អង្គការសុខភាពពិភពលោក ព្រមានថា វិបត្តិ​អាកាសធាតុ ក្លាយជាវិបត្តិសុខភាព

យោងតាមរបាយការណ៍ថ្មីសំខាន់​ដែលបង្ហាញកាលពីចុងសប្តាហ៍​នៅសន្និសីទអន្តរជាតិស្តី អំពីអាកាសធាតុលើកទី ៣០ នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានឲ្យដឹងថា ការ ប្រែប្រួលអាកាសធាតុលែងគ្រាន់តែជាការគំរាមកំហែងសម្រាប់ភពផែនដីទៀតហើយ។ វាត្រូវ ការភាពបន្ទាន់ក្នុងការដោះស្រាយបញ្ហាសុខភាពនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ មនុស្ស​ជាង​កន្លះលាននាក់ត្រូវស្លាប់ដោយសារកម្តៅក្តៅខ្លាំងហួសហេតុ នៅខណៈដែល​មន្ទីរ​ពេទ្យ​នានា​​ជួបប្រទះនូវហានិភ័យ​ដែលចេះតែកើនឡើង។

ដោយត្រូវបានផ្សព្វផ្សាយដោយអង្គការសុខភាពពិភពលោក (OMS) និងរដ្ឋាភិបាលប្រេស៊ីល របាយការណ៍នេះព្រមានថា គ្រឹះស្ថានមន្ទីរពេទ្យ១ ​ក្នុងចំណោម ១២ នឹងអាចជួបនូវ​ការស្ទះ​ដំណើរការដោយសាររឿងអាកាសធាតុ។ របាយការណ៍​អំពាវនាវឲ្យមានវិធានការរហ័ស​ដើម្បី​ថែរក្សាប្រព័ន្ធសុខាភិបាល​ដែលកំពុងទទួលរងនូវស្ថានភាពដ៏លំបាក​នៅក្នុងពិភពលោក​ដែល​កម្តៅ​កំពុងឡើងលើស។

ការផ្សព្វផ្សាយនៃរបាយការណ៍បញ្ចេញមុនមួយថ្ងៃនៃការចាប់ផ្តើមផែនការសកម្មភាពបេឡេម​សម្រាប់សុខភាព។

លោកបណ្ឌិត តេដ្រូស អាដហានម ហ្គេប្រ៊ីយេសុស អគ្គនាយកនៃអង្គការសុខភាព​ពិភពលោក​ (OMS) បានថ្លែងថា ៖ “វិបត្តិអាកាសធាតុ គឺ​ជាវិបត្តិ​សុខភាព មិនមែននឹង​កើត​ឡើង​នៅពេលយូរខាងមុខទេ គឺកើតឡើងនៅពេលនេះ និងឥឡូវនេះ”។ លោកលើកឡើងថា របាយការណ៍​នេះផ្តល់នូវទិន្នន័យជាក់ច្បាស់អំពីឥទ្ធិពលនៃការកើនកម្តៅច្រើន​ទៅលើ​ប្រជាជន​​ក៏ដូចជារចនាសម្ព័ន្ធសុខាភិបាល ព្រមទាំងផ្តល់នូវឧទាហរណ៍​នៃសកម្មភាព​ដែល​ប្តេជ្ញា​​ចិត្ត​ធ្វើរួចហើយ​ដោយប្រទេសមួយចំនួន។

អត្តសញ្ញាណនៃបញ្ហាគឺធ្ងន់ធ្ងរ។ សីតុណ្ហភាពពិភពលោកបានឡើងហួស 1,5 °C ហើយ​មនុស្ស​ចន្លោះពី ៣,៣ពាន់លាននាក់ ដល់ ៣,៦ពាន់លាននាក់ រស់នៅក្នុងតំបន់​ដែលទទួល​រង​ខ្លាំង​នៃឥទ្ធិពលពីអាកាសធាតុ។​ ចំណែកមន្ទីរពេទ្យក៏ប្រឈម​មុខនឹងហានិភ័យនៃ​ការ​ខូចខាត​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍អាកាសធាតុខ្លាំងហួស​ហេតុ​ខ្លាំងជាង ៤១% បើប្រៀបធៀបធៀបនឹង​ទសវត្ស​​ឆ្នាំ​១៩៩០ផងដែរ។ ប្រសិនបើគេមិនអាចបន្ថយឧស្ម័នកាបូនិចឲ្យបានឆាប់រហ័សនោះទេ ចំនួន​នៃ​គ្រឹះ​ស្ថាន​​សុខាភិបាល​​ដែលទទួលរងការគំរាមកំហែង​នឹងអាចកើនទ្វេពីពេលនេះ​ទៅដល់ពាក់​កណ្តាល​សតវត្ស។ អង្គការសុខភាពពិភពលោកចង្អុលលើភាពខ្វះខាតធ្ងន់ធ្ងរនៅក្នុងផែនការជាតិនៃការសម្រប​ខ្លួនខាងសុខភាព។ ចំនួននៃប្រទេសដែលមានបំពាក់នូវប្រព័ន្ធប្រកាសអាសន្ន​សម្រាប់​ពហុ​ហានិភ័យ​​ខាង​អាកាសធាតុបានកើនទ្វេនៅរវាងឆ្នាំ២០១៥ និង២០២៣ ប៉ុន្តែការរីកចម្រើន​ទាំង​នេះ​នៅមាន​អសមភាពច្រើន មានជាអាទិ៍​វានៅមានការខ្វះខាត​នៅតាម​ប្រទេស​ដែល​មិន​សូវ​អភិវឌ្ឍន៍ និង​ប្រទេស​កោះតូចៗ នៅតាមសមុទ្រ។

នៅទីក្រុងបេឡេម ក្រុមសម្ព័ន្ធមិត្តដែលបានប្រមូលផ្តុំមូលនិធិមនុស្សធម៌ជាង ៣៥មូលនិធិ ដែលមានដូចជា មូលនិធិមនុស្សធម៌ប្លូមបឺហ្គ (Blooberg Philanthropies) មូលនិធិហ្គេត (Fondation Gates) មូលនិធិអាយគៀ (IKEA) មូលនិធិ រ៉កគេហ្វ៉េលើ និងវេលខាំ (Fondation Rockefeller and Wellcome) បានប្រកាសអំពីការសន្យាទឹកប្រាក់ ៣០០លានដុល្លារ សម្រាប់​បង្កើនល្បឿននៃដំណោះស្រាយដែលចងភ្ជាប់អាកាសធាតុ និងសុខភាព។ កញ្ចប់ទឹក​ប្រាក់​នេះ គឺជាការគាំទ្រផ្ទាល់សម្រាប់ផែនការសកម្មភាពទីក្រុងបេឡេម សម្រាប់សុខភាព និង​ផ្តល់​ហិរញ្ញប្បទានដល់ការសិក្សាស្រាវជ្រាវ និងការបង្កើតថ្មីសម្រាប់ទប់​ទល់កម្តៅហួសហេតុ ការ​បំពុលខ្យល់ ជំងឺដែលងាយកើតដោយសារអាកាសធាតុ ព្រមទាំង​​ការពង្រឹងប្រព័ន្ធ​សុខាភិបាល​ និងការធ្វើសមាហរណកម្មទិន្នន័យផងដែរ។

 

Daily Program

Livesteam thumbnail