សមុទ្របានស្រូបយកកម្តៅក្នុងបរិមាណដ៏ច្រើនជាកម្រិតឯកតកម្មនៅឆ្នាំ២០២៥
យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា សមុទ្រនានាបានស្រូបយកបរិមាណដ៏ច្រើនសម្បើមជាកម្រិតឯកតកម្មនៃថាមពលនៅឆ្នាំ ២០២៥។ នេះគឺជាបាតុភូតដែលជំរុញឲ្យមានការកើនឡើងនូវកម្រិតកម្ពស់ទឹកសមុទ្រ ខ្យល់ ព្យុះនានាដ៏សាហាវ និងការស្លាប់របស់ពពួកផ្កាថ្មនៅក្នុងសមុទ្រ។
លោកលីជីង ចេង គឺជាសាស្រ្តាចារ្យនៅវិទ្យាស្ថានរូបវិទ្យាបរិយាកាសនៅរដ្ឋបណ្ឌិតសភា វិទ្យាសាស្រ្តចិន និងជាអ្នកតាក់តែងសំខាន់នៃការវិភាគនេះ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុង ព្រឹត្តិបត្រ ការឆ្ពោះទៅមុខនៃវិទ្យាសាស្រ្តបរិយាកាស ក្នុងចំណោមអ្នកវិទ្យាសាស្រ្តជាង ៥០រូប មកពីជុំវិញពិភពលោក។ លោកលីជីង ចេង បានបញ្ជាក់ថា ២០២៥ គឺជាឆ្នាំទី៩ បន្តបន្ទាប់គ្នា ដែលកម្តៅស្តុកដោយសមុទ្រនានានៅលើផែនដីបានឈានដល់កម្រិតឯកតកម្មថ្មី។
លោកលីជីង ចេង បានបញ្ជាក់ដែរថា បរិមាណសរុបនៃកម្តៅដែលស្តុកនៅក្នុងជម្រៅ ២០០០ ម៉ែត្រដំបូងនៃសមុទ្រនានា បានកើនឡើងប្រមាណ ២៣ ហ្សេតាហ្ស៊ូ (1) ។ នេះគឺជាបរិមាណ ថាមពលដែលស្មើនឹងគ្រាប់បែកនុយក្លេអ៊ែរដែលផ្ទុះនៅទីក្រុងហេរ៉ូស្ហ៊ីម៉ា ១២គ្រាប់ រៀងរាល់ វិនាទី រៀងរាល់ថ្ងៃនៃឆ្នាំ។
ជាអ្នកសម្របសម្រួលអាកាសធាតុ សមុទ្រនានាស្រូបយកប្រមាណ ៩០% នៃភាគលើសនៃ កម្តៅដែលបង្កឡើងដោយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់មនុស្ស។ ដើម្បីគណនាកម្តៅដែលស្រូបយកដោយសមុទ្រនានា អ្នកសិក្សាស្រាវជ្រាវពឹងផ្អែកលើសេរី នៃទិន្នន័យបន្តបន្ទាប់គ្នា ដែលបានមកពីកម្មវិធីអន្តរជាតិ អាកហ្គ៉ូ (Argo) ដែលមានទូកអណ្តែត ៤០០០ គ្រឿង នៅលើគ្រប់សមុទ្រនៃផែនដី និងស្រាវជ្រាវចុះដល់ជម្រៅសមុទ្រ ២០០០ ម៉ែត្រ។
ការកើនកម្តៅនៃសមុទ្រនានាចូលរួមចំណែកដល់ការកើនកម្រិតកម្ពស់ទឹកសមុទ្រដោយសារបាតុភូតរីកធំដោយកម្តៅ និងពង្រឹងរលកកម្តៅនៅក្នុងសមុទ្រផង។ វាធ្វើឲ្យសរីរាង្គផ្កាថ្មទន់ខ្សោយ និងធ្វើឲ្យបាតុភូតឧតុនិយមសាហាវហួសហេតុកាន់តែធ្ងន់ធ្ងរផង ដែលមានដូចជាការធ្លាក់ភ្លៀងមិនឈប់មិនឈរ និងខ្យល់ព្យុះស៊ីក្លូនជាដើម។
ប៉ុន្តែការកើនកម្តៅមិនកើតមានឡើងតាមរបៀបឯកសណ្ឋានទេ។ តំបន់ខ្លះកើនកម្តៅឡើងលឿនជាងតំបន់ដទៃទៀត។ សមុទ្រនានានៅតំបន់ត្រូពិក អាត្លង់ទិកខាងត្បូង មេឌីទែរ៉ាណេ ភាគខាងជើងនៃសមុទ្រឥណ្ឌា និងសមុទ្រភាគខាងត្បូង តំណាងឲ្យក្នុងចំណោមតំបន់ដែលមានការស្រូបយកបរិមាណកម្តៅជាកម្រិតឯកតកម្មនៅឆ្នាំ២០២៥។
ឯកតកម្មនៅឆ្នាំ២០២៥ កើតមានឡើងនៅខណៈដែលសីតុណ្ហភាពមធ្យមនៅផ្ទៃខាងលើនៃសមុទ្រដែលងាយស្រួលចំពោះការប្រែប្រួលក្នុងរយៈពេលខ្លី បានថយចុះបន្តិច។ ការធ្លាក់ថយចុះសីតុណ្ហភាពបន្តិចនេះ ត្រូវបានពន្យល់តាមរយៈការកើតមានឡើងនូវលក្ខខណ្ឌបាតុភូត ឡានីណា (La Nina) ដែលជាទូទៅពាក់ព័ន្ធនឹងការថយចុះត្រជាក់ជាបណ្តោះអាសន្ននៃផ្ទៃលើសមុទ្រនានា។ ទោះជាយ៉ាងណា នៅក្នុងរយៈពេលវែងទៅមុខ ចង្វាក់នៃការកើនកម្តៅសមុទ្រកើនល្បឿន ដោយសារហេតុផលនៃការកើនឡើងដែលចេះតែបន្តនៃការប្រមូលពូនផ្តុំនៃឧស្ម័នផ្ទះកញ្ចក់។
លោកស្រី ការីណា វ៉ន ស្ចូកម៉ាន អ្នកវិទ្យាសាស្រ្តសមុទ្រនៅអង្គការ សមុទ្រអន្តជាតិ ម៉ែកកាធើ និងជាសហនិពន្ធនៃការសិក្សា បានថ្លែងថា ៖ “ភាពមិនច្បាស់លាស់ដ៏ធំបំផុតនៃប្រព័ន្ធអាកាសធាតុលែងជារឿងរូបវិទ្យាទៀតហើយ ប៉ុន្តែជាជម្រើសដែលមនុស្សជាតិនឹងប្រព្រឹត្តិ។” លោកស្រី បានបន្ថែមថា ៖ “ការកាត់បន្ថយឲ្យបានលឿននៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែអាចកម្រិតឥទ្ធិពលនាពេលអនាគត និងចូលរួមការពារអាកាសធាតុនៃភពផែនដី។”
(1) Zettajoule (ZJ) = 1021 joules គឺជាឯកតាមូលដ្ឋានក្នុងរូបវិទ្យា សម្រាប់វាស់ថាមពល។