កម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសម្រាប់ ការបណ្តុះបណ្តាលកម្លាំងសេវាសង្គមដើម្បីដោះស្រាយអំពើហិង្សា និងការកេងប្រវ័ញ្ចលើកុមារ
ក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា និងវិទ្យាស្ថានជាតិសង្គមកិច្ច នៅថ្ងៃនេះបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីសិក្សា និងផែនការមេ សម្រាប់ការបណ្តុះបណ្តាលកម្លាំងសេវាសង្គម ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងយូនីសេហ្វ ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា៖ “កម្លាំងសេវាសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពកុមារ គ្រួសារ ក្រុមជនរងគ្រោះ និងងាយរងគ្រោះដោយកាត់បន្ថយបាននូវភាពក្រីក្រ កំណត់ និងគ្រប់គ្រងហានិភ័យ និង សម្របសម្រួលការទទួល និងផ្តល់សេវាគាំពារសង្គមកិច្ច ដើម្បីធានាថាបុគ្គលទាំងនោះទទួលបានសេវាសុខុមាលភាព ដែលពួកគាត់ត្រូវការ គ្រប់កាលៈទេសៈ”។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា “ចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីៈ គឺជាស្នូលនៃការ កសាងកម្លាំងសេវាសង្គម ហើយក្លាយទៅជាគន្លឹះក្នុងការលើកកម្ពស់យុត្តិធម៌សង្គម ការកាត់បន្ថយការរើសអើង ការផ្លាស់ប្តូរឥរិយាបទសង្គមដែលមានគ្រោះថ្នាក់ ការការពារនិងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់លើកុមារ និងការកេងប្រវ័ញ្ចលើគ្រប់ទម្រង់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវសង្គមមួយ ដែលមានបរិយាប័ន្នសម្រាប់កុមារ ជនពិការ និងក្រុមដែលបាត់បង់ឱកាស”។
គំនិតផ្តួចផ្តើមដែលជាព្រឹត្តិការណ៍ដ៏សំខាន់នេះ បានទទួលគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID និងមាគោដៅ
ផ្តល់ដល់បុគ្គលិកសេវាសង្គមនូវជំនាញដែលចាំបាច់ដើម្បីការពារកុមារងាយដែលរងគ្រោះបំផុតនៅកម្ពុជា ។
អ្នកស្រី ឃែរី ផែល្សម៉ិន នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID បានសង្កត់ធ្ងន់ពីផលវិជ្ជមានដែលទទួលបានពីការបណ្តុះបណ្តាលកម្លាំងសេវាសង្គមនេះ ។ លោកស្រីបានមានប្រសាសន៍ថា “បុគ្គលិកសង្គមកិច្ចដែលទទួលបានការបណ្តុះបណ្តាល មានសមត្ថភាពខ្ពស់ និងអាជ្ញាប័ណ្ណ នឹងជួយកម្ពុជាក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងការលំបាកដែលកុមារ និងគ្រួសារជួបប្រទះ ព្រមទាំងជួយបង្កើតបរិយាកាសសម្រាប់កុមារងាយរងគ្រោះ ដើម្បីលូតលាស់នៅក្នុងគ្រួសារប្រកបដោយសុវត្ថិភាព ក្តីស្រឡាញ់ និងការចិញ្ចឹមបីបាច់ថែរក្សា” ។
កម្មវិធីសិក្សាថ្មីនេះ គឺជាកម្មវិធីបណ្តុះបណ្តាលស្តង់ដារដំបូងរបស់ប្រទេសកម្ពុជាសម្រាប់បុគ្គលិកសង្គមកិច្ច ដែលផ្តោតជាពិសេសលើកិច្ចការពារកុមារ។ កម្មវិធីសិក្សានេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារដែលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់កម្ពុជា ក្នុងការការពារកុមារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងគ្រោះថ្នាក់ ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការដាក់ឱ្យអនុវត្តនូវកម្មវិធីសិក្សានេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ប្រព័ន្ធការពារកុមាររបស់កម្ពុជា” ។ “តាមរយៈផ្តល់សិទ្ធិអំណាចដល់បុគ្គលិកសេវាសង្គម ជាមួយជំនាញដែលពួកគេត្រូវការដើម្បីដោះស្រាយបញ្ហាការរំលោភបំពាន ការកេងប្រវ័ញ្ច និងអំពើហិង្សាលើកុមារ យើងកំពុងតែបង្កើតមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែមានសុវត្ថិភាពសម្រាប់កុមារគ្រប់រូប។ កម្មវិធីនេះមិនត្រឹមតែផ្តោតលើការកសាងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តោតលើការផ្លាស់ប្តូរជីវិតផងដែរ ។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រយ៉ាងពេញទំហឹងពីទីភ្នាក់ងារជំនួយអាមេរិក USAID យើងអាចធានាបានថា បុគ្គលិកសង្គមកិច្ចគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្កើតឥទ្ធិពលវិជ្ជមានយូរអង្វែង និងគ្មានកុមារណាម្នាក់ត្រូវបានគេទុកចោលដោយគ្មានការការពារ និងការថែទាំដែលពួកគេសមនឹងទទួលបាន” ។
ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងកង្វះខាតបុគ្គលិកសង្គមកិច្ច ដោយមានបុគ្គលិកសង្គមកិច្ចដែលមានជំនាញវិជ្ជា ជីវៈចំនួនតែ ៣៧ នាក់ប៉ុណ្ណោះ ធ្វើការនៅទូទាំងប្រទេស នៅថ្នាក់ខេត្ត និងមានបុគ្គលិកជំនួយការជំនាញចំនួនជាង ២០០ នាក់ នៅថ្នាក់ស្រុក ។ បុគ្គលិកទាំងនេះមានតួនាទីយ៉ាងសំខាន់ចំពោះកិច្ចការពារកុមារ ការកាត់បន្ថយភាពក្រីក្រ និងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អំពើហិង្សា ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការបុគ្គលិកសង្គមកិច្ចដែលមានការបណ្តុះបណ្តាលមកធ្វើការនោះ គឺលើសពីធនធានមនុស្សដែលមាននាពេលបច្ចុប្បន្ន ដែលធ្វើឱ្យកុមារងាយរងគ្រោះជាច្រើនមិនបានទទួលការគាំទ្រគ្រប់គ្រាន់ ។
បញ្ហាប្រឈមទាំងនេះត្រូវបានបញ្ជាក់នៅក្នុងរបកគំហើញពី ការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២២ (CDHS), ដែលបានរកឃើញថា ជាង ៥០ ភាគរយនៃកុមារដែលមានអាយុពី ១៣ ដល់ ១៧ ឆ្នាំ បានទទួលរងអំពើហិង្សាលើរាងកាយហើយកុមារកម្ពុជាជាង ៣ លាននាក់ បានទទួលរងការដាក់វិន័យដោយហិង្សានៅផ្ទះ ។ ការដោះស្រាយតម្រូវការដ៏ជាក់លាក់សម្រាប់សេវាសង្គមកិច្ច គឺជាការចាំបាច់ដើម្បីលើកកម្ពស់កិច្ចការពារកុមារនៅកម្ពុជា ។
កម្មវិធីសិក្សាថ្មីនេះ ផ្តល់នូវផែនទីបង្ហាញផ្លូវមួយសម្រាប់បង្កើនជំនាញរបស់បុគ្គលិកសង្គមកិច្ច និងបុគ្គលជំនួយការជំនាញ តាមរយៈការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជា ។ បន្ថែមពីលើការពង្រឹងគុណភាពនៃការថែទាំ កម្មវិធីសិក្សានេះបញ្ជាក់ជាផ្លូវការនូវតួនាទីរបស់បុគ្គលិកសង្គមកិច្ចនៅក្នុងប្រព័ន្ធការពារកុមារ ។
យូនីសេហ្វ នៅតែប្តេជ្ញាចិត្តសហការជាមួយក្រសួងកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិទ្យាស្ថានជាតិសង្គមកិច្ច និងដៃគូសំខាន់ៗ រួមទាំងទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីអនុវត្តផែនការបណ្តុះបណ្តាលនេះ និងបន្តពង្រឹងប្រព័ន្ធការពារកុមាររបស់កម្ពុជា ៕