កម្ពុជាបន្តប្រើប្រាស់ថាមពលដើរដោយធ្យូងថ្ម តែមិនអនុញ្ញាតឱ្យបង្កើតគម្រោងថ្មីទៀតទេ
លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញពីភាពចាំបាច់ដែលកម្ពុជា ត្រូវបន្តប្រើប្រាស់ថាមពលដើរដោយធ្បូងថ្ម តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្ត មិនផ្តល់ឱ្យបង្កើតគម្រោងថាមពលដើរដោយធ្យូងថ្មថ្មីទៀតនោះទេ ដោយសារតែឲ្យតម្លៃលើបរិស្ថាន និងបញ្ហាតុល្យភាពចរីភាព។
ការបង្ហាញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែវ រតនៈ អញ្ជើញបាឋកថា ស្ដីពី «គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា-ជប៉ុន (CJCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានប្ដេជ្ញាដែលជាឲ្យគោលដៅ របស់សម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជានឹងមិនអភិវឌ្ឍគម្រោងអគ្គិសនីដើរដោយធ្យូងថ្មថ្មីទៀតទេ មិនមែនដោយសារយើងអត់ត្រូវការវាទេ ប៉ុន្តែយើងឲ្យតម្លៃលើបញ្ហាបរិស្ថាន និងបញ្ហាតុល្យភាពចរីភាព»។
បើតាមការបញ្ជាក់ របស់រដ្ឋមន្ដ្រី កែវ រតនៈ, ធ្យូងថ្មសព្វថ្ងៃ នៅផលិតប្រមាណ ៣២ភាគរយ ក្នុងបណ្តាញជាតិ ពីព្រោះថា ថាមពលធ្យូងថ្មថោកជាងគេ ហើយផ្តល់ថាមពលអគ្គិសនី ២៤ម៉ោង។ លោកថា «សូឡាជាជំនួយថែម ប៉ុន្តែមិនទាន់អាចយកមកជំនួសទេ ដូច្នេះហើយបានជាកុំឆ្ងល់ ហេតុអីបានពិភពលោកប្រើសូឡាត្រឹមតែ៥-៦ភាគរយ»។
បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា អាស៊ានក៏ដូចជាពិភពលោក នៅតែទទួលស្គាល់ថា នៅក្នុងរយៈពេលអន្តរកាល ពីឥឡូវនេះដល់ឆ្នាំ២០៥០នេះ ថាមពលធ្យូងថ្ម នៅមានតួនាទីនៅឡើយ ដូច្នេះពិភពលោក មិនទាន់អាចបិទនៅឡើយទេ។
ទោះបីជាបែបនេះយ៉ាងណាក្ដី រដ្ឋមន្ដ្រី កែវ រតនៈ ក៏បានគូសបញ្ជាក់ថា «កម្ពុជាបានដាក់ការប្ដេជ្ញាថា កម្ពុជាមិនធ្វើរោងចក្រធ្យូងថ្មថ្មីទៀតទេ»។
រដ្ឋមន្ដ្រី កែវ រតនៈ បានលើកឡើងថា កម្ពុជា, អាស៊ាន និងពិភពលោក ក៏ដូចគ្នា គឺនៅទទួលស្គាល់ថា បន្ទាប់ពីកាត់បន្ថយធ្យូងថ្ម បណ្ដាញអគ្គិសនី នឹងមានបញ្ហាញ៉ាក់រញ័រទូទាំងពិភពលោក។
លើសពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាជាប្រទេសជាប់នឹងទន្លេ ហើយមានតែកម្ពុជាទេ ដែលបានប្រកាសប្រាប់អន្ដរជាតិថា កម្ពុជានឹងមិនធ្វើវារីអគ្គិសនី នៅលើដងទន្លេមេគង្គ ឬតួទន្លេមេគង្គដាច់ខាត៕