កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណ​ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤

របាយការណ៍​របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុង​រយៈពេល​៣ខែ ឆ្នាំ​២០២៤នេះ ​​កម្ពុជាទទួ​លបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស​​។

​សេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ​របស់​​គ្រឹះស្ថានអង្គរ បានឱ្យដឹងនៅ​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេស បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស មានចំនួន ៣៤៧ ៥៣៤នាក់ កើន៤៧.០៥% និងទទួលបានចំណូល ១​៦,៥៣៣,២៩៣ ដុល្លារអាមេរិក កើនឡើង៤៨.៤៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

សេចក្តីប្រកាសបានបន្តថា ៖ «រយៈពេល៣ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៦៩៥ ០៦៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ​ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា»។

ប្រភពដដែល​បានបន្តថាសម្រាប់ចំណូលពី​ការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល​៣ខែ ឆ្នាំ​២០២៤ មានចំនួន ៨ ០៧៧ នាក់ ដែលបានចំណូល ១២១ ១៥៥ ដុល្លារអាមេរិក។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស បាន​ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៧៩ ម៉ឺននាក់ ក្នុងនោះ​ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕

 

Daily Program

Livesteam thumbnail