កម្ពុជា ធ្វើសកម្មភាពសកលភាវូបនីយកម្មតាមគ្រប់យន្តការដែលបានដាក់ចេញ ជាមួយប្រទេស ដែលមិនទាន់ក្លាយជារដ្ឋភាគីអនុសញ្ញា
ក្នុងរយៈពេល ៥ ខែ បន្ទាប់ពីកម្ពុជាទទួលធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើសកម្មភាពកៀរគរ និងបញ្ចុះបញ្ចូលតាមគ្រប់យន្តការដែលដាក់ចេញ ជាមួយប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំង ៣៣ ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា។
នេះជាការលើកឡើងពីសំណាក់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ថ្លែងប្រាប់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងដៃគូពាក់ព័ន្ធ ដោយលោកបញ្ជាក់ទៀតថា ក្នុងនោះប្រទេសគោលដៅទាំងនោះរួមមាន៖ បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាអូតាវ៉ា កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត និងវិធានការអនុវត្តក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា។
លោកបានថ្លែងថា ៖ «វិធានការ និងយន្តការដែលបានដាក់ចេញទាំងនោះ បានធ្វើឡើងតាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាUN-ESCAP កិច្ចប្រជុំពាក់ព័ន្ធ ជំនួបទ្វេភាគី និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងការបញ្ចុះបញ្ចូលប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ជាដើម»។
សូមរម្លឹកដែរថា កាលពីខែមេសាកន្លងទៅថ្មីៗនេះ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ លោក លី ធុជ បានជួបប្រជុំទ្វេភាគីដោយឡែកទាំងផ្លូវការ និងក្រៅផ្លូវការជាមួយប្រទេសហ្វីជី តុងហ្គា កោះម៉ាសាល់ និងមីក្រូណេស៊ី ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP)៕