ព្រៃត្រូពិកអាចនឹងដុះដាលឡើងវិញលឿនជាងអ្វីដែលគេធ្លាប់ជឿជាក់
កាលពីមុនអ្នកវិទ្យាសាស្រ្តជឿថា គេត្រូវការយ៉ាងហោចណាស់មួយសតវត្សដើម្បីឲ្យសត្វ និង រុក្ខជាតិដុះដាលឡើងវិញលើផ្ទៃដីដែលបានកាប់ឈើបំផ្លាញហើយនៅតំបន់ត្រូពិក។ ចំណែកការសិក្សាថ្មីៗ បង្ហាញថា ប្រព័ន្ធបរិស្ថានអាចនឹងស្តារឡើងវិញនៅប៉ុន្មានទសវត្សប៉ុណ្ណោះ។
លោកទីម៉ូ ម៉េតហ្ស៍ អ្នកសិក្សាស្រាវជ្រាវក្រោយបណ្ឌិតនៅសកលវិទ្យាល័យកាលីហ្វ័រនី នៅរដ្ឋឡូអេនចឺឡេស សហរដ្ឋអាម៉េរិក និងជាអ្នកតាក់តែងសំខាន់នៃការសិក្សា ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រធម្មជាតិ បានថ្លែងថា ៖ ”រឿងនេះគឺជាការភ្ញាក់ផ្អើលដ៏ខ្លាំងក្លាសម្រាប់យើងទាំងអស់គ្នា។ មិនមាននរណាម្នាក់ក្នុងចំណោមពួកយើងរំពឹងអំពីការដុះដាលឡើងវិញយ៉ាងគួរឲ្យភ្ញាក់ផ្អើល និងរហ័សដូច្នេះទេ។”
ព្រៃត្រូពិកបានបាត់បង់នៅក្នុងចង្វាក់ដ៏គួរឲ្យប្រកាសអាសន្នចាប់តាំងពីមួយសតវត្សមកហើយ ហើយផ្ទៃដីជាច្រើនលានហិចតាបានឆេះ និងរងការកាប់បំផ្លាញដល់ឫកគល់អស់ជាច្រើនរៀងរាល់ឆ្នាំដើម្បីទាញយកផលព្រៃឈើ។ នៅឆ្នាំ២០០៤ ចង្វាក់នៃការបាត់បង់ព្រៃ ស្មើនឹងតារាងបាល់ទាត់ចំនួន ១៨ ជារៀងរាល់ ១នាទី។
ប៉ុន្តែ គេវាយតម្លៃថា ផ្ទៃដីរាប់រយលានហិចតាដែលត្រូវបានកាប់ឈើរួចហើយ ក៏កំពុងដុះដាលឡើងវិញ។ អ្នកវិទ្យាសាស្រ្ត បានវាយតម្លៃជាទូទៅថា គេត្រូវការជាង ១សតវត្ស ដើម្បីឲ្យដើមឈើ និងរុក្ខជាតិ គ្របដណ្តប់ពេញលេញឡើងវិញលើព្រៃពីមុន ដែលនៅមិនទាន់មានការប៉ះពាល់។ ជាយូរមកហើយ គេសន្មត់ថា គេក៏ត្រូវការពេលវេលាច្រើនដែរដើម្បីឲ្យពពួកសត្វអាចវិលត្រឡប់មកវិញ។
ទោះបីជាយ៉ាងណា ការសិក្សាថ្មីសន្និដ្ឋានថា វាមិនមែនជាករណីចាំបាច់ទេ។ លោកម៉េតហ្ស៍ បាននិយាយថា ៖ “គេរំពឹងលើអ្វីដែលថា ព្រៃឈើ ត្រូវដុះដាលឡើងវិញមុននឹងសត្វវិលត្រឡប់មករស់នៅ។ ប៉ុន្តែតាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល សត្វជាច្រើន បានកកើតឡើងវិញលឿនជាងដើមឈើដុះដាលទៅទៀត។”
គម្រោងនៃការសិក្សាស្រាវជ្រាវ ដែលដឹកនាំធ្វើនៅក្នុងកន្លែងបម្រុងធម្មជាតិនៅប្រទេសអេក្វាទ័រ តំណាងឲ្យការចាប់ផ្តើមដ៏សម្បើម និងមានការគៀងគរអ្នកវិទ្យាសាស្រ្តជាង ១០នាក់ ដែលមានជំនាញចម្រុះផ្សេងៗ។
ក្នុងរយៈពេល ៤ឆ្នាំ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានសិក្សាលើ សត្វ និងរុក្ខជាតិ ១៦ក្រុម មានជាអាទិ៍ ប្រជៀវ សត្វល្អិត ថនិកសត្វលើដី កង្កែប បក្សី បាក់តេរី ដើមឈើ និងដំណាំតូចៗ នៅក្នុងទីតាំងចំនួន ៤៥ នៅក្នុងព្រៃដែលកំពុងដុះដាលឡើងវិញ បន្ទាប់មកបានប្រៀបធៀបពួកវាទៅនឹងព្រៃដែលចាស់ និងមិនរងផលប៉ះពាល់ចំនួនប្រមាណ ១២កន្លែង។ មួយៗ នៃទីតាំងដីទាំងនេះដែលកំពុងដុះដាលឡើងវិញ ក្រោយពីមានការបំផ្លាញរួច តែពួកវាស្ថិតនៅក្នុងដំណាក់កាលខុសៗគ្នានៃការលូតលាស់ឡើងវិញផងដែរ។
ការជ្រើសរើសតំបន់សិក្សាទាំងនេះ បានទាមទារពេលច្រើនឆ្នាំសម្រាប់ការស្ទាបស្ទង់មើល ដោយការដើរកាត់តាមព្រៃត្រូពិច ការសម្ភាសន៍ជាមួយប្រជាជន និងការពិនិត្យមើលទិន្នន័យពីផ្កាយរណប។ នៅពេល អ្នកស្រាវជ្រាវត្រូវការកន្លែងស្នាក់ និងមន្ទីរពិសោធន៍។ អង្គការហ្វាន់ដាស្យុង ចូកូតូកូ (Fundación Jocotoco) ដែលជាស្ថាប័នមិនរកប្រាក់ចំណេញ និងមានបំណងអភិរក្សព្រៃត្រូពិចនៅអេក្វាទ័រ ក៏បានសាងសង់ស្ថានីយ៍ស្រាវជ្រាវមួយនៅកណ្តាលតំបន់សិក្សា។
លោកស្រី នីណា ហ្គ្រឺឡា ដែលជាបណ្ឌិតនៅសកលវិទ្យាល័យ បេរឺថ នៅប្រទេសអាឡឺម៉ង់ និងជាអ្នកសហតាក់តែងនិពន្ធអត្ថបទសិក្សា បានរៀបរាប់ថា ៖ “នៅឆ្នាំ២០២១ នៅពេលគម្រោងការចុងក្រោយបានដំណើរការ គ្រែទាំងអស់នៅក្នុងស្ថានីយ៍មានអ្នកស្នាក់នៅ ហើយកន្លែងក្នុងមន្ទីរពិសោធន៍ក៏ពេញទាំងអស់ដែរ។