ឥណ្ឌូនេស៊ី ចាប់យកការគ្រប់គ្រងមួយផ្នែកដ៏ធំបំផុតនៃរ៉ែនីកែលពិភពលោក

មន្រ្តីឥណ្ឌូនេស៊ី បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចាប់យកការគ្រប់គ្រងមួយផ្នែកដ៏ធំបំផុតនៃរ៉ែនីកែលពិភពលោក ដែលមួយផ្នែកកាន់ដោយមិនផ្ទាល់ដោយក្រុមហ៊ុនរ៉ែបារាំង អេរ៉ាម៉េត។ ការដកហូតដីគឺដោយសារហេតុផលមិនមានអាជ្ញាបណ្ណព្រៃឈើ។
ក្រុមហ៊ុនយករ៉ែ វ៉េដា បេ នីកែល ត្រូវបានរិះគន់អំពីឥទ្ធិពលរបស់វាទៅលើព្រៃឈើនៅតំបន់ជុំវិញ ដែលលាតសន្ធឹងលើផ្ទៃដី ៤៥០០០ ហិកតា នៅលើកោះហាល់ម៉ាហេរ៉ា ជាផ្នែកមួយនៃប្រជុំកោះម៉ូលូកភាគខាងជើង ប្រទេសឥណ្ឌូនេស៊ី។
លោកអាណាង ស៊ូព្រីយ៉ាតណា អ្នកនាំពាក្យនៃការិយាល័យអគ្គរដ្ឋអាជ្ញាឥណ្ឌូនេស៊ី បានថ្លែងថា ពីពេលនេះទៅ អាជ្ញាធរបានដកហូតផ្ទៃដីជិត ១៥០ហិកតា ដែលលាតសន្ធឹងលើតំបន់ព្រៃឈើដោយគ្មានការអនុញ្ញាត។ លោកបានបន្ថែមថា ៖ “អាជ្ញាធរបានចាប់យការគ្រប់គ្រងលើតំបន់នោះ និងផ្ទៃដីនោះនឹងត្រឡប់មកក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល”។
ក្រុមហ៊ុន វ៉េដា បេ នីកែល (WBN) គឺជាក្រុមហ៊ុនរួមគ្នារវាងក្រុមហ៊ុនឥណ្ឌូនេស៊ី អានតាម និងក្រុមហ៊ុនសិង្ហបុរី ស្រ្តេន មីណេរ៉ាល់ដែលមានម្ចាស់ភាគហ៊ុន ក្រុមហ៊ុនបារាំង អេរ៉ាម៉េត និងក្រុមហ៊ុនយក្សស្លលោហៈរបស់ចិន ត្ស៊ីនស្ហ៉ាន។
នៅក្នុងសេចក្តីប្រកាសមួយ ក្រុមហ៊ុន អេរ៉ាម៉េត បានឲ្យដឹងថា តំបន់ដែលត្រូវបានដកហូត គឺជាគឺជាកន្លែងទាញធ្វើអាជីវកម្មរ៉ែសម្ភារៈសំណង់ ហើយប្រតិបត្តិការទាញយករ៉ែមិនត្រូវបានប៉ះពាល់ទេ។
ពីពេលនេះទៅ រដ្ឋាភិបាលឥណ្ឌូនេស៊ីតែងពិនិត្យការរំលោភដែលអាចមានជាយថាហេតុលើច្បាប់ព្រៃឈើនៅក្នុងដែនដីជាច្រើនទៀត មានជាអាទិ៍ ដីចំការដូងប្រេង និងរ៉ែ។
ក្រុមហ៊ុន វ៉េដា បេ នីកែល ត្រូវបានប្រាប់ឲ្យដឹងថាតំណាងឲ្យ ១៧% នៃផលិតកម្មនីកែលរបស់ពិភពលោកនៅឆ្នាំ២០២៣។ ការទាញយកធ្វើអាជីវកម្មនៅទីតាំងគឺជាកម្មវត្ថុនៃការរិះគន់ជាញឹកញាប់ក្នុងហេតុផលថាមានគ្រោះថ្នាក់ ដែលការទាញធ្វើអាជីវកម្មរ៉ែ ដាក់ទម្ងង់លើព្រៃ និងការរស់រានមានជីវិតនៃកុលសម្ព័ន្ធជនជាតិដើម ដែលរស់នៅទីនោះ គឺ ជនជាតិ ហុងហ្គ៉ាណា ម៉ានយ៉ាវ៉ាជាដើម។ ការស៊ើបអង្កេតដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានបារាំង កាលពីខែមិថុនា ឆ្នាំ២០២៥ ក៏បានបង្ហាញអំពីឥទ្ធិពលលើសមាជិកនៃជនជាតិនេះផងដែរ។
ហុងហ្គ៉ាណា ម៉ានយ៉ាវ៉ា គឺជាជនជាតិដើមចុងក្រោយមួយក្នុងចំណោមជនជាតិដើមទាំងឡាយដែលរស់នៅដោយការប្រមាញ់ និងបេះផ្លែឈើ និងពួកគេត្រាច់ចរនៅប្រទេសឥណ្ឌូនេស៊ី។ ជនជាតិហុងហ្គ៉ាណា ម៉ានយ៉ាវ៉ា បញ្ជាក់ថា ព្រៃឈើដែលពួកគេអាស្រ័យផលរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត និងជ្រកនៅ ត្រូវបានបំផ្លាញដោយការកាប់បំផ្លាញ និងការធ្លាក់ថយចុះគុណភាពបរិស្ថានដោយសារតែការធ្វើអាជីវកម្មរ៉ែ។
ក្រុមហ៊ុន វ៉េដា បេ នីកែល បដិសេធការចោទប្រកាន់ និងបញ្ជាក់ថា ខ្លួនសន្យាជាគុណប្រយោជន៍សម្រាប់ការទាញយករ៉ែ ជាមួយការទទួលខុសត្រូវ និងការការពារបរិស្ថាន។
ចំណែកសកម្មជនសម្រាប់ការការពារបរិស្ថានវាយតម្លៃថា ការដកហូតដីនេះមិនបានធ្វើឲ្យប្រែប្រួលធំដុំលើឥទ្ធិពលដ៏ធំធេងនៃដីសម្បទានសម្រាប់សហគមន៍ក្នុងតំបន់នោះទេ។ ពួកគេជំរុញឲ្យរដ្ឋាភិបាលប្រគល់ដីដែលដកហូតទៅឲ្យអ្នកតាំងទីលំនៅក្នុងតំបន់ដែលពាក់ព័ន្ធ។
រ៉ែនីកែល គឺស្ថិតនៅជាបេះដូងនៃយុទ្ធសាស្រ្តនៃកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដែលបានហាមឃាត់ការនាំចេញរ៉ែនៅឆ្នាំ២០២០ក្នុងគោលដៅវាយតម្លៃគ្រប់គ្រងវាឲ្យបានល្អ។ ប្រទេសឥណ្ឌូនេស៊ីគឺជាផលិតករធំបំផុតរបស់ពិភពលោកសម្រាប់រ៉ែនីកែលផង និងក៏មានស្តុករ៉ែនេះដ៏ធំបំផុតដែលត្រូវបានគេរកឃើញរួចហើយ។ យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ការទាញធ្វើអាជីវកម្មរ៉ែ ដែលគ្របដណ្តប់ដោយរ៉ែធ្យូងថ្ម និងនីកែល តំណាងឲ្យជិត ៩%នៃ GDP របស់ប្រទេសឥណ្ឌូនេស៊ីនៅត្រីមាសទី១ នៃឆ្នាំ២០២៥។
Daily Program
