«ការប្រែចិត្តគំនិតៗៗ» សារដាស់តឿនរបស់លោកកាឌីណាល់អ៊ីញ៉ាស៊ីយ៉ូស ស៊ូហារីយ៉ូ
នៅក្នុងការថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៃមហាសន្និបាតពេញអង្គ FABC កាលពីថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងហ្សាការតា លោកកាឌីណាល់អ៊ីញ៉ាស៊ីយ៉ូស ស៊ូហារីយ៉ូ (Ignatius Suharyo) អភិបាលអគ្គភូមិភាគហ្សាការតា បានថ្លែងសារយ៉ាងច្បាស់ៗថា៖ ការផ្លាស់ប្តូរថ្មីពិតប្រាកដនៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម ចាប់ផ្តើមចេញពីការប្រែចិត្តគំនិតផ្ទាល់ខ្លួន និងជាសហគមន៍ ជាជាងយុទ្ធសាស្ត្រនយោបាយ ឬការផ្លាស់ប្តូររចនាសម្ព័ន្ធ។
លោកកាឌីណាល់ស៊ូហារីយ៉ូ បានសង្កត់ធ្ងន់ថា ដំណើរការស៊ីណូដាលរបស់ព្រះសហគមន៍ និងការពិចារណាលើបញ្ហាសង្គម មានឬសគល់ចេញពីការអំពាវនាវខាងសីលធម៌ដើម្បីដាស់ស្មារតីសាធារណជន មិនមែនជាសកម្មភាពនយោបាយនោះទេ។
ការប្រែចិត្តគំនិតពិតប្រាកដត្រូវតែមានឥទ្ធិពលលើរបៀបដែលថ្នាក់ដឹកនាំបម្រើ ដោយលើកកម្ពស់អាទិភាពចម្បងទាំងបួន៖
- កិត្តិយសរបស់មនុស្ស៖ ការការពារមនុស្សគ្រប់រូបក្នុងនាមជាមជ្ឈមណ្ឌលនៃជីវិតសាធារណៈ និងសង្គម។
- ប្រយោជន៍រួម និងសាមគ្គីភាព៖ ការដោះស្រាយគម្លាតដែលកាន់តែរីកធំរវាងអ្នកមាន និងអ្នកក្រនៅអាស៊ី និងការនៅជាមួយអ្នកដែលសង្គមមិនរាប់រក។
- សុចរិតភាពប្រឆាំងនឹងអំពើពុករលួយ៖ ការលុបបំបាត់អំពើពុករលួយតាមរយៈការផ្លាស់ប្តូរមនសិការ ដោយសារវាប្លន់យកយុត្តិធម៌ និងឱកាសរបស់ប្រជាជន។
- ការថែរក្សាធម្មជាតិ៖ ការប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញបរិស្ថាន ដែលប៉ះពាល់ខ្លាំងជាងគេដល់សហគមន៍ក្រីក្របំផុត។
ការអំពាវនាវនេះមិនត្រឹមតែសម្រាប់ព្រះសហគមន៍កាតូលិកប៉ុណ្ណោះទេ ប៉ុន្តែបានគ្របដណ្តប់លើអ្នកដឹកនាំទាំងអស់ នៅតាមរដ្ឋាភិបាល វិស័យជំនួញ និងសង្គមស៊ីវិល ដោយបបួលពួកគេឱ្យធ្វើសេចក្តីសម្រេចចិត្តដែលផ្អែកលើសុចរិតភាព និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។
ការផ្លាស់ប្តូរប្រកបដោយចីរភាពនៅក្នុងសង្គម និងព្រះសហគមន៍ អាស្រ័យលើចិត្តគំនិតដែលស្ម័គ្រចិត្តទទួលយកការប្រែចិត្តគំនិតពិតប្រាកដ ជាជាងការផ្អែកលើគោលនយោបាយ ឬកម្មវិធីថ្មីៗ៕