ព្រៃត្រូពិចត្រូវកំហែង ដោយកំដៅ
យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រធម្មជាតិ បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុប្រឈមនឹងធ្វើឲ្យព្រៃត្រូពិចទទួលរងសីតុណ្ហភាពដែលខ្ពស់ខ្លាំងដើម្បីអាចឲ្យរស្មីសំយោគដំណើរការបាន។
យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែសីហា បានឲ្យដឹងថា ព្រៃត្រូពិចមិនគ្រាន់តែទទួលការគំរាមកំហែងពីការកាប់បំផ្លាញ និងគ្រោះរាំងស្ងួតនោះទេ។ ការប្រែប្រួលអាកាសធាតុក៏ផ្តល់ហានិភ័យនឹងធ្វើឲ្យពួកវា ទទួលរងសីតុណ្ហភាពដែលខ្ពស់ខ្លាំងពេកដើម្បីអាចធ្វើឲ្យរស្មីសំយោគដំណើរការតាមធម្មតា។
ការសិក្សាដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រធម្មជាតិ បញ្ជាក់ថា សព្វថ្ងៃនេះ មានភាគរយតិចតួចប៉ុណ្ណោះ ប្រមាណ (០,០១%) នៅដើមឈើខ្ពស់ៗនៅតំបន់ត្រូពិចដែលទទួលរងកម្តៅរហូតដល់ 47°C ដែលជាកម្រិតសីតុណ្ហភាពរាំងស្ទះដល់ការធ្វើរស្មីសំយោគ ដែលបម្រែប្រែពីកាំរស្មីព្រះអាទិត្យ និងឧស្ម័នកាបូនិចទៅជាថាមពលដែលមានសារៈសំខាន់សម្រាប់រុក្ខជាតិ។ ប៉ុន្តែភាគរយនេះអាចនឹងកើនឡើងយ៉ាងឆាប់រហ័សដោយសារតែស្លឹកកើនកម្តៅលឿនជាងខ្យល់។
លោកគ្រីស្តូហ្វើ ឌូធី ពីសកលវិទ្យាល័យអារីហ្សូណាខាងជើង សហរដ្ឋអាម៉េរិក បានពន្យល់ថា ៖ “ប្រសិនបើកម្តៅក្នុងខ្យល់កើនពី២°C ទៅ៣°C សីតុណ្ហភាពនៃផ្ទៃស្លឹកកើន ៨ដង”។ ជាមួយនឹងការកើនឡើងនូវសីតុណ្ហភាពមធ្យម ៤°C ពីសីតុណ្ហភាពសព្វថ្ងៃ ឬជាមួយនឹងទិសដៅអាកាសធាតុដែលគេវាយតម្លៃថា អាក្រក់បំផុត លោកគ្រីស្តូហ្វើ ឌូធី បានប្រាប់ថា យើងនឹងឃើញការស្លាប់ទាំងស្រុងរបស់ស្លឹករុក្ខជាតិ។
ការស្លាប់នេះអាចនឹងក្លាយជាកត្តាបន្ថែមនៃការបម្រែប្រែដែលប្រកាសថា ព្រៃត្រូពិចមួយភាគនឹងក្លាយជាទេសភាពវាលស្មៅ បន្ថែមពីក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ។
បើយោងតាមអ្នកសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ប្រសិនបើសីតុណ្ហភាពខ្យល់កើនឡើងបន្ត 0,03 °C ការស្លាប់ដ៏សម្បើមនៃស្លឹករុក្ខជាតិអាចនឹងកើតមានឡើងក្នុងរយៈពេល ១សតវត្ស។
អ្នកសិក្សាស្រាវជ្រាវព្រមានដែរថា វានៅសល់ភាពមិនច្បាស់លាស់អំពីឥទ្ធិពលនៃការលើសកម្តៅលើស្លឹករុក្ខជាតិដោយសារសីតុណ្ហភាពខ្ពស់បំផុត និងទៅលើសំណុំទាំងមូលនៃព្រៃឈើ។ សហនិពន្ធការសិក្សាលោកហ្គ្រឺហ្គូរី ហ្គូលស្មីត ពីសកលវិទ្យាល័យចាបម៉េន រដ្ឋកាលីហ្វ័រនីសហរដ្ឋអាម៉េរិក បានថ្លែងថា ៖ “ឥទ្ធិពលនៃសីតុណ្ហភាព និងចំហាយទឹក ទៅលើសុខភាពនៃដើមឈើ គឺមិនសូវច្បាស់នោះទេ ហើយការស្លាប់របស់ស្លឹកក៏មិនបានបកស្រាយនូវការស្លាប់របស់ដើមឈើទាំងមូលនោះដែរ។”
ប៉ុន្តែសញ្ញាដ៏គួរឲ្យព្រួយបារម្ភ គឺមានវត្តមានរួចហើយ។ នៅតំបន់អាម៉ាហ្សូន ដែលក្តៅជាងតំបន់ដទៃទៀត អត្រាស្លាប់របស់ដើមឈើបានកើនឡើងនៅប៉ុន្មានទសវត្សចុងក្រោយនេះ។ ហើយការបាត់បង់ដែលកើនឡើងរបស់ព្រៃដោយសារតែការកាប់បំផ្លាញ ធ្វើឲ្យដើមឈើ និងស្លឹកឈើ កាន់តែក្តៅ។ ប្រព័ន្ធបរិស្ថានតំបន់ត្រូពិច គឺជាជម្រកនៃព្រៃឈើ ៤៥% នៃភពផែនដី ដែលដើរតួនាទីសំខាន់ចាំបាច់នៅក្នុងការស្រូបយកការបំភាយកាបូនរបស់មនុស្សជាតិ និងជាជម្រកយ៉ាងហោចណាស់ពាក់កណ្តាលនៃជីវចម្រុះរុក្ខជាតិពិភពលោក ហើយដើមឈើមានរហូតដល់ ៤០០០ពូជ។
លោកចូស្ហួ ហ្វីស្ហ៊ើ ពីសកលវិទ្យាល័យចាបមេន និងជាសហនិពន្ធនៃការសិក្សា ក៏បានទទូចថា ការរកឃើញអត្រាដ៏តូចនៃដើមឈើខ្ពស់ៗ ដែលឡើងកម្តៅគឺជាសញ្ញាព្រមានជាមុន ដែលត្រូវជម្រុញឲ្យមានប្រតិកម្ម។