នៅសន្និសីទអន្តរជាតិលើកទី៣០ អង្គការសហប្រជាជាតិអំពាវនាវ ឲ្យមេដឹកនាំ នានាដាក់ជីវិតមនុស្សមានតម្លៃជាងផលចំណេញ
លោកអន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខានៃអង្គការសហប្រជាជាតិបានអំពាវឲ្យមេដឹកនាំនានានៅលើពិភពលោកដាក់តម្លៃជីវិតមនុស្សឲ្យនៅពីលើផលចំណេញ និងការចាកចេញពីការប្រើប្រាស់ឥន្ធនៈផូស៊ីល។
កាលពីសប្តាហ៍មុន នៅពេលមកដល់សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី៣០ អំពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានស្នើសុំឲ្យមេដឹកនាំប្រទេសនានានៃប្រទេសដែលជាអ្នកមានបំផុត ធ្វើការតាមដានវិទ្យាសាស្រ្ត។
អគ្គលេខាអង្គការសហប្រជាជាតិ បានថ្លែងថា ៖ ”យើងត្រូវប្រកាន់យកការសម្រេចចិត្ត និងប្រឈមការលំបាក ហើយពិភពលោកទាំងមូលកំពុងក្រឡេកភ្នែកមកកាន់ទីក្រុងបេឡេម។ សហគមន៍មូលដ្ឋានជាអ្នកនៅជួរទីមួយនៃការសង្កេតពិនិត្យ ហើយសហគមន៍នេះដែរ ក៏មិនមានអំណាចក្នុងការប្រឈមមុខនឹងទឹកជំនន់ ការប្រមូលផលបានទាប និងមធ្យោបាយទ្រទ្រង់ជីវិតរបស់ពួកគេកំពុងត្រូវបានបំផ្លិចបំផ្លាញ ហើយពួកគេបានចោទសួរថា តើត្រូវការពេលប៉ុន្មានទៀតក្នុងការរងភាពឈឺចាប់នេះ?”
”អស់ពេលជាច្រើនសតវត្សនៃការមិនទទួលស្គាល់ និងការពន្យាធ្វើសកម្មភាពរបស់មនុស្ស វិទ្យាសាស្រ្តបានប្រាប់យើងថា ការឆ្លងហួសជាបណ្តោះអាសន្ននៃសីតុណ្ហភាពមធ្យមនៅលើផែនដីលើសពី 1,5 °C នឹងកើតមានឡើងនៅដើមទសវត្សឆ្នាំ២០៣០ ខាងមុខ ហើយវាក្លាយជាមិនអាចជៀសផុតបាន។ យើងដឹងអំពីអ្វីដែលរឿងនេះមានន័យថា វានឹងបង្កឲ្យមានកម្តៅកាន់តែក្តៅ និងគ្រោះទុរភិក្ស បង្កឲ្យកាន់តែមានមហន្តរាយធម្មជាតិ និងការភៀសខ្លួនរបស់ប្រជាជន និងមានហានិភ័យដែលកើនឡើងដែលអាចឈានឆ្លងដល់ចំណុចក្រឡាប់ចក្រខាងអាកាសធាតុ ដែលទាំងនេះនឹងបង្កជាការខូចខាតដែលមិនអាចជួសជុលបាន។”
បើយោងតាមលោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានឲ្យដឹងថា ពិភពលោកនៅតែអាចធ្វើឲ្យថយចុះសម្រាប់កំណើនសីតុណ្ហភាពពិភពលោកឲ្យនៅក្រោមកម្រិតលើសពី 1,5 °C មុនដំណាច់សតវត្សនេះ ប៉ុន្តែគេត្រូវធ្វើប្រតិកម្មពេលបច្ចុប្បន្នដើម្បីឲ្យការលើសនេះមានរយៈពេលខ្លី និងខ្សោយតាមដែលអាចធ្វើទៅបាន។
លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានធ្វើសេចក្តីយោងលើរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិដែលចង្អុលបង្ហាញថា ផែនការអាកាសធាតុរបស់រដ្ឋនានាសព្វថ្ងៃ បើទោះជាពួកវាត្រូវបានគោរពពេញលេញ ក៏យើងនៅតែស្ថិតនៅលើផ្លូវនៃការកើនឡើងសីតុណ្ហភាពលើសពី 2°C ដែរ។ នេះគឺដូចជាការដាក់ទោសប្រហារជីវិតសម្រាប់មនុស្សជាច្រើន។”
អគ្គលេខាអង្គការសហប្រជាជាតិបានរំឭកថា ប្រទេសអភិវឌ្ឍន៍ត្រូវតែគៀងគរយ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ ពីពេលនេះរហូតទៅដល់ឆ្នាំ២០៣៥ និងឈានឲ្យដល់ ១,៣ពាន់ក្នុងមួយឆ្នាំពីពេលនេះទៅដល់ឆ្នាំ២០៣៥ ដើម្បីគាំទ្រដល់ប្រទេសដែលងាយរងគ្រោះបំផុត ដូចដែលត្រូវបានព្រមព្រៀងគ្នាធ្វើនៅអំឡុងសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៩។
ដើម្បីកម្រិតការឈឺចាប់ជាមួយពិភពលោកដែលមានសីតុណ្ហភាពកើនឡើងលើសពីកម្រិតមធ្យម 2°C ប្រទេសនានាត្រូវតែចាប់ផ្តើមធ្វើការផ្ទេរថាមពលឲ្យបានត្រឹមត្រូវ មានការសម្របសម្រួល និងសមភាពក្នុងការបោះបង់ចោលថាមពលផូស៊ីល ដូចដែលវាត្រូវបានព្រមព្រៀងគ្នានៅអំឡុងសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ រយៈពេល ២ឆ្នាំកន្លងទៅហើយ។