ភាពប្រែប្រួលបែបស៊ីណូដាល ត្រូវតែនាំទៅរកបេសកកម្ម»
បន្ទាប់ពីការបញ្ចប់នៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា កាឌីណាល់ ប៉ាប្លូ វីរហ្គីលីយ៉ូ ដាវីឌ (Pablo Virgilio David) អនុប្រធាន FABC បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានថា ការប្រែចិត្តគំនិតបែបស៊ីណូដាល ត្រូវតែដឹកនាំព្រះសហគមន៍ឱ្យឈានទៅមុខក្នុងបេសកកម្មបម្រើខាងក្រៅ ជាជាងការផ្តោតតែលើកិច្ចការផ្ទៃក្នុង។
ស្ថិតនៅមជ្ឈមណ្ឌលគង្វាលកិច្ចនៃព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ដោយមាន លោកបូជាចារ្យ ក្លារិន ឌីវ៉ាដាស (Clarence Devadass) និងលោកអភិបាល អង់តូនីយូស ស៊ូប៊ីយ៉ាន់តូ ប៊ុនយ៉ាមីន (Antonius Subianto Bunjamin) កាឌីណាល់ ដាវីឌ បានពន្យល់ថា ស៊ីណូដាលភាពគឺហួសពីនីតិវិធីរដ្ឋបាល ឬយុទ្ធសាស្ត្រគង្វាលកិច្ចទៅទៀត។ ផ្ទុយទៅវិញ វាគឺជាវិថីជីវិតខាងវិញ្ញាណ និងជាអត្តសញ្ញាណរបស់ព្រះសហគមន៍ ដែលមានគោលបំណងផ្លាស់ប្តូរសារជាថ្មីនូវទំនាក់ទំនង រចនាសម្ព័ន្ធ និងសកម្មភាពគង្វាលកិច្ចនៅទូទាំងទ្វីបអាស៊ី។
ដោយផ្តោតលើប្រធានបទស្នូលនៃមហាសន្និបាត គឺ «អ្នករាល់គ្នានឹងបានឃើញការអស្ចារ្យជាងនេះទៅទៀត» លោកកាឌីណាល់បានគូសបញ្ជាក់ថា ការប្រែប្រួលចិត្តគំនិតបែបស៊ីណូដាល និងការចេញទៅបំពេញបេសកកម្ម គឺជាកិច្ចការពីរដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។ លោកបានបន្តជំរុញឱ្យព្រះសហគមន៍ក្នុងស្រុកនៅអាស៊ី ដើរតួជា «ស្ពាន និងជាអ្នកកសាងស្ពាន» ដោយការលើកកម្ពស់ការសន្ទនា មិត្តភាព និងការសម្រុះសម្រួលគ្នាយ៉ាងសកម្ម នៅក្នុងតំបន់មួយដែលសម្បូរទៅដោយពហុវប្បធម៌ និងពហុសាសនាធំបំផុតក្នុងពិភពលោក។
ចក្ខុវិស័យនៃបេសកកម្មបម្រើ និងសុខដុមរមនាអន្តរសាសនានេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលដែលប្រតិភូទាំងអស់ បានធ្វើធម្មយាត្រានិមិត្តរូបឆ្លងកាត់ «ផ្លូវមិត្តភាពរូងក្រោមដី» នៃទីក្រុងហ្សាការតា ចេញពីព្រះវិហារកាតូលិកទៅកាន់វិហារឥស្លាម Istiqlal ដែលនៅជិតនោះ។ ការជួបប្រជុំជាមួយមេដឹកនាំសាសនាឥស្លាម និងការមើលឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូនេស៊ីចំពោះការគោរពអន្តរសាសនា បានពង្រឹងជំនឿយ៉ាងរឹងមាំថា គ្រីស្តសាសនិក និងសាសនិកឥស្លាម គឺជាបងប្អូនប្រុសស្រីដែលចែករំលែកសេចក្តីថ្លៃថ្នូរជាមនុស្សជាតិរួមគ្នា។
កាឌីណាល់ ដាវីឌ បានកត់សម្គាល់ថា បេសកកម្មនៅពេលនេះរបស់ព្រះសហគមន៍ គឺហួសពីការផ្សព្វផ្សាយសាសនារបស់ខ្លួន គឺការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការកសាង «អារ្យធម៌នៃសេចក្តីស្រឡាញ់» ដែលបន្សល់ទុកនូវភារកិច្ចជូនដល់លោកអភិបាលទាំងអស់ ក្នុងការផ្លាស់ប្តូរគោលការណ៍ខាងវិញ្ញាណទាំងនេះ ឱ្យទៅជាសកម្មភាពគង្វាលជាក់ស្តែងនៅក្នុងសហគមន៍ផ្ទាល់ខ្លួន៕