អង់តាក់ទិក អាណាចក្រឧទ្ទិសសម្រាប់វិទ្យាសាស្រ្ត តើនៅតែស្ថិតជាទ្វីបនៃសន្តិភាពឬយ៉ាងណា?
វិសាលភាពដ៏ធំធេងនៃផ្ទាំងទឹកកកនៅប៉ូលខាងត្បូង ទ្វីបអង់តាក់ទិកសព្វថ្ងៃត្រូវបានការពារដោយលក្ខន្តិកៈពិសេសនៅលើពិភពលោកដែលប្រទេសប្រមាណ ៦០ បានព្រមព្រៀងគ្នា និងធានាសន្តិភាព និងទុកទ្វីបនេះជាអាទិភាពសម្រាប់វិទ្យាសាស្រ្ត។ ប៉ុន្តែតើស្ថានភាពនេះអាចស្ថិតស្ថេរដល់ពេលណា?
ទ្វីបទឹកកកដែលមានផ្ទៃដី ១៤លាន គម២ ធំជាងទ្វីបអឺរ៉ុប ត្រូវបានការពារដោយសន្ធិសញ្ញាអង់តាកទិកដែលចុះហត្ថលេខាដោយប្រទេសប្រមាណ ១២ ហើយសព្វថ្ងៃមានប្រទេសចំនួន ៥៨ គឺជាសមាជិក។ សន្ធិសញ្ញាបានទុកទ្វីបនេះជាផ្ទៃដីសម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត និងសន្តិភាព ព្រមទាំងបង្កកនូវការទាមទារទឹកដីទាំងឡាយ។ សន្ធិសញ្ញាចែងថា ទ្វីបអង់តាកទិកមិនត្រូវបានប្រើប្រាស់ លើកលែងតែដើម្បីគោលបំណងសន្តិភាព និងបង្ហាញចេញនូវសេរីភាពនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងកិច្ចសហប្រតិបត្តិការនៅក្នុងន័យនេះ។
លោកយ៉ាន រ៉ូពែ កូឌែ អ្នកសិក្សាស្រាវជ្រាវ និងជាអតីតនាយកនៃវិទ្យាស្ថានតំបន់ប៉ូលរបស់បារាំង បានបញ្ជាក់ថា គឺនៅទីនោះដែលកម្ពស់ទឹកសមុទ្រត្រូវបានកើនឡើង ហើយនៅទីនោះដែលបញ្ជាក់អំពីការប្រែប្រួលអាកាសធាតុពិភពលោក។”
ទ្វីបអង់តាកទិក ប្រមូលផ្តុំទឹកសាបពិភពលោកប្រមាណ ៩០%។ ដើម្បីធ្វើការតាមដាននូវការមិនគោរពដែលអាចកើតមានជាយថាហេតុពីបណ្តាលប្រទេសសមាជិកហត្ថលេខី រដ្ឋមួយចំនួនបានអនុវត្តការត្រួតពិនិត្យភ្លាមៗលើស្ថានីយរបស់ប្រទេសផ្សេងៗទៀតជាប្រចាំ ដូចដែលកិច្ចព្រមព្រៀងបានអនុញ្ញាត។
ប្រទេសជាង ៣០ បានធ្វើប្រតិបត្តិការនៅក្នុងមូលដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធជាង ១០០ ដែលមាននៅទីនោះសព្វថ្ងៃ។
កុំណាប់ (COMNAP) គឺជាសមាគមអន្តរជាតិដែលប្រមូលផ្តុំរដ្ឋនៅលើទ្វីប និងធ្វើជំរឿនស្ថានីយ៍សិក្សាស្រាវជ្រាវអចិន្រ្តៃយ៍ តាមរដូវ និងហេដ្ឋរចនាសម្ព័ន្ធតូចៗ ដទៃទៀត។ កុំណាប់រាយការណ៍ឲ្យដឹងថា ប្រទេសខ្លះគឺមានវត្តមានច្រើនណាស់ ដូចជា សហរដ្ឋអាម៉េរិក ជាមួយនិងហេដ្ឋរចនាសម្ព័ន្ធ ៧ រុស្ស៊ី ១១ អាហ្សង់ទីន ១៣ និងឈីលី ១៤។ ប្រទេសតូចៗផ្សេងទៀត ក៏បានបង្កើតមូលដ្ឋានរៀងៗខ្លួនផងដែរ ដូចជា ប្រទេសបេឡារុស ប៊ុលហ្គារី និងអ៊ុយក្រែនជាដើម។ ប្រទេសបារាំងបានបោះទីតាំងនៅតំបន់ភាគខាងកើតទ្វីបអង់តាកទិក ដោយមានស្ថានីយ៍ ឌូម៉ុង ឌៀវីល (Dumont d’Urville) ស្ថិតនៅតាមឆ្នេរ និងស្ថានីយ៍ កុងក័រឌៀ (Concordia) នៅក្នុងទ្វីប ដែលស្ថានីយ៍ក្រោយនេះ ប្រទេសបារាំងធ្វើការងាររួមជាមួយប្រទេសអ៊ីតាលី។
នៅក្នុងយុគសម័យដែលកំពុងមានការបាត់បង់សណ្តាប់ធ្នាប់ភូមិសាស្រ្តនយោបាយពិភពលោក និងបំណងចង់ដណ្តើមកាន់កាប់ទឹកដីរបស់សហរដ្ឋអាម៉េរិកនៅកោះហ្គ្រ៊ូអេនឡេន និងការបើកផ្លូវពាណិជ្ជកម្មសមុទ្រទៅកាន់ទ្វីបអាកទិកនៅពេលផ្ទាំងទឹកកករលាយ បញ្ហានៃការប្រើកម្លាំងបាយដណ្តើមយកបានចោទឡើងនៅតំបន់ប៉ូលខាងត្បូង។
ឯកអគ្គរដ្ឋទូតបារាំងសម្រាប់តំបន់ប៉ូល លោកអូលីវីយ៉េ ព័រវ្រ៍ ដាកវ័រ (Olivier Poivre d’Arvor) បានធ្វើការវិភាគថា ការអភិវឌ្ឍរបស់ចិននៅក្នុងតំបន់អង់តាកតិក ក៏ដូចជាការប្រឆាំងពីទីក្រុងមូស្គូ និងទីក្រុងប៉េកាំងសម្រាប់ការបង្កើតតំបន់សមុទ្រដែលត្រូវការពារថ្មី បានបង្ហាញជាផ្នែកនៃសញ្ញាឲ្យឃើញភាពខ្សោយដែលអាចគំរាមដល់លក្ខន្តិកៈនៃទ្វីបនាពេលអនាគត។
លោកស្រីអានណា វ៉ាលីន ដែលជាសហប្រធានជនជាតិស៊ុយអែតនៃគណៈកម្មាធិការវិទ្យាសាស្រ្តនៃការសិក្សាស្រាវជ្រាវទ្វីបអង់តាកទិក ដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិនៃការសិក្សាស្រាវជ្រាវលើទ្វីបនេះ បានកត់សម្គាល់ថា ប្រទេសចិនមិនដែលលាក់បាំងចំណាប់អារម្មណ៍អំពីផលប្រយោជន៍នៃធនធាធធម្មជាតិនៃទ្វីបអង់តាកទិកនោះឡើយ។