បាតុភូតអាកាសធាតុអេល នីណូ កំពុងបន្ត និងមានវិសាលភាពកាន់តែខ្លាំងក្លា

កាលពីថ្ងៃទី៣​​ ខែកក្កដា អង្គការសហប្រជាជាតិ បានព្រមានអំពីការរីកធំឡើងយ៉ាងរហ័ស​នូវ​បាតុភូតអាកាសធាតុធម្មជាតិ អេល នីណូ ដែលបានបន្ត និងឈានដល់កម្លាំង​កាន់តែខ្លាំង​ក្លា ក្នុងរវាងខែកក្កដា និងខែកញ្ញា នេះ។ វាបង្កើតឲ្យមានលទ្ធភាពនៃការកកើតឡើងនូវ​បាតុភូត​ឧតុ​និយមខ្លាំងក្លាហួសហេតុនានា​នៅជុំវិញពិភពលោក។

នៅក្នុងសេចក្តីប្រកាសមួយ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ បានរៀបរាប់ថា ព្រឹត្តិបត្រ​ស្តី​អំពី​អាកាសធាតុ​ដែលត្រូវបានផ្សព្វផ្សាយឡើងជារៀងរាល់ខែដោយ​ទីភ្នាក់ងារឧតុនិយម​ពិភពលោក បានបង្ហាញនូវការវិវត្តយ៉ាងឆាប់រហ័ស​នៃវគ្គនៃអេល នីណូ ដែលមាន​វិសាលភាព​ដ៏​ខ្លាំងក្លា ក្នុងរវាងខែកក្កដា និងខែកញ្ញា នេះ។

ចំណុចស្ថានការណ៍ថ្មីនេះ បន្ថែមលើអ្វីដែលបានចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ដោយ​ទីភ្នាក់ងារ​ឧតុនិយម​ពិភពលោក (OMM) ដែលបានប្រកាសអំពីការជិតមកដល់​នៃរដូវ​កាល​អេល នីណូ។

យោងតាមទីភ្នាក់ងារឧតុនិយមពិភពលោក បាតុភូតអាកាសធាតុធម្មជាតិនេះ កើតមានឡើង​ជាធម្មតា រៀងរាល់ ២ឆ្នាំ ទៅ ៧ឆ្នាំ និងមានរយៈពេលពី៩ ទៅ ១២ខែ។ ទីភ្នាក់ងារនេះ ធ្វើ​លំអិត​ថា អេល នីណូ បង្កើនកម្តៅសីតុណ្ហភាពទឹក​នៅភាគកណ្តាល និង​ភាគខាងកើត​នៃ​មហា​​សមុទ្រ​ប៉ាស៊ីហ្វ៊ិកអេក្វាទ័រ និងធ្វើឲ្យប្រែប្រួលក្នុងកម្រិតពិភពលោកនូវរបបខ្យល់ សំពាធ​អាកាស និង​ការធ្លាក់ភ្លៀង ហើយវាក៏ជះឥទ្ធិពលដ៏ខ្លាំងក្លាលើសីតុណ្ហភាព​ពិភពលោកនៅ​អំឡុង​​ឆ្នាំដែលវាលេចឡើង។

លោកស្រីសេឡេស សូឡូ អគ្គលេខានៃទីភ្នាក់ងារឧតុនិយមពិភពលោក បានថ្លែងថា ៖ “បាតុភូត​អេល នីណូ បានមានវត្តមានរួចហើយ និងបានរីកទំហំធំឡើង​យ៉ាងឆាប់រហ័ស​ដើម្បី​ឈាន​ទៅដល់កម្រិតដ៏មហាខ្លាំងក្លា។ លោកស្រីបន្ថែមថា ៖ “វានឹងបង្កើននូវលទ្ធភាព​នៃការ​កើត​មានឡើងនូវគ្រោះរាំងស្ងួត ការធ្លាក់​ភ្លៀងខ្លាំងក្លា ព្រមទាំងហានិភ័យនៃរលកកម្តៅ​នៅលើ​ផ្ទៃដី និងនៅលើសមុទ្រ​នៅក្នុងតំបន់​ជាច្រើននៅលើពិភពលោក”។ បាតុភូតនេះមានលក្ខណៈ​ជាចង្វាក់។ វាប៉ះពាល់ដល់អាកាសធាតុពិភពលោកជាច្រើនខែតាមរយៈការជះឥទ្ធិពល​ដូមីណូ។

យោងតាមទីភ្នាក់ងារឧតុនិយមពិភពលោក ការព្យាករលើមជ្ឈមណ្ឌលសំខាន់ៗនៃពិភពលោក បង្ហាញអំពីការកើតឡើងជាស្ថិរភាព និងខ្លាំងក្លា នៃសីតុណ្ហភាព​មហាសមុទ្រនៅក្នុង​ភាគ​កណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វ៊ិកអេក្វាទ័រ។ ជាមួយនឹងភាពខុស​ប្រក្រតី​តាមរដូវនៃសីតុណ្ហភាពមធ្យមលើផ្ទៃសមុទ្រ គេរំពឹងថា វានឹងឡើងលើសពី ២°C នៅតំបន់​សំខាន់ៗដែលត្រូវបានសង្កេត។

ទីភ្នាក់ងារឧតុនិយមពិភពលោកបញ្ជាក់ថា គំរូនៃការព្យាករមានការស្របគ្នាយ៉ាងគួរ​ឲ្យកត់​សម្គាល់ ដែលផ្តល់នូវកម្រិតទំនុកចិត្តខ្ពស់ចំពោះទស្សនវិស័យលើការវិវត្ត។​ ស្របពេល​គ្នា​នេះដែរ សីតុណ្ហភាពនៅក្នុងមហាសមុទ្រអាត្លង់ទិកអេក្វាទ័រនឹងនៅតែស្ថិតនៅខ្ពស់ជាង​ធម្មតា​ជា​ទូទៅ។

អង្កការឧតុនិយមពិពលោក ព្យាករអំពីលទ្ធភាពខ្លាំងនៃសីតុណ្ហភាពដែលមានកម្រិតខ្ពស់ជាង​មធ្យមនៅស្ទើរតែគ្រប់តំបន់​ដែលមានប្រជាជនរស់នៅក្រៅពីតំបន់ប៉ូល​ សម្រាប់រយៈពេល ពី​ខែកក្កដា ដល់ខែកញ្ញា។

ទីភ្នាក់ងារឧតុនិយមពិភពលោក ក៏បានព្យាករអំពីការធ្លាក់ភ្លៀងច្រើនលើសជាងធម្មតានៅ​លើ​ភាគកណ្តាល និងភាគ​ខាង​កើតនៃមហាសមុទ្រប៉ាស៊ីហ្វ៊ិកអេក្វាទ័រ និងការធ្លាក់ភ្លៀងក្រោម​កម្រិត​ធម្មតា​នៅក្នុង​តំបន់​ខ្លះ​នៃមហាសមុទ្រឥណ្ឌាត្រូពិក ឧបទ្វីបឥណ្ឌា និងនៅមួយភាគធំ​នៃ​ដែនដី​​អូស្រ្តាលី។

 

Daily Program

Livesteam thumbnail