ចរន្តទឹកសមុទ្រអាត្លង់ទិកអាចនឹងថយចុះពាក់កណ្តាលពីពេលនេះរហូតដល់ ឆ្នាំ២១០០
យោងតាមការសិក្សាមួយដែលត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ វិទ្យាសាស្រ្តឆ្ពោះទៅមុខ (Science Advances) និងតាក់តែងដោយអ្នកសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យ ប័រដូ និងមជ្ឈមណ្ឌលជាតិនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត (CNRS) ប្រទេសបារាំង បានឲ្យដឹងថា ប្រព័ន្ធដ៏ស្មុគស្មាញនៃចរន្តទឹក ឬចរន្តទឹកមហាសមុទ្រអាត្លង់ទិកតាមបណ្តោយទិសជើង‑ត្បូង អាចនឹងថយល្បឿន ៥១% ពីពេលនេះទៅដល់ដំណាច់សតវត្ស។
រហូតមកដល់បច្ចុប្បន្ននេះ គំរូអាកាសធាតុព្យាករថា មានការថយចុះនៃចរន្តទឹក ៣២% ជាមធ្យម។ លោកវ៉ាឡង់តាំង ប៉តម៉ាន បណ្ឌិតអាកាសធាតុ និងជាអ្នកតាក់តែងសំខាន់នៃការសិក្សារៀបរាប់ថា ៖ “យើងទទួលបាននូវការវាយតម្លៃអំពីការថយល្បឿននៃចរន្តទឹកមហាសមុទ្រអាត្លង់ទិកតាមបណ្តោយទិសជើង‑ត្បូង នាពេលអនាគត ដែលធ្ងន់ធ្ងរជាងអ្វីដែលយើងបានរំពឹងទុក។” អ្នកសិក្សាស្រាវជ្រាវរូបនេះ បន្ថែមថា ៖ “យើងខិតទៅជិតសភាពគ្រោះថ្នាក់ដែលគួរឲ្យព្រួយបារម្ភ។”
ពីពេលនេះរហូតទៅដល់ដំណាច់សតវត្ស ចរន្តទឹកមហាសមុទ្រអាត្លង់ទិកតាមបណ្តោយទិសជើង‑ត្បូង នឹងត្រូវបាត់បង់នូវវិសាលភាពរបស់ខ្លួន ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលបង្កើនកម្តៅទឹកនៅលើផ្ទៃលើ និងបន្ថែមដោយការបែងចែកស្រទាប់ទឹកក្នុងសមុទ្រ ឲ្យកាន់តែពិបាកក្នុងការលាយបញ្ចូលគ្នា។
ការថយចុះដ៏ខ្លាំងក្លានៃចរន្តទឹកសមុទ្រនេះ ឬក៏អាចបាត់បង់តែម្តងផង នឹងមានវិបាកដ៏មហន្តរាយសម្រាប់ភពផែនដី។ ចរន្តទឹកមហាសមុទ្រអាត្លង់ទិកតាមបណ្តោយទិសជើង‑ត្បូង មានតួនាទីដ៏សំខាន់នៅក្នុងការសម្របសម្រួលអាកាសធាតុ។ ការដួលរលំរបស់វាអាចនឹងបង្កឲ្យមានការធ្លាក់ចុះនៃសីតុណ្ហភាពនៅអឺរ៉ុបខាងជើង គ្រោះរាំងស្ងួតនៅតំបន់សាហេល និងអាស៊ីខាងត្បូង ការឡើងកម្ពស់ទឹកសមុទ្រនៅអាម៉េរិកខាងជើង និងការចាប់យកឧស្ម័នកាបូនិកដោយសមុទ្រកាន់តែថយចុះ។ល។
កាលពីរបាយករណ៍ទី៦នៃឆ្នាំ២០២១ អ្នកឯកទេសនៃអាកាសធាតុរបស់ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលនៃការវិវត្តន៍អាកាសធាតុ ធ្លាប់បានវិនិច្ឆ័យដែលមានការប្រហាក់ប្រហែលខ្ពស់ នូវការដួលរលំនៃចរន្តទឹកមហាសមុទ្រអាត្លង់ទិក។
លោកហ្វ្ល៉ូ សេវេលលិក នាយកនៃការសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិនៃការសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្ត បារាំង បានពិព៌នាថា ៖ “មានការយល់ព្រមជាកុងសង់សុសថា ចរន្តទឹកសមុទ្រនេះកំពុងថយចុះ។ ប៉ុន្តែក៏នៅមានការពិភាក្សាច្រើនទៀតអំពីកម្រិតវិសាលភាពនៃការថយចុះនេះ។ អ្នកសិក្សាស្រាវជ្រាវពិព៌នាថា ៖ “អត្ថបទនៃវិទ្យាសាស្រ្តឈានទៅមុខ បានកែលម្អការវាយតម្លៃអំពីការថយចុះនាពេលអនាគត និងកាត់បន្ថយភាពមិនច្បាស់លាស់” ដោយសារតែស្ទើតែគ្រប់គំរូអាកាសធាតុព្យាករអំពីការថយចុះនៃចរន្តទឹកមហាសមុទ្រអាត្លង់ទិកតាមបណ្តោយទិសជើង‑ត្បូង នឹងថយចុះមុនឆ្នាំ២១០០ ប៉ុន្តែគេធ្វើការព្យាករ ជាមួយនឹងកម្រិតខុសគ្នា ចាប់ពី -៣% ដល់ -៧២%។ ប៉ុន្តែការសិក្សានេះវិញបានព្យាករថា ចរន្តទឹកសមុទ្រអាត្លង់ទិកថយចុះ ៥១% ជាមួយនឹង កម្រិតភាពមិនច្បាស់លាស់តិចជាងមុន។
លោកស្តេហ្វាន រាមស្តហ្វ សមុទ្រវិទូនៅវិទ្យស្ថានប៉តស្តាមសម្រាប់ការស្រាវជ្រាវអំពីឥទ្ធិពលនៃអាកាសធាតុ បានរៀបរាប់ថា ៖ “អត្ថបទបង្ហាញថា គំរូនេះ «មើលទៅអាក្រក់» ដែលព្យាករថាចរន្តទឹកមហាសមុទ្រអាត្លង់ទិកតាមបណ្តោយទិសជើង‑ត្បូង នឹងអស់ថាមពលយ៉ាងខ្លាំងមុនឆ្នាំ ២១០០ តែវាជាគំរូ ដែលមានភាពខិតជិតជាងគេនឹងការពិត ជាមួយទិន្នន័យនៃការសង្កេត។ សម្រាប់អ្នកសិក្សាស្រាវជ្រាវរូបនេះ រឿងនេះមានន័យថា ចរន្តទឹកមហាសមុទ្រអាត្លង់ទិកតាមបណ្តោយទិសជើង‑ត្បូង នឹងមានអត្រាចរន្តទឹក ទាបបំផុតនៅឆ្នាំ ២១០០ ដល់ថ្នាក់ដែលវា អាចនឹងឈប់ដំណើរការទាំងស្រុង។