គម្រោងរេដបូក កែវសីមា ជួយពលរដ្ឋរស់នៅតំបន់ការពារធនធានធម្មជាតិ បង្កើតមុខរបរថ្មី ដោយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន

គម្រោងរេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មន ផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និង ការ ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌ សហប្រជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ។

ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។

សម្រាប់គម្រោងរេដបូក កែវសីមានេះ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថានកំពុងអនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលកៀរគរ ថវិកា សម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីម្ចាស់ជំនួយដូចជា USAID AFD USFWS CAMPAS UNDP MRLG និងថវិកាគម្រោងរេដបូកកែវសីមា។ គម្រោងផ្តោតលើសកម្មភាពសំខាន់ៗ ដូចជា៖ ការពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍ ការលើកកម្ពស់ជីវភាពរបស់សហគមន៍ និងការតាមដានជីវៈ ចម្រុះ។

គម្រោងរេដបូក (REDD+) បានជួយបង្កើតការងារដល់កសិករជាច្រើនគ្រួសារក្នុងការបង្កើតមុខរបរសម្រាប់ការរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ក្នុងនេះដូចជាការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ចិញ្ចឹមគោ និងការដាំបន្លែជាច្រើនមុខ ដែលមិនត្រឹមបង្កើតការងារដល់ពលរដ្ឋតាមភូមិឃុំទេ តែនៅជួយឱ្យជីវភាពល្អប្រសើរមិនចាំបាច់អាស្រ័យលើការចូលព្រៃកាប់បំផ្លាញព្រៃឈើ និងក៏ចូលព្រៃចាប់សត្វព្រៃដូចមុនទៀតឡើយ។ រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

កសិករមួយរូបដែលស្ថិតនៅក្នុងគម្រោងរេដបូក កែវសីមា គឺអ្នកស្រី ហាង ឌីយ៉ា សព្វថ្ងៃនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុក អូររាំង ខេត្តមណ្ឌលគិរី ដោយបានចិញ្ចឹមមាន់រយៈពេល១ឆ្នាំមកនេះ បានបញ្ជាក់ប្រាប់ថាចាប់តាំងពីការចិញ្ចឹមមាន់មកធ្វើឱ្យគ្រួសារអ្នកស្រីអាចរកចំណូលមួយបន្ថែមទៀតដែលអាចបំពេញបន្ថែមថវិការក្នុងគ្រួសារ ហើយស្វាមីអ្នកស្រីអាចប្រកបរបរនៅក្បែរៗផ្ទះមិនចាំបាច់ ចាកចេញពីស្រុកកំណើតទៅប្រកបរបរឆ្ងាយៗពីផ្ទះសម្បែងទៀតឡើយ។

ស្រ្តីវ័យ៣២ ឆ្នាំរូបនេះបានឱ្យដឹងដែរថា៖ក្នុងការចិញ្ចឹមមាន់ជាង១០០ក្បាល ក្នុងមួយខែអ្នកស្រីអាចរកចំណូលបានជាង ៥០ម៉ឺនរៀល ដោយក្នុងនេះអាចលក់មាន់រស់ក្នុងមួយគីឡូក្រាម ២ម៉ឺនរៀល និងពងមាន់វិញលក់ក្នុងមួយគ្រាប់ ៦០០រៀល។ ការចិញ្ចឹមមាន់សាច់ត្រឹមរយៈពេល៣ខែអាចចាប់លក់បានហើយដោយក្នុងមួយក្បាលទម្ងន់ប្រមាណជាង១គឺឡូក្រាម។

ស្រ្តីដែលបានចាប់យករបរចិញ្ចឹមមាន់ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសាររូបនេះបានឱ្យដឹងដែរថា៖ «កាលពីមុនមកនេះអត់មានចំណូលសោះ ហើយខ្ញុំពឹងពាក់លើស្វាមីទាំងស្រុង។ បើថ្ងៃណាគាត់រកបានគឺមានលុយ តែបើអត់វិញ គឺអត់លុយហើយ។ស្វាមីដើរស៊ីឈ្នួលគេ ប្រាក់ចំណូលមិនទៀងទាត់ទេ។ការចិញ្ចឹមមាន់នៅផ្ទះនេះគឺបានជួយដល់ស្វាមី មួយផ្នែកទៀត»។

លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថាគម្រោងរេដបូកមានគោលបំណងសំខាន់គឺជួយដល់បងប្អូនកសិករដែលមានចំនួន២១ភូមិ ឱ្យមានមុខរបរបង្កើតចំណូល និងមានការងារធ្វើ។ ក្នុងការបង្កើតមុខរបរចិញ្ចឹមមាន់នេះគម្រោងមិនត្រឹមជួយថ្នាំ ចំណី សំណាញ់ និងបង្កើតទ្រុងឱ្យទេនៅជួយក្នុងបច្ចេកទេស ពិធីព្យាបាលមាន់ឈឺដើម្បីឱ្យការចិញ្ចឹមទទួលជោគជ័យទៀតផង។

លោក ខៀវ សំណាង បានឱ្យថា ក្នុងគម្រោងរេដបូកនេះបានចាប់ផ្តើមឱ្យប្រជាកសិករចិញ្ចឹមមាន់ ដាំបន្លែ ពីឆ្នាំ២០២២មក។ មកដល់ពេលនេះមាន២១ភូមិដែលគម្រោងរេដបូកបានជួយដល់កសិករ។ សម្រាប់នៅខេត្តមណ្ឌលគិរីនេះ មានស្រុកចំនួន៤ ដែលគម្រោងរេដបូកបានជួយ។ សម្រាប់ការចិញ្ចឹមសត្វមានចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមគោ ចិញ្ចឹមជ្រូក។ ក្រៅពីនេះក៏មានការដាំបន្លែ ដូចជាដាំត្រកួន ដាំត្រសក់ សណ្តែកកួរ ឆៃថាវ ការ៉ុត ជាដើម។

ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ៣១៧,៤៥៦ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុងខេត្តក្រចេះ។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលការកៀរគរមូលនិធិសម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីអ្នកផ្តល់ជំនួយដូចជា USAID, AFD, USFWS, CAMPAS, UNDP, MRLG និងគម្រោងរេដបូកកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម។

កម្ពុជាមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ យើងបាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ផ្តល់ជាមូលដ្ឋានគ្រឹះមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌នៃការរស់នៅប្រកបដោយនិរន្តរភាពក្នុងចំណោមប្រជាពលរដ្ឋ។

លើសពីនេះ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានអនុម័ត រួចមកហើយ ដោយផ្តោតលើសសរស្តម្ភទាំងបី សម្រាប់ប្រទេសជាតិយើង៖ ប្រជាជនកម្ពុជាស្អាត បៃតង និងនិរន្តរភាព ដែលធានាបាននូវការឆ្លើយតបខាងវិស័យបរិស្ថានស្អាត អនាម័យបរិស្ថានល្អប្រសើរ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងធានាកាទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ គោលដៅចុងក្រោយរបស់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺសម្រេចបាននូវសេចក្តីប្រាថ្នាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០៕

Daily Program

Livesteam thumbnail