ហេតុអ្វីពាក់កណ្តាលនៃប្រព័ន្ធបរិស្ថានព្រៃកោងកាងរងហានិភ័យនឹងស្រុតចុះ?
ព្រៃកោងកាងបានទទួលរងការគម្រាមកំហែងនៅក្នុងវិសាលភាពដ៏ធំនៅលើពិភពលោក។
ការគំរាមកំហែងដ៏សំខាន់ ដែលសង្កត់ធ្ងន់ទៅលើព្រៃកោងកាងគឺការបំពុល ការកសាងទំនប់ ការកាប់បំផ្លាញព្រៃឈើ ឬក៏ការឡើងកម្តៅអាកាសធាតុ ដែលបង្កបានជាកើនកម្ពស់ទឹកសមុទ្រ និងជន់លិចព្រៃកោងកាង។ យោងតាមការវាយតម្លៃរបស់សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ UICN បានឲ្យដឹងថា ២៥% នៃផ្ទៃដីគ្របដណ្តប់ព្រៃកោងកាងពិភពលោកនឹង ត្រូវលិចនៅ ៥០ឆ្នាំ ខាងមុខ។
នៅប្រទេសហុងដុយរ៉ាស ការចិញ្ចឹមបង្កងបានបង្កជាការថយចុះនូវព្រៃកោងកាង។ នៅក្នុង ឈូសមុទ្រហ្វុនសេកា ឆ្នេរប៉ាស៊ីហ្វីក ការចិញ្ចឹមជាលក្ខណៈឧស្សាហកម្ម បានចាប់ផ្តើមនៅក្នុង ទសវត្សឆ្នាំ១៩៧០ នៅក្នុងបរិបទអន្តរជាតិនៃការកើនឡើងនៃតម្រូវការបង្កង។ ដូច្នេះ បង្កង ៣៦០០០ តោន ត្រូវបានផលិតនៅឆ្នាំ២០២៣ ដែលធ្វើឲ្យប្រទេសហុងដុយរ៉ាស ក្លាយជា ប្រទេសនាំចេញបង្កងទី៥នៅលើពិភពលោក។ ផលិតកម្មបង្កងដ៏សម្បើមនេះ ចូលរួមឲ្យមានការកាប់ព្រៃកោងកាងនៅជុំវិញឈូងសមុទ្រហ្វុនសេកា ដែលផ្ទៃដីព្រៃប្រើប្រាស់សម្រាប់ការចិញ្ចឹមបង្កង បានកើនឡើងជិត ៤០ ដង ចាប់តាំងពីឆ្នាំ១៩៨៦ ដែលឈានដល់ ២៤៥០០ ហិចតា។
ឧស្សាហកម្មផលិតបង្កង មិនមែនជាអ្នកទទួលខុសត្រូវតែមួយនៃការកាប់ព្រៃកោងកាងទេ ប៉ុន្តែវាក៏ធ្វើឲ្យបាត់បង់ពូជសត្វខ្លះ។ មូលហេតុគឺការបូមទឹក ដែលមានកំណក់កករដែលសម្បូរដោយអាហ្ស៉ូត ហ្វ៉ូស្វាត និងសារជាតិសរីរាង្គ ដែលមានប្រភពពីទឹកសាបហូរចូលសមុទ្រ រយៈពេល ៥០ឆ្នាំ ដើម្បីចិញ្ចឹមបង្កង។
កាលពីមុន ការប៉ុនប៉ងអភិរក្សលំហព្រៃបានកើតមានឡើង។ នៅឆ្នាំ ២០០០ ដីទាំងអស់ដែលនៅជុំវិញឈូងសមុទ្រ ត្រូវបានចាត់ថ្នាក់ជាតំបន់សើមដ៏មានសារសំខាន់សម្រាប់អន្តរជាតិ និងត្រូវបានការពារដោយសន្ធិសញ្ញារ៉ាមសារ ដែលចុះហត្ថលេខានៅឆ្នាំ១៩៧១ ប៉ុន្តែត្រូវប្រគល់មកវិញដោយការទាមទាររបស់អ្នកនេសាទ។
លោកចាកូបូ ប៉ាហ្ស៍ បូដដិន រដ្ឋលេខាធិការក្រសួងកសិកម្មហុងឌុយរ៉ាស នៅឆ្នាំ២០១៤ បានសរសរថា រឿងនេះបង្កឲ្យមានការបាត់បង់ព្រៃកោងកាងរហូតដល់ ៥០% នៃផ្ទៃដីសរុប ដោយសារការកាប់ខុសច្បាប់ ការខ្វះខាតការគ្រប់គ្រង ជម្លោះផលប្រយោជន៍ និងអំពើពុករលួយ។
លោកឡាក់គី ម៉េឌីណា សព្វថ្ងៃជារដ្ឋលេខាធិការក្រសួងបរិស្ថាននៃប្រទេសហុងឌុយរ៉ាស និយាយគាំទ្រថា បញ្ហានេះបានផ្លាស់ប្តូរនៅពេលការឡើងកាន់អំណាចរបស់ប្រធានាធិបតី ហ្ស៊ីយ៉ូម៉ារ៉ា កាសត្រូ នៅឆ្នាំ២០២២ និងនិយាយដែរថា ចំនួនអ្នកគ្រប់គ្រងបានកើនឡើង ៥០% នៅក្នុងមួយឆ្នាំ។
ចំណែកនៅប្រទេសនីហ្សេរីយ៉ា ការអភិរក្ស ព្រៃកោងកាង គឺជាប្រធានបទដ៏គួរឲ្យព្រួយបារម្ភ ហើយវាក៏ឲ្យកំណើតដល់គម្រោងការស្តារឡើងវិញ។ ក្នុងហេតុផល មិនដល់៣០ឆ្នាំ ផង ប្រទេសនេះ បានបាត់បង់ ២% នៃផ្ទៃដីសរុបនៃព្រៃកោងកាង ឬក្នុងទំហំ ១៦១៩ Km2។
ព្រៃកោងកាងរបស់ប្រទេសនីហ្ស៉េរីយ៉ា បានទទួលរងការបំពុលម្តងហើយម្តងទៀតដោយសារ សម្រាមដែលពូនគរ និងរារាំងការរីកដុះដាលរបស់ដើមឈើ ការហូរកំពប់ប្រេង និងការកាប់ព្រៃកោងកាងខុសច្បាប់។
ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ នៅសង្កាត់បុនឌូ ជាយទីក្រុងផងហាកខូត នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា មនុស្សជាង ៣០នាក់ បានរៀនស្តារព្រៃកោងកាងឡើងវិញដោយមានជំនួយពីអង្គការក្រៅរដ្ឋាភិបាលនីហ្សេរីយ៉ា និងមជ្ឈមណ្ឌលបរិស្ថាន អង្គការសិទ្ធមនុស្ស និងអភិវឌ្ឍន៍។