រដ្ឋតិចសាសប្រឈមនឹងភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត
ភ្លើងឆេះព្រៃនេះ ដ៏ធំបំផុតនៃប្រវត្តិសាស្រ្តសហរដ្ឋអាម៉េរិក នៅរដ្ឋតិចសាស បានធ្វើឲ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញផ្ទៃដីជាង ៥០៩៨០០ ហិចតា។ អ្នកពន្លត់អគ្គីភ័យភ័យខ្លាចថា ស្ថានភាពនឹងកាន់តែអាក្រក់នៅចុងសប្តាហ៍ដោយសារហេតុផលរបស់ខ្យល់ដែលមិនរំពឹងទុក។
យោងតាមតុល្យការថ្មីបានឲ្យដឹងថា មានមនុស្ស ២នាក់ បានស្លាប់នៅរដ្ឋតិចសាស ប្រឈមមុខនឹងអគ្គីភ័យព្រៃដ៏ធំបំផុតនៃប្រវត្តិសាស្រ្តរបស់ខ្លួន។ ចំណែកប្រធានាធិបតីអាម៉េរិក លោក ចូ បាយឌិន បាននិយាយថា វាទាក់ទិននឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
យោងតាមមន្រ្តីទទួលខុសត្រូវនៃនាយកដ្ឋានសន្តិសុខសាធារណៈនៃរដ្ឋតិចសាស ដែលបានលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងតំបន់ បានប្រាប់ឲ្យដឹងថា លោកយាយម្នាក់អាយុ ៨៣ឆ្នាំ បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅផ្ទះរបស់គាត់នៅក្នុងទីក្រុងតូចមួយ ទីក្រុង ស្ទីណេត។ ចំណែកស្រ្តីម្នាក់អាយុ ៤៤ឆ្នាំ បានស្លាប់បន្ទាប់បីបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលរថយន្តកាំម៉្ញុង ដែលគាត់បើកត្រូវព័ទ្ធជុំវិញដោយអណ្តាតភ្លើងនៅតំបន់ ស្មូកឺហូស គ្រីក រដ្ឋតិចសាស។
រីឯរបាយការណ៍ចុងក្រោយនៃការិយាល័យព្រៃឈើអាម៉េរិក បានធ្វើការសរុបថា មានផ្ទៃដី៥០៩៨០០ ហិចតា ដែលបានឆាបឆេះនៅក្នុងសណុំភ្លើងឆេះព្រៃទាំងមូល។ ភ្លើង ១១ កន្លែង បានឆាបឆេះ ប៉ុន្តែវាមិនរាលដាល ហើយ ១២កន្លែងទៀត អាជ្ញាធរគ្រប់គ្រងបាន។
យោងតាមការិយាល័យព្រៃឈើនៅរដ្ឋតិចសាស អគ្គីភ័យចំនួន ៥កន្លែង នៅឆេះខ្លាំងសន្ធោរសន្ធៅនៅភាគខាងជើងរបស់រដ្ឋ។ កន្លែងដែលមានភ្លើងឆេះខ្លាំងក្លាបំផុតគឺនៅ ស្មូកឺហូស គ្រីក ដែលបានរាលដាលបំផ្លាញផ្ទៃដី ៤៣៥០០០ ហិចតា ហើយឆេះរាលដាលរហូតដល់ មួយផ្នែកនៃរដ្ឋអូក្លាហូម៉ា ជិតខាងទៀតផង។
អ្នកទទួលខុសត្រូវនៃកសិដ្ឋានដ៏ធំមួយ ទួគី ត្រាក ដែលស្ថិតនៅក្នុងតំបន់ បានប្រកាសថា ខ្លួន បានខូចខាត ៨០% នៃដីធ្លី ដែលមានប្រមាណជា ៣២០០០ ហិចតា។
នៅក្នុងសេចក្តីប្រកាសមួយ ដែលលើកឡើងដោយសារព័តមាន ABC News បានឲ្យដឹងដែរថា គេគិតថា ការបាត់បង់សត្វពាហនៈ កសិផល សត្វព្រៃ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធដទៃៗ លើដីកម្មសិទ្ធ និងលើកសិដ្ឋាន ផ្ទះនានានៅក្នុងតំបន់ គឺមានច្រើនឥតគណនាមិនធ្លាប់មានពីមុនមកទេក្នុងប្រវត្តិសាស្រ្ត។
យោងតាមលោកឆាត មីយើ អ្នកឧតុនិយមនៅ CNN បានឲ្យដឹងដែរថា ភ្លើងបានធ្វើចលនាក្នុងល្បឿន ២តារាង បាល់ទាត់ក្នុងមួយវិនាទី ដែលជាល្បឿនដ៏លឿន។
ប្រធានាធិបតីបាយឌិន ក្នុងទស្សនកិច្ចសម្រាប់ការបោះឆ្នោតនៅក្នុងរដ្ឋតិចសាស អំពីប្រធានបទ អន្តោប្រវេស បានបញ្ជាក់ទៅកាន់សារព័ត៌មានសហព័ន្ធថា មន្រ្តីរដ្ឋការសហព័ន្ធ ៥០០នាក់ ធ្វើការយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ បន្ថែមពីលើអ្នកពន្លត់អគ្គីភ័យនៅក្នុងតំបន់។
ទីក្រុងជាច្រើននៅសហរដ្ឋអាម៉េរិក និងនៅកាណាដា បានជួបសីតុណ្ហភាពឡើងដល់កម្រិតឯកតកម្មនៅខែកុម្ភៈ។ រដ្ឋខ្លះបានជួបអាកាសធាតុក្តៅខ្លាំងហួតហែងនៅរដូវក្តៅ។ យោងតាមអ្នកជំនាញនានាបានឲ្យដឹងថា បាតុភូត អេលនីណូ គឺជាមូលហេតុ បន្ថែមពីលើការប្រែប្រួលអាកាសធាតុ។
លោកចូ បាយឌិន ដោយនិយាយសើចចំអកឲ្យគូប្រជែងតំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋដែលមិនជឿរឿងអាកាសធាតុ បាននិយាយថា ៖ “លោកស្រឡាញ់មិត្តខ្លះរបស់លោក ដែលនៅគិតនៅឡើយថា មិនមានការប្រែប្រួលអាកាសធាតុ”។