ព្រៃត្រូពិកអាចនឹងដុះដាលឡើងវិញលឿនជាងអ្វីដែលគេធ្លាប់ជឿជាក់

កាលពីមុនអ្នកវិទ្យាសាស្រ្តជឿថា គេត្រូវការយ៉ាងហោចណាស់មួយសតវត្សដើម្បីឲ្យសត្វ និង រុក្ខជាតិដុះដាលឡើងវិញលើផ្ទៃដីដែលបានកាប់ឈើបំផ្លាញហើយនៅតំបន់ត្រូពិក។ ចំណែក​ការសិក្សាថ្មីៗ បង្ហាញថា ប្រព័ន្ធបរិស្ថានអាចនឹងស្តារឡើងវិញ​នៅប៉ុន្មានទសវត្សប៉ុណ្ណោះ។

លោកទីម៉ូ ម៉េតហ្ស៍ អ្នកសិក្សាស្រាវជ្រាវក្រោយបណ្ឌិតនៅសកលវិទ្យាល័យកាលីហ្វ័រនី នៅ​រដ្ឋ​ឡូអេនចឺឡេស សហរដ្ឋអាម៉េរិក និងជាអ្នកតាក់តែងសំខាន់នៃការសិក្សា ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុងព្រឹត្តិបត្រធម្មជាតិ បានថ្លែងថា ៖ ”រឿងនេះគឺជាការភ្ញាក់ផ្អើល​ដ៏ខ្លាំងក្លា​សម្រាប់​យើងទាំងអស់គ្នា។ មិនមាននរណាម្នាក់ក្នុង​ចំណោមពួកយើងរំពឹង​អំពីការដុះដាល​ឡើង​វិញយ៉ាងគួរឲ្យភ្ញាក់ផ្អើល និងរហ័សដូច្នេះទេ។”

ព្រៃត្រូពិកបានបាត់បង់នៅក្នុងចង្វាក់ដ៏គួរឲ្យប្រកាសអាសន្នចាប់តាំងពីមួយសតវត្សមកហើយ ហើយផ្ទៃដីជាច្រើនលានហិចតាបានឆេះ និងរងការកាប់បំផ្លាញដល់ឫកគល់អស់ជាច្រើន​រៀង​រាល់ឆ្នាំ​ដើម្បី​ទាញ​​យកផលព្រៃឈើ។ នៅឆ្នាំ២០០៤ ចង្វាក់នៃការបាត់បង់ព្រៃ ស្មើនឹងតារាង​បាល់ទាត់ចំនួន ១៨ ជារៀងរាល់ ១នាទី។

ប៉ុន្តែ គេវាយតម្លៃថា ផ្ទៃដីរាប់រយលានហិចតា​ដែលត្រូវបានកាប់ឈើរួចហើយ ក៏កំពុងដុះដាល​ឡើងវិញ។ អ្នកវិទ្យាសាស្រ្ត បានវាយតម្លៃជាទូទៅថា គេត្រូវការជាង ១សតវត្ស ដើម្បីឲ្យដើម​ឈើ និងរុក្ខជាតិ គ្របដណ្តប់ពេញលេញឡើងវិញលើព្រៃពីមុន ដែលនៅមិនទាន់មានការ​ប៉ះពាល់។ ជាយូរមកហើយ គេសន្មត់ថា គេក៏ត្រូវការពេលវេលាច្រើនដែរដើម្បីឲ្យពពួកសត្វ​អាច​វិល​ត្រឡប់​មកវិញ។

ទោះបីជាយ៉ាងណា ការសិក្សាថ្មីសន្និដ្ឋានថា វាមិនមែនជាករណីចាំបាច់ទេ។ លោកម៉េតហ្ស៍ បាននិយាយថា ៖ “គេរំពឹងលើអ្វីដែលថា ព្រៃឈើ ត្រូវ​ដុះដាលឡើងវិញមុននឹងសត្វវិល​ត្រឡប់​មក​​រស់​នៅ។ ប៉ុន្តែ​តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល សត្វជាច្រើន បានកកើតឡើងវិញ​លឿន​ជាង​​ដើម​​ឈើដុះ​ដាលទៅទៀត។”

គម្រោងនៃការសិក្សាស្រាវជ្រាវ ដែលដឹកនាំធ្វើនៅក្នុងកន្លែងបម្រុងធម្មជាតិ​នៅប្រទេស​អេក្វាទ័រ តំណាងឲ្យការចាប់ផ្តើមដ៏សម្បើម​ និងមានការគៀងគរអ្នកវិទ្យាសាស្រ្តជាង ១០នាក់ ដែល​មានជំនាញ​​ចម្រុះផ្សេងៗ។

ក្នុងរយៈពេល ៤ឆ្នាំ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានសិក្សាលើ សត្វ និងរុក្ខជាតិ ១៦ក្រុម មាន​ជា​អាទិ៍ ប្រជៀវ សត្វល្អិត ថនិកសត្វលើដី កង្កែប បក្សី បាក់តេរី ដើមឈើ និងដំណាំតូចៗ នៅក្នុង​ទីតាំង​ចំនួន ៤៥ នៅក្នុងព្រៃដែលកំពុងដុះដាលឡើងវិញ បន្ទាប់មកបានប្រៀបធៀប​ពួកវាទៅ​នឹង​ព្រៃដែលចាស់ និងមិនរងផលប៉ះពាល់ចំនួនប្រមាណ ១២កន្លែង។ មួយៗ នៃទីតាំងដី​ទាំងនេះ​ដែលកំពុងដុះដាលឡើងវិញ ក្រោយពីមានការបំផ្លាញរួច តែពួកវាស្ថិតនៅក្នុង​ដំណាក់​​កាល​ខុសៗគ្នានៃការលូតលាស់ឡើងវិញផងដែរ។

ការជ្រើសរើសតំបន់សិក្សាទាំងនេះ បានទាមទារពេលច្រើនឆ្នាំ​សម្រាប់ការស្ទាបស្ទង់មើល ដោយ​ការដើរកាត់តាមព្រៃត្រូពិច ការសម្ភាសន៍ជាមួយប្រជាជន និងការពិនិត្យមើលទិន្នន័យ​ពីផ្កាយ​រណប។  នៅពេល អ្នកស្រាវជ្រាវត្រូវការកន្លែងស្នាក់ និងមន្ទីរពិសោធន៍។ អង្គការ​ហ្វាន់ដាស្យុង ចូកូតូកូ (Fundación Jocotoco) ដែលជាស្ថាប័នមិនរកប្រាក់ចំណេញ និងមាន​បំណង​អភិរក្សព្រៃត្រូពិចនៅអេក្វាទ័រ ក៏បានសាងសង់ស្ថានីយ៍ស្រាវជ្រាវមួយ​នៅ​កណ្តាល​តំបន់​សិក្សា។

លោកស្រី នីណា ហ្គ្រឺឡា ដែលជាបណ្ឌិត​នៅសកលវិទ្យាល័យ បេរឺថ នៅប្រទេសអាឡឺម៉ង់ និង​ជាអ្នកសហតាក់តែងនិពន្ធអត្ថបទសិក្សា បានរៀបរាប់ថា ៖ “នៅឆ្នាំ២០២១ នៅពេល​គម្រោង​ការចុងក្រោយបានដំណើរការ គ្រែទាំងអស់នៅក្នុង​ស្ថានីយ៍​មានអ្នក​ស្នាក់នៅ ហើយ​កន្លែងក្នុងមន្ទីរពិសោធន៍ក៏ពេញទាំងអស់ដែរ។

Daily Program

Livesteam thumbnail