«ផ្លូវក្រោមដីនៃមិត្តភាព» ក្លាយជាសញ្ញានិមិត្តរូបរស់នៃស៊ីណូដាល នៅក្នុងពិធីបិទមហាសន្និបាត FABC

មហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោក​អភិបាលកាតូលិកអាស៊ី (FABC) មិនបានបញ្ចប់នៅក្នុងទីតាំងប្រជុំធម្មតានោះទេ ប៉ុន្តែបានបញ្ចប់តាមរយៈសកម្មភាពជាសញ្ញានិមិត្តរូបនៅក្រោមផ្លូវនៃទីក្រុងហ្សាការតាកាលពីថ្ងៃទី ២៦ ខែកក្កដា។

បន្ទាប់ពីពិធីអរព្រះគុណបិទអង្គប្រជុំនៅព្រះវិហារកាតូលិកនាក្រុងហ្សាការតា គណៈប្រតិភូអន្តរជាតិដែលរួមមាន កាឌីណាល់ លោកអភិបាល លោកបូជាចារ្យ បព្វជិត បព្វជិតា និងតំណាងគ្រីស្តសាសនិកគ្រហស្ថ បានដើររួមគ្នាតាម «ផ្លូវមិត្ត​ភាព​រូងក្រោមដី» ដែលជាផ្លូវក្រោមដីតភ្ជាប់ដោយផ្ទាល់រវាងព្រះវិហារកាតូលិក និងវិហារឥស្លាម Istiqlal ដែលជាវិហារឥស្លាមធំជាងគេក្នុងប្រទេសឥណ្ឌូណេស៊ី។

ការដើរនេះជាការបង្ហាញយ៉ាងច្បាស់អំពីប្រធានបទចម្បងនៃមហាសន្និបាត គឺ «ការប្រែចិត្តគំនិតតាមបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅអាស៊ី»។

ការបដិសណ្ឋារកិច្ច និងកិច្ចសន្ទនានៅវិហារឥស្លាម Istiqlal

នៅពេលទៅដល់ទ្វារ Al-Fattah នៃវិហារឥស្លាម គណៈប្រតិភូបានដោះស្បែកជើងដើម្បីសម្តែងការគោរព ហើយត្រូវបានទទួលបដិសណ្ឋារកិច្ចជាផ្លូវការដោយសាស្ត្រាចារ្យ បណ្ឌិត KH. Nasaruddin Umar រដ្ឋមន្ត្រីក្រសួងសាសនានៃប្រទេសឥណ្ឌូនេស៊ី និងជាប្រធានមេដឹកនាំសាសនាឥស្លាមនៃវិហារឥស្លាម Istiqlal។ គណៈប្រតិភូកាតូលិកត្រូវបាននាំទស្សនាស្រះអធិស្ឋានចម្បង សិក្សាពីប្រវត្តិសាស្ត្រនៃទីតាំងនេះ ទស្សនារ៉ង់ដាធំដែលមើលឃើញកន្លែងថ្វាយបង្គំទាំងពីរឈរនៅក្បែរគ្នា និងទស្សនាស្គរពិធីបុរាណដ៏ធំ (bedug) ដែលជាស្គរប្រពៃណីឥណ្ឌូនេស៊ី។

ប្រធានមេដឹកនាំសាសនាឥស្លាម Nasaruddin Umar បានសង្កត់ធ្ធន់ថា ជំនឿសាសនាពិតប្រាកដត្រូវតែជម្រុញសាសនិកឱ្យបម្រើមនុស្សជាតិ ជាជាងបង្កើតការបែកបាក់ ដោយលោកបានថ្លែងថា៖ «ការធ្វើជាឥស្លាមសាសនិកដ៏ល្អ ឬកាតូលិកសាសនិកដ៏ល្អ គឺការនាំយកអំពើល្អទៅឱ្យអ្នកដទៃ»។

លោកបានជម្រុញឱ្យសហគមន៍ទាំងពីរធ្វើការរួមគ្នាដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្ស លើកកម្ពស់សន្តិភាព និងមើលឃើញភាពខុសគ្នានៃសាសនាជាឱកាសសម្រាប់ការរៀនសូត្រ និងបំពេញឱ្យគ្នាទៅវិញទៅមក។

កាឌីណាល់អូវ៉ាលដ៍ ហ្គ្រាស៊ីអាស (Oswald Gracias) តំណាងសម្តេចប៉ាប ឡេអូ ទី ១៤ ក្នុងអង្គមហាសន្និបាត បានអរគុណ​​ចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដោយបានកត់សម្គាល់ថា ទាំងព្រះគម្ពីរគ្រីស្តសាសនា និងព្រះគម្ពីរគូរ៉ាន សុទ្ធតែដឹកនាំសាសនិកទៅរកព្រះជាម្ចាស់ និងសន្តិភាព។

លោកបានសង្កត់ធ្ងន់ថា ផ្លូវមិត្តភាព​រូងក្រោមដី​នេះមានតម្លៃលើសពីលក្ខណៈស្ថាបត្យកម្មទៅទៀត «វាជាសាក្សីរស់ដែលបង្ហាញថា មេដឹកនាំសាសនាអាចដើរជាមួយគ្នា សហការគ្នា និងពង្រឹងកម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកក្នុងការកសាងពិភពលោកមួយដែលមានសន្តិភាពជាងមុន»។

សម្រាប់អ្នកចូលរួម FABC ការដើរកាត់ផ្លូវក្រោមដីនេះបានផ្លាស់ប្តូរការពិភាក្សាទ្រឹស្តីរយៈពេលមួយសប្តាហ៍ស្តីពីការស្តាប់ ការរួបរួម និងកិច្ចសន្ទនា ឱ្យទៅជាបទពិសោធន៍ជាក់ស្តែង។ វាបានពង្រឹងនូវចំណុចសំខាន់នៃមហាសន្និបាតថា សម្រាប់ព្រះសហគមន៍​នៅអាស៊ី ស៊ីណូដាល មិនអាចស្ថិតនៅត្រឹមតែផ្ទៃក្នុងនោះទេ វាត្រូវតែរស់នៅក្នុងជីវិតជាក់ស្តែងតាមរយៈមិត្តភាពពិតប្រាកដ កាបោះជំហាន​លើសពី​ព្រំដែនដែលមាន និងកិច្ចសហប្រតិបត្តិការសកម្មជាមួយអ្នកជិតខាងដែលមាន​សាសនាផ្សេងៗ ក្នុង​បរិបទវប្បធម៌ និងសាសនាដ៏សម្បូរបែបក្នុងទ្វីបអាស៊ី៕

Daily Program

Livesteam thumbnail