សមុទ្រខិតទៅជិតកម្រិតឯកតកម្មនៃកម្តៅ
ព្រឹត្តិបត្រនៃកម្មវិធីកូពែនីគុស សេវាកម្មអឺរ៉ុបនៃការតាមដានអាកាសធាតុ កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៦ បានផ្សព្វផ្សាយជាសាធារណៈ ដោយបញ្ចេញនូវសញ្ញាប្រកាសអាសន្ន គឺថា បន្ទាប់ពី៣ឆ្នាំ បន្តបន្ទាប់គ្នានៃកម្រិតឯកតកម្មរលកកម្តៅនៅលើភពផែនដី អ្នកវិទ្យាសាស្រ្ត ភ័យខ្លាចថា វាអាចមានលទ្ធភាពនៃការវិលត្រឡប់មកវិញនូវបាតុភូតអេល នីណូ ដែលធ្វើឲ្យអាកាសធាតុក្តៅជាងធម្មតា ពីពេលនេះ រហូតទៅដល់ដំណាច់ឆ្នាំ ដែលនឹងរុញច្រានមនុស្សជាតិទៅជួបរលកកម្តៅហួសហេតុជាបន្តបន្ទាប់គ្នា។
យោងតាមការអង្កេតពីកូពែនីគុស បានឲ្យដឹងដែរថា កាលពីខែមុន សមុទ្របានឈានដល់កម្រិតជិតក្បែរឯកតកម្ម។ នេះគឺជាសញ្ញាប្រហែលជាការត្រឡប់មកវិញនូវបាតុភូតធម្មជាតិនៃការកើនកម្តៅ អេល នីណូ ដែលនឹងបន្ថែមពីលើការប្រែប្រួលអាកាសធាតុដែលមានប្រភពពីមនុស្ស។
យោងតាមតារាងនៃពេលវេលាពិតនៃកូពែនីគុស បានឲ្យដឹងថា សីតុណ្ហភាពផ្ទៃលើនៃសមុទ្របានឡើងដល់ ២០,៩៧ °C កាលពីខែមីនា នៅខាងក្រៅតំបន់ប៉ូល ហើយសីតុណ្ហភាពមធ្យមនេះបន្តកើនឡើងនៅខែមេសា។
ភាគចុងក្រោយនៃបាតុភូតអេល នីណូ នៅឆ្នាំ២០២៣ និង ២០២៤ បានធ្វើឲ្យឆ្នាំទាំងពីរនេះ គឺជាឆ្នាំដែលក្តៅបំផុតដែលមិនដែលធ្លាប់បានកត់ត្រា។ បាតុភូតតាមវដ្តនេះមានទំនាក់ទំនងនឹងការឡើងក្តៅជាប្រចាំក្នុងទ្រង់ទ្រាយធំ នៃទឹកដែលជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលបង្កឲ្យមានឥទ្ធិពលជាដូមីណូទៅលើអាកាសធាតុពិភពលោកក្នុងអំឡុងពេលជាច្រើនខែ ទៅមុខ។
កូពែនីគុស បញ្ជាក់ថា សីតុណ្ហភាពនៃសមុទ្រ គឺជាសាក្សីនៃការផ្លាស់ប្តូរទៅកាន់លក្ខខណ្ឌអេល នីណូ។ ចំណែកអង្គការឧតុនិយមពិពលោក (OMM) នៃអង្គការសហប្រជាជាតិ ក៏បានវាយតម្លៃរួចហើយថា ការត្រឡប់មកវិញនៃបាតុភូតអេល នីណូ អាចទៅរួចនាឆ្នាំនេះ ក្នុងពេលដែលឡា នីណា ដែលជាបាតុភូតបញ្ច្រាស ត្រូវស្រកស្រុតបន្តិចបន្តួចវិញ ដែលវាភ្ជាប់ជាមួយនិងសីតុណ្ហភាពត្រជាក់ជាង។ អង្គការឧតុនិយមពិភពលោក (OMM) បានវាយតម្លៃថា ចាប់តាំងពីខែមីនា វាមាន ៤០% នៃលទ្ធភាព ដែលអេល នីណូ អាចនឹងលេចឡើងពីពេលនេះរហូតដល់ខែកក្កដា។
ការកើនសីតុណ្ហភាពសមុទ្រពង្រីកទំហំទឹក ដែលធ្វើឲ្យកម្រិតកម្ពស់ទឹកសមុទ្រកើនឡើង។ វាពង្រីករលកកម្តៅនៅសមុទ្រ ដែលធ្វើឲ្យផ្កាថ្មទន់ខ្សោយ និងធ្វើឲ្យធ្ងន់ធ្ងរនៃបាតុភូតឧតុនិយមហួសហេតុ ដូចជាមានភ្លៀងខ្លាំងក្លាជោគជាំ និងខ្យល់ព្យុះស៊ីក្លូនជាដើម។
បើគិតទាំងដី និងសមុទ្រ ខែមីនាមុន គឺជាតំណាងឲ្យខែលំដាប់លេខ ៤ នៃសីតុណ្ហភាពនៅលើផ្ទៃផែនដី ដែលកើនឡើង ១,៤៨°C លើតម្លៃដែលប្រៀបធៀបនឹងយុគសម័យមុនឧស្សាហកម្មពីឆ្នាំ ១៨៥០-១៩០០ ឬគឺមុននឹងការប្រើប្រាស់ឥន្ឌនៈកាបូន ប្រេង និងឧស្ម័នដ៏លើសលុប ដែលធ្វើឲ្យផែនដីកើនកម្តៅជាអចិន្ត្រៃយ៍។
ចំណែកស្ទើពាសពេញទ្វីបអឺរ៉ុប ដែលជាទ្វីបដែលសីតុណ្ហភាពកើនល្បឿនលឿន ក៏បានជួបនូវសីតុណ្ហភាពខ្ពស់ជាងធម្មតា ជាពិសេសនៅក្នុងប្រទេសភាគខាងជើង រដ្ឋនៅតំបន់បាល់ទិក និងភាគពាយព្យនៃប្រទេសរុស្ស៊ី។ ខែមីនាក៏ត្រូវបានកត់សម្គាល់ដោយរលកកម្តៅមិនធ្លាប់មានពីមុន នៅភាពខាងលិចសហរដ្ឋអាម៉េរិក ដែលទែម៉ូម៉ែត្របានវាស់ឃើញសីតុណ្ហភាពឡើងលើសពី ៤០°C ហើយកន្លែងខ្លះវាឡើងដល់ ៤៤°C ផង។
លោកកាឡូ ប៊ូអុងតេមប៉ូ ដែលជានាយកនៃសេវាកម្មកូពែនីគុស អំពីការប្រែប្រួលអាកាសធាតុ បានអធិប្បាយថា ៖ “ទិន្នន័យនៃកូពែនីគុស សម្រាប់ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យយើងរិះគិត។ តួលេខមួយៗ គឺជាការវាយប្រហារ ប៉ុន្តែជាសំណុំទាំងមូល ពួកវាផ្តល់នូវការមើលឃើញអំពីប្រព័ន្ធអាកាសធាតុដែលទទួលរងសំពាធកាន់តែខ្លាំងឡើងៗ។”