អង្គការ WWF រកឃើញសត្វព្រៃកម្រ ជាច្រើនក្បាល ចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និង ស្ទឹងត្រែង

សត្វព្រៃកម្រជាច្រើនប្រភេទត្រូវបានអង្គការ WWF ធ្វើការសិក្សាស្រាវជ្រាវដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែងកាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងមក ។

យោងតាម អង្គការ WWF បានឱ្យដឹងថា៖រាប់ចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្រុមស្រាវជ្រាវជីវៈចម្រុះរបស់ WWF-កម្ពុជា សហការជាមួយអជ្ញាធរមូលដ្ឋាន និងសហគមន៍ បានរៀបចំការងារអង្កេត និងធ្វើជំរឿនសត្វស្លាបសំខាន់ៗដ៏មានតម្លៃរបស់កម្ពុជា។ ជាក់ស្តែងលទ្ធផលទទួលបានក្នុងនេះមានដូចជា៖សត្វត្រយងចង្កំកស ចំនួន ២៩៨ ត្រូវបានកត់ត្រាឃើញនៅទ្រនំចំនួន ២០ (១៩ សំបុកកំពុងវត្តមានសត្វ) ចន្លោះពីថ្ងៃទី១២ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៥។ដោយឡែកសំបុកសត្វត្រដក់តូចចំនួន ១៤ ត្រូវបានកត់ត្រា នៅភូមិអូរកក់ និងភូមស្រែឈូក ខេត្តក្រចេះចន្លោះពីថ្ងៃទី១៨ដល់១៩ ខែកញ្ញា ឆ្នាំ២០២៥។

ប្រភពខាងលើនេះបានឱ្យដឹងដែរថា តាមរយៈការអង្កេត និងជំរឿននាពេលនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការតាមដានស្ថានភាព និងចំនួន សត្វស្លាប និងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពអភិរក្ស ដើម្បីការពារសត្វស្លាបទាំងនោះ។

ដោយឡែកនៅក្នុងទិវាទីជម្រកពិភពលោកនា ឆ្នាំនេះដែរ អង្គការ WWF ឱ្យដឹងថា”យើងបន្តចូលរួមលើកកម្ពស់ និងគាំទ្រនូវសារៈសំខាន់នៃទីជម្រកធម្មជាតិដ៏រឹងមាំទាំងអស់ រាប់ចាប់ពីធនធានព្រៃឈើ រហូតដល់ទន្លេ បឹងបួរ ដែលជាមូលដ្ឋានសម្រាប់ការរស់នៅ ដែលមិនអាចខ្វះបានសម្រាប់ជីវិតទាំងអស់នៅក្នុងធម្មជាតិ និងសហគមន៍។

អង្គការ WWF-កម្ពុជាបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនថានឹង បន្តកិច្ចសហការយ៉ាងរឹងមាំជាមួយដៃគូរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីការពារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូស៊ីដ៏សំខាន់ទាំងនេះ ដើម្បីធានាថា សត្វព្រៃលើដី និងក្នុងទឹកមានទីជម្រកសុវត្ថិភាព៕

Daily Program

Livesteam thumbnail