អង្គការសហប្រជាជាតិធ្វើការព្រមានថា ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ឬគោលដៅ ១,៥°C ទទួលបរាជ័យ
ជាមួយរបាយការណ៍មួយដែលចង្អុលបង្ហាញអំពីការមិនអាចសម្រេចការរីកចម្រើនបានច្រើន រយៈពេលមួយឆ្នាំមកហើយ អង្គការសហប្រជាជាតិ ព្រមានថា សកម្មភាពអាកាសធាតុរបស់រដ្ឋនានាៗ ត្រូវតែបោះជំហានឲ្យបានវែងទៅមុខនៅប៉ុន្មានខែទៀត បើមិនដូច្នេះ សេចក្តីសង្ឃឹមរក្សាការកើនកម្តៅផែនដីនៅក្រោម ១,៥°C នឹងទទួលបរាជ័យឆាប់ៗ”។
អគ្គលេខាអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានថ្លែងថា ៖ “យើងលេងជា មួយភ្លើង។ ប៉ុន្តែក៏គ្មានពេលវេលាដើម្បីបាត់បង់ទៀតដែរ” ដោយសារតែគ្រប់កន្លែងនៅលើ ពិភពលោក ប្រជាជនបានទទួលរងការបាត់បង់ធ្ងន់ធ្ងររួចហើយ សម្រាប់ការមិនមាន សកម្មភាពប្រឈមដោះស្រាយទៅនឹងការកើនកម្តៅអាកាសធាតុ។
យោងតាមរបាយការណ៍ថ្មី នៃកម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន (PNUE) ដែលផ្សព្វផ្សាយមិនដល់មួយខែផងមុនសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៩ នៅប្រទេសអាហ៊្សែបៃហ្សង់ បានឲ្យដឹងថា នយោបាយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលដាក់ចេញសព្វថ្ងៃនេះដោយប្រទេសនានា នៅតែអាចបង្កឲ្យមានការកើនកម្តៅដ៏មហន្តរាយ ៣,១°C នៅសតវត្សនេះ បើប្រៀបធៀបនឹងយុគសម័យមុនឧស្សាហកម្ម។
ដោយរួមបញ្ចូលរាល់ការសន្យាដើម្បីធ្វើឲ្យប្រសើរឡើង រួមទាំងការសន្យាថា ប្រទេសអភិវឌ្ឍត្រូវទទួលលក្ខខណ្ឌឲ្យផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកវិទ្យា សីតុណ្ហភាពពិភពលោកក៏នឹងហក់ឡើង ២,៦ °C ដែរ។ ដូច្នេះវានឹងហុចផលជាការផ្លាស់ប្តូរដែលមិនអាចជួសជុលបាន។ ការផ្លាស់ប្តូរទាំងនេះ មានដូចជា ការរលាយនូវផ្ទាំងទឹកកកធំៗ ការកើនឡើងដែលមិនអាចគ្រប់គ្រងបាននូវកម្ពស់សមុទ្រ និងការរីកធំធាត់នៃបាតុភូតខាងឧតុនិយមខ្លាំងៗហួសហេតុជាដើម។
លោកស្រីអ៊ីនហ្គើ អេនឌើសេន នាយិកាប្រតិបត្តិនៃ PNUE ព្រមានថា ៖ “យើងត្រូវការប្រមូលផ្តុំកម្លាំងជាលក្ខណៈសកល និងក្នុងចង្វាក់មិនដែលមានពីមុនដើម្បីធ្វើការងារចាប់ពីឥឡូវ ឬបើមិនអីចឹង គោលដៅ ១,៥ °C នឹងទទួលបរាជ័យឆាប់ៗ”។
អង្គការសហប្រជាជាតិវាយតម្លៃថា ដើម្បីបញ្ចៀសមិនឲ្យឆ្លងហួសកម្រិតដែលដាក់ចេញដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋនានាត្រូវតែសន្យាជាសមូហភាពដើម្បីកាត់បន្ថយឲ្យបាន ៤២% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ពីពេលនេះ ទៅដល់ ឆ្នាំ២០៣០ និង ៥៧% ពីពេលនេះទៅដល់ឆ្នាំ២០៣៥។ អង្គការសហប្រជាជាតិបញ្ជាក់ថា ដើម្បីឈានទៅសម្រេចរឿងនេះ ប្រទេសនានាត្រូវបោះជំហានឲ្យបានឆ្ងាយ ដែលត្រូវដើរតាមផែនទីបង្ហាញផ្លូវរបស់អង្គការសហប្រជាជាតិពីពេលនេះរហូតដល់ខែកុម្ភៈ។ មហិតានេះ នៅត្រឹមឆ្នាំ២០៣៥ ត្រូវតែដាក់ចេញឲ្យដំណើរការភ្លាមៗ។
លោកហ្គូទែរ៉េស ធ្វើការសង្ខេបថា ៖ “យើងដើរលើខ្សែដ៏តឹងនៅកម្រិតពិភពលោក។ ឬមួយ មេដឹកនាំនានាអាចសម្រេចបំពេញចន្លោះប្រហោងនៃការទប់ស្កាត់ការបំភាយ ឬមួយយើងត្រូវជ្រមុជក្បាលទៅក្នុងគ្រោះមហន្តរាយអាកាសធាតុ ដែលប្រជាជនក្រីក្របំផុត និងជនងាយរកគ្រោះ នឹងទទួលការឈឺចាប់បំផុត”។
លោកស្រីអាណេ អូលហូហ្វ នាយិកាវិទ្យាសាស្រ្តនៃរបាយការណ៍ បញ្ជាក់ថា ភាពបន្ទាន់គឺកាន់តែធំជាងឆ្នាំមុន។ មិនមានអ្វីធំដុំប្រែប្រួលទេ និងមានការរីកចម្រើនតិចតួចណាស់ដើម្បីធ្វើឲ្យសម្រេចគោលដៅសម្រាប់ឆ្នាំ២០៣០។
លោកស្រីត្រាស៊ី កាទី មកពីអង្គការ ហ្គ្រ៊ីនភីសអន្តរជាតិ បានប្រតិកម្មថា របាយការណ៍អាកាសធាតុ គឺជាការរំឭកជាប្រវត្តិសាស្រ្តនៃភាពធ្វេសប្រហែសរបស់មេដឹកនាំនានានៅលើពិភពលោកទាំងមូលដើម្បីប្រឈមដោះស្រាយនឹងវិបត្តិអាកាសធាតុជាមួយនឹងភាពបន្ទាន់ចាំបាច់”។