ការសិក្សាស្រាវជ្រាវដំបូងស្តីពីផ្កាថ្មនៅជុំវិញកោះអាចម៍សេះ ត្រូវបានបោះពុម្ពចុះផ្សាយ
អង្គការអភិរក្សសមុទ្រកម្ពុជា MCC បានបញ្ជាក់នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា ការសិក្សាស្រាវជ្រាវដំបូងស្តីពីផ្កាថ្មនៅជុំវិញកោះអាចម៍សេះ នៃតំបន់គ្រប់គ្រងជលផលសមុទ្រ ប្រជុំកោះកែប ត្រូវបានបោះពុម្ពចុះផ្សាយជាផ្លូវការនាពេលថ្មីៗនេះហើយ។
គម្រោងការសិក្សាស្រាវជ្រាវដំបូងស្តីពីផ្កាថ្មត្រូវបានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ដែលជាកម្មវិធីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលនិស្សិតខ្មែរ របស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)។ នៅឆ្នាំដដែលនោះ មាននិស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមជាអ្នកហាត់ការស្រាវជ្រាវ ដោយមានការគាំទ្រពីអង្គការ MCC។
ក្នុងអំឡុងពេលហាត់ការក៏ទទួលបានការហ្វឹកហាត់ជំនាញជ្រមុជទឹក ដើម្បីចុះធ្វើការសិក្សាស្រាវជ្រាវដោយផ្ទាល់នៅកោះអាចម៍សេះ។ យោងតាមការសិក្សានេះបានរកឃើញ និងកត់ត្រានូវផ្កាថ្មរស់ចំនួន៤១០កូឡូនី ក្នុងនោះផ្កាថ្មងាប់មានតែ៤ភាគរយប៉ុណ្ណោះ។
ការរកឃើញពេលនេះបង្ហាញពីស្ថានភាពផ្កាថ្មនៅក្នុងតំបន់កោះអាចម៍សេះនៅមានសុខភាពល្អ ដែលបានសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការអភិរក្សក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រខេត្តកែបនេះ។ ក្រោមការគ្រប់គ្រងរួមគ្នារវាងរដ្ឋបាលជលផល និងអង្គការ MCC ក្នុងការរួមចំណែកថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទើបទទួលបានលទ្ធផលជាវិជ្ជមាននេះ៕



Daily Program
