សិស្សានុសិស្សមួយក្រុមនៅឥណ្ឌារួបរួមគ្នារៀបចំពិធីលាងជើងឪពុកម្តាយក្រោមគំនិតផ្តួចផ្តើមពិសេសនៅសាលាកាតូលិកឥណ្ឌា
សិស្សានុសិស្សនៃសាលា Krick & Boury Memorial ក្នុងទីក្រុងតេហ្ស៊ូ (Tezu) នៃភូមិភាគមៀវ (Miao) ក្នុងរដ្ឋអរុណាឆាល ប្រាដេស (Arunachal Pradesh) ភាគផ្កាយជើង (ឦសាន) នៃប្រទេសឥណ្ឌា បាននាំគ្នាបង្ហាញនូវការគោរពដឹងគុណដល់ឪពុកម្តាយរបស់ពួកគេ ដោយការប្រារព្ធពិធីលាងជើងក្នុងអំឡុងពេលកម្មវិធីពិសេសមួយ កាលពីថ្ងៃទី ០១ ខែកក្កដា។
គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងសម្រាប់សិស្សថ្នាក់ទី ៨ ដល់ទី ១០ នៅក្នុងបរិវេណសាលា ដោយយុវសិស្សទាំងអស់បានលុតជង្គង់នៅចំពោះមុខឪពុកម្តាយដើម្បីលាងជើង ធ្វើឱ្យឪពុកម្តាយខ្លះរំភើបចិត្តរហូតស្រក់ទឹកភ្នែក។ ពិធីនេះបានបង្ហាញពីការលះបង់ដែលឪពុកម្តាយបានធ្វើចំពោះកូនៗ ខណៈពេលដែលលើកទឹកចិត្តយុវសិស្សឱ្យបង្ហាញការដឹងគុណ និងពង្រឹងទំនាក់ទំនងគ្រួសារ។
លោកបូជាចារ្យ ហ្វេលិច អេនថូនី (Felix Anthony) នាយកសាលា បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងចំណងគ្រួសារ នៅពេលដែលទំនាក់ទំនងពិតប្រាកដរវាងមនុស្សជាតិកំពុងរងការប្រឈមខ្លាំងឡើងដោយសារការរំខានពីបច្ចេកវិទ្យាឌីជីថល។ លោកបូជាចារ្យបានបញ្ជាក់ថា៖ «គំនិតនេះគឺដើម្បីរក្សាទំនាក់ទំនងរវាងមនុស្សនិងមនុស្សឱ្យនៅរស់រវើក»។
លោកបានបន្តថា នៅក្នុងយុគសម័យនៃការញៀនទូរស័ព្ទដៃ យុវជនជាច្រើនមិនបានចាប់អារម្មណ៍ ឬចាត់ទុកសេចក្ដីស្រឡាញ់ និងការលះបង់របស់ឪពុកម្តាយជាធំឡើយ ដោយពួកគេគិតថាវាជារឿងធម្មតា។ ប៉ុន្តែយើងចង់ឱ្យសិស្សានុសិស្សទទួលស្គាល់ការថែទាំដោយគ្មានលក្ខខណ្ឌរបស់ឪពុកម្តាយ ផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនឡើងវិញ និងជួយកសាងគ្រួសារ ក៏ដូចជាសង្គមដែលមានមនុស្សធម៌ជាងមុន។ លោកបានពិពណ៌នាអំពីពិធីនេះថាជាពេលវេលាដ៏រំជួលចិត្តបំផុតមួយ នៅក្នុងកិច្ចបម្រើជាបូជាចារ្យរបស់លោក។
លោកបានបន្ថែមថា ជាទូទៅ ឪពុកម្តាយកម្ររំពឹងថានឹងទទួលបានពាក្យថ្លែងអំណរគុណពីកូនៗណាស់ ប៉ុន្តែទោះជាយ៉ាងណា វាជារឿងសំខាន់ដែលយុវវ័យត្រូវរៀនចេះឱ្យតម្លៃ បង្ហាញសេចក្ដីស្រឡាញ់ និងការគោរពចំពោះឪពុកម្តាយរបស់ខ្លួន។ កាយវិការបែបនេះជួយបណ្ដុះគុណតម្លៃវិជ្ជមាន និងជម្រុញមនុស្សជំនាន់ក្រោយឱ្យយល់ច្បាស់អំពីការលះបង់ និងសារៈសំខាន់របស់ឪពុកម្តាយ៕