មហាសមុទ្រទន្រ្ទានដោយសម្រាម ប្លាស្ទីក ៤៩៣ លានតោន ពីពេលនេះ រហូតដល់ឆ្នាំ ២០៦០

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច OCDE ព្រមានថា ការបំពុលដោយ​ប្លាស្ទីកនៅក្នុងចរន្តទឹកមានហានិភ័យកើនឡើងពីរដង ពីពេលនេះរហូតដល់ឆ្នាំ២០៦០ ប្រសិន​​បើវិធាន​ការនានាមិនត្រូវបានដាក់ចេញជាបន្ទាន់ទេនោះ។ សម្រាម​ដែលជារឿយៗ ត្រូវបាន​បោះចោល​​ដោយគ្មានការគ្រប់គ្រង បានពូនគរនៅក្នុងស្ទឹងទន្លេមុននឹងបញ្ចប់ផ្លូវរបស់​វា​​​នៅ​ក្នុង​​សមុទ្រ។

OCDE បញ្ជាក់ថា ជារៀងរាល់ឆ្នាំ សម្រាមប្លាស្ទីករាប់លានតោន ពីសំបកដប រហូតដល់ របស់​វិច​ខ្ចប់ ស្ថិតនៅក្នុង​ចរន្តទឹក មុននឹងធ្វើដំណើរទៅដល់សមុទ្រ។

យោងតាមការសិក្សាមួយរបស់ OCDE ដែលផ្សព្វផ្សាយ​នៅឆ្នាំ២០២៣ បានឲ្យដឹងថា នៅរវាង​ឆ្នាំ១៩៥០ និង ២០១៩ ផលិតកម្មប្លាស្ទីក បានរីកចម្រើនក្នុងទ្រង់ទ្រាយធំ។ ប្លាស្ទីក ១៤០​លាន​​តោន បានពូនគរផ្តុំ​នៅក្នុងមជ្ឈដ្ឋានទឹក។

នៅក្នុងបរិមាណនេះ ២២% បង្កើតបានជាទឹកលាយផ្លាស្ទីកនៅក្នុងមហាសមុទ្រ ហើយ ៧៨% បំពុលដល់ប្រព័ន្ធជីវចម្រុះទឹកសាប។ សម្រាមដែលត្រូវបានគេដុតបើកចំហ ឬបោះចោល​ទៅ​ក្នុង​កន្លែងចោលសម្រាមដែលគ្មានការគ្រប់គ្រង ឬតាមព្រៃ ក៏បង្កបានជាប្រភព​សំខាន់នៃ​ការ​បំពុល​​នៃមជ្ឈដ្ឋានទឹក។

OCDE បញ្ជាក់ដែរថា មួយផ្នែកដ៏ធំនៃប្លាស្ទីកទាំងនេះ មានជាអាទិ៍ ដប​ និងប្លាស្ទីក ដែល​ប្រើ​ប្រាស់​នៅក្នុងការសាងសង់ ចុងក្រោយ ក៏ហូរចូលទៅក្នុងចរន្តទឹក និងបឹងនានា។ ផ្នែក​ដែល​នៅ​​សល់ ដូចជា សម្ភារៈវិចខ្ចប់ចំណីអាហារ ឬដបបិទជិត អណ្តែតលើផ្ទៃទឹក រយៈពេល​ជា​ច្រើន​ឆ្នាំ ឬដល់រាប់ទសវត្ស មុននឹងហូរទៅដល់សមុទ្រ។

សកម្មភាពសមុទ្រ ដូចជា ការនេសាទ ក៏ចូលរួមចំណែក​នៅក្នុងការបំពុលសមុទ្រតាមរយៈ​ផ្លាស្ទីក បើគ្មានវិធានការ។ វាបន្ថែមមីក្រូផ្លាស្ទីក ដែលមានទំហំក្រោម ៥មីលីមែត្រ ដែល​វា​ងាយ​នឹងត្រូវបានពពួកសត្វនៅក្នុងទឹក លេប​ចូលទៅក្នុង​ពោះ។

លោកឡូរ៉ង ឡឺប្រឺតុន នាយកនៃការសិក្សាស្រាវជ្រាវ Ocean Cleanup ដែល​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​​ដែលប្រយុទ្ធនឹងការបំពុលនេះ បានរៀបរាប់ថា ហានិភ័យគឺថា ផ្លាស្ទីក​ដែល​ផ្លាស់​ទី​ចេញពីដីទៅកាន់ចរន្តទឹក បន្ទាប់មកចូលតាមស្ទឹង ទន្លេ និងសមុទ្រ គឺមានចំនួនដ៏​ច្រើន​​​មហិមា។ មាន ទន្លេ ៤៤ ក្នុងចំណោម ៥០ ដែលពុលបំផុត គឺស្ថិត​នៅ​ទ្វីបអាស៊ី ដោយសារ​ហេតុផល​​នៃដង់ស៊ីតេដ៏ធំនៃប្រជាជន និងការចាត់ចែងសម្រាមមិន​បាន​ល្អ។

ប្រទេសហ្វីលីពីន ស្ថិតនៅនាំមុខ​នៃប្រទេសដែលចូលរួមចំណែកខ្លាំងបំផុត​នៃការបំពុលនេះ មាន​ជាអាទិ៍ជាមួយទន្លេ ប៉ាស៊ីហ្គ ដែលហូរចាក់ទៅក្នុង ឆកសមុទ្រម៉ានីល ដែលត្រូវបាន​ចាត់​ទុក​ថា​ជា ទន្លេដែលពុលបំផុតនៅលើពិភពលោក។ ជាមួយនឹងទន្លេ ទូឡាហាន នៅហ្វីលីពីន អ៊ុយហាស នៅឥណ្ឌា ក្លាងនៅម៉ាឡេស៊ី និងម៉ីកូអាយ៉ាន នៅហ្វីលីពីន វាបង្កើតបានជា ចរន្ត​ទឹក​នាំមុខទាំង ៥ ដែលដឹកនាំប្លាស្ទីកច្រើនបំផុត ចាក់ចូលសមុទ្រ។

OCDE ព្យាករថា ក្រោមឥទ្ធិពលនៃការកើនឡើងនៃប្រជាសាស្រ្ត និងសេដ្ឋកិច្ច ផលិតកម្ម​ពិភពលោក​នៃប្លាស្ទីក នឹងកើនឡើង ៣ដង ពីពេលនេះ រហូតដល់ឆ្នាំ២០៦០ ដែលឈានដល់ ១២៣១ លានតោន ក្នុងមួយឆ្នាំ។ នេះគឺជាសេណារីយ៉ូដ៏គួរឲ្យព្រួយបារម្ភសម្រាប់​មជ្ឈដ្ឋាន​ទឹក ដែលផ្លាស្ទីក ៤៩៣លានតោន អាចនឹងពូនផ្តុំពីពេលនេះរហូតដល់ឆ្នាំ២០៦០។ ច្រើន​ជាង​ពាក់​កណ្តាល​នៃសម្រាមទាំងនេះ មានប្រភពពីអនុតំបន់សាហារ៉ាអាហ្វ្រិក ចិន ឥណ្ឌា និង​ប្រទេស​កំពុង​អភិវឌ្ឍដទៃៗទៀត នៃអាស៊ី។

OCDE បញ្ជាក់ថា ចំណែកអឺរ៉ុប និងសហរដ្ឋអាម៉េរិក ឃើញថា ការចោលប្លាស្ទីក​របស់​ពួក​គេ ថយ​ចុះ ដោយសារតែការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសម្រាម។

 

Daily Program

Livesteam thumbnail