កម្ពុជា និងឡាវ បន្តពង្រឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង
តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៦ ខែមេសា បានឱ្យដឹងថា លោកប្រធានរដ្ឋឡាវ បានបានថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នូវរូបថតសត្វដំរីមួយគូ ឈ្មោលមួយក្បាល និងញីមួយក្បាល ជានិមិត្តរូបនៃទំនាក់ទំនងភាតរភាពដ៏យូរ អង្វែង និងមិត្តភាពខ្លាំងក្លារវាងប្រទេសទាំងពីរ ដែល ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជ ហឫទ័យទទួលដោយក្តីរីករាយបំផុត។
សេចក្តីប្រកាសព័ត៌មានដដែលបានលើកឡើងទៀតថា ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានរដ្ឋ ភាគីទាំងពីរបានជំរុញអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីនៅលើគ្រប់វិស័យរួមមាន នយោបាយ កិច្ចការព្រំដែន សន្តិសុខ និងការពារជាតិន សេដ្ឋកិច្ច ថាមពល និងការតភ្ជាប់។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់កា សុខសាន្ត និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។
ប្រធានរដ្ឋឡាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានរួម ចំណែកជាទឹកប្រាក់ ១លានដុល្លារអាមេរិក គាំទ្រឡាវជាប្រធានអាស៊ាន ឆ្នាំ២០២៤ ក្នុងអំឡុងពេល ទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នៅប្រទេសឡាវ កាលពីខែមុន។
ប្រភពដដែលបានបញ្ជាក់ថា ៖ «វិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំ ប្រឹងប្រែងរួម លើបញ្ហាសន្តិសុខនានារវាងអាជ្ញាធរពាក់ព័ន្ធនៅតាមតំបន់ព្រំដែន ជាពិសេសការទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ»។
កិច្ចការព្រំដែន ថ្នាក់ដឹកនាំទាំងពីរបានកោតសរសើរចំពោះការផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័ន និងការចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្លាស់ប្តូរលិខិតតុបករណ៍សច្ចាប័ន នៃសន្ធិសញ្ញាកំណត់ព្រំដែន រដ្ឋរវាងកម្ពុជា និងឡាវ ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសឡាវ។
ភាគីទាំងពីរ បានឯកភាពគ្នាដោះស្រាយកំណាត់ព្រំដែននៅសេសសល់ចំនួន ១៤% ដោយសន្តិវិធី ដើម្បីកសាង ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ទាក់ទងនឹងការតភ្ជាប់វិញ ភាគីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងសាងសង់ស្ពានឆ្លងកាត់ ទន្លេរពៅ (កម្ពុជា)/សេឡាំផាវ (ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការលើវិស័យថាមពល កម្ពុជាបានថ្លែងអំណរគុណឡាវដែលបានបន្តផ្គត់ផ្គង់ អគ្គិសនីដល់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ភាគីទាំងពីរបាន លើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា និងឡាវ អនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមពៀង និងអនុស្សរណៈ យោគយល់គ្នានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល រួមមានកិច្ចព្រមព្រៀងថ្មីស្ដីពីកិច្ច សហប្រតិបត្តិការថាមពលរវាងរដ្ឋាភិបាលទាំងពីរ និងអនុស្សរណៈយោគយល់គ្នាស្ដីពីការទិញថាមពល
បៃតង និងការសិក្សាសមិទ្ធិលទ្ធភាពកសាងបណ្តាញបញ្ជូនថាមពលអគ្គិសនីទៅកម្ពុជា ដែលបានចុះ ហត្ថលេខាក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នៅប្រទេសឡាវ។
ក្រៅពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ លោក ថងលុន ស៊ីសុលីត បានចូលរួមកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ផងដែរ។
លោកបាន សម្តែងនូវអំណរគុណចំពោះកម្ពុជា ចំពោះបដិសណ្ឋារកិច្ចដ៏ល្អក្រៃលែង ជូនឯកឧត្តម និងគណៈប្រតិភូទាំងអស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា៕