បាតុភូតមហា អេល នីណូ បានបង្កើនការព្រួយបារម្ភថែមទៀត សម្រាប់ទ្វីបអាស៊ី ដែលទទួលការលំបាករួចមកហើយដោយសង្គ្រាមនៅអ៊ីរ៉ង់
ដោយងាយបែកបាក់ដោយផលប៉ះពាល់នៃសង្រ្គាមនៅមជ្ឈិមបូព៌ា ពីពេលនេះទៅ ទ្វីបអាស៊ីនឹងប្រឈមមុខនឹងការគំរាមកំហែងពីបាតុភូតឧតុនិយមហួសហេតុ គឺបាតុភូត អេល នីណូ ដែលអាចបង្កើនតម្រូវការថាមពលយ៉ាងខ្លាំង កាត់បន្ថយផលិតកម្មវារីអគ្គីសនី និងប៉ះពាល់ដល់ការប្រមូលផលផងដែរ។
អង្គការសហប្រជាជាតិបានរាយការណ៍ថា លក្ខខណ្ឌដែលជួយអនុគ្រោះឲ្យមានការរីកធំឡើងនូវបាតុភូតអេល នីណូ ដែលធ្វើឲ្យកម្តៅភពផែនដីកាន់តែក្តៅ អាចនឹងលេចឡើងក្នុងអំឡុងរយៈពេលពីខែ ឧសភា ដល់ខែកក្កដា។ អង្គការឧតុនិយមពិភពលោក វាយតម្លៃថា រលកកម្តៅនឹងអាចកើនក្តៅខ្លាំងជាពិសេស ដែលអ្នកខ្លះដាក់ឈ្មោះវាថា គឺជាមហា អេល នីណូ។
ទ្វីបអាស៊ីដែលងាយរងគ្រោះរួចហើយនឹងរលកកម្តៅ អាចនឹងត្រូវរងការវាយប្រហារកាន់តែធ្ងន់ធ្ងរ។ បាតុភូតអេល នីណូ ធ្វើឲ្យប្រែប្រួលដល់ការធ្លាក់ភ្លៀងជាប្រពៃណី បង្កើនហានិភ័យនៃគ្រោះរាំងស្ងួត និងភ្លើងឆេះ។
លោកភីតធើ វ៉ាន រ៉េនច៍ អាកាសធាតុវិទូនៅសកលវិទ្យាល័យ ម៉ូណាស្ហ៍ ប្រទេសអូស្រ្តាលី រៀបរាប់ថា ៖ “ភាពមិនធម្មតាដែលកើតឡើងក្រោមសមុទ្រ ដែលយើងពិនិត្យឃើញមកទល់នឹងពេលនេះ វាដូចទៅនឹងអ្វីដែលយើងបានពិនិត្យឃើញក្នុងអំឡុងរយៈពេលពីឆ្នាំ១៩៩៧-១៩៩៨។” ទោះជាយ៉ាងណា ការប្រមើលមើលមិនទាន់ពិតទាំងស្រុងទេ។ លោកភីតធើ វ៉ាន រ៉េនច៍ ធ្វើការកត់សម្គាល់ឲ្យដឹងថា វានឹងអាចទៅរួចដែល ដែលអេល នីណូ នឹងមិនអភិវឌ្ឍឡើងក៏ថាបាន។
ការព្រមាននេះក៏កើតមានឡើងនៅខណៈដែលទ្វីបអាស៊ីភ័យខ្លាចអំពីការខ្វះខាតប្រេងឥន្ធនៈ និងជី ដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រអ័រមូស ចាប់តាំងពីពេល ដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានធ្វើការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
អ្នកស្រី ហានេអៀ អ៊ីសាអាត អ្នកឯកទេសនៃហិរញ្ញប្បទានថាមពលនៅ វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ បានព្រមានថា ការកើនឡើងនូវសីតុណ្ហភាពនឹងបង្កការពិបាកខ្លាំងដល់ប្រព័ន្ធអគ្គីសនីដែលងាយរងគ្រោះរួចហើយ។ អ្នកស្រីបានរៀបរាប់ថា ៖ “សម្រាប់ប្រទេសដែលពឹងផ្អែកខ្លាំងលើច្រកសមុទ្រអ័រមូសសម្រាប់ការផ្គង់ផ្គង់ប្រេង និងឧស្ម័ន ភាពតានតឹងលើការផ្គត់ផ្គង់នេះនឹងបង្កឲ្យមានការកើនឡើងជៀសមិនផុតនូវតម្លៃប្រេង តម្លៃនៃការគ្រប់គ្រងតម្រូវការ និងធ្វើឲ្យមានការកាត់បន្ថយនូវសកម្មភាពសេដ្ឋកិច្ច ។
អ្នកស្រី ឌីនីតា សេតយ៉ាវ៉ាទី ដែលជាអ្នកវិភាគនៅក្នុងក្រុមរិះគិត អេមប៊ើ នៅប្រទេសអង់គ្លេស បានបញ្ជាក់ថា គ្រោះរាំងស្ងួត ដែលអេល នីណូ អាចបង្កើតឡើងនៅក្នុងផ្នែកខ្លះនៅទ្វីបអាស៊ី ក៏តំណាងឲ្យការគំរាមកំហែងសម្រាប់ប្រទេសដែលពឹងផ្អែកខ្លាំងលើវារីអគ្គីសនីផងដែរ។អ្នកស្រី បានព្រមានថា ៖ “ភាគច្រើននៃប្រទេសនៅតំបន់អាស៊ាន ប្រើប្រាស់យ៉ាងទូលំទូលាយនូវថាមពលវារីអគ្គីសនី។” ចំណែកប្រទេសនៅតាមតំបន់ទន្លេមេគង្គ ប្រទេសណេប៉ាល់ និងតំបន់ខ្លះនៃប្រទេសម៉ាឡេស៊ី គឺមានភាពងាយរងគ្រោះជាពិសេស។
ហានិភ័យទាំងនេះ ធ្លាប់បានបង្ហាញច្បាស់នៅឆ្នាំ២០២២ នៅពេលដែលមានរលកកម្តៅនៅប្រទេសចិន បង្កឲ្យមានការធ្លាក់ចុះជាង ៥០% នៃផលិតកម្មវារីអគ្គីសនីនៅក្នុងខេត្តស៊ីឈ័ន ដែលបង្កឲ្យមានការខ្វះខាតភ្លើងប្រើប្រាស់ ដែលប៉ះពាល់ទាំងដល់គ្រួសារនានា លំនៅដ្ឋាន និងវិស័យឧស្សាហកម្ម។
អាកាសធាតុដែលកាន់តែក្តៅ និងកាន់តែស្ងួត ក៏នឹងបង្កើតនូវហានិភ័យថ្មីសម្រាប់កសិកម្ម ដែលរងក្រោមសំពាធរួចហើយទៅនឹងការប្រឈមមុខនឹងការកើនឡើងនូវតម្លៃនៃជី និងថាមពលចាំបាច់សម្រាប់សម្ភារៈធ្វើកសិកម្ម។