សង្គ្រាមនៅមជ្ឈិមបូព៌ា ផ្លាស់ប្តូរពិភពលោក​ឲ្យងាកទៅប្រើប្រាស់​ថាមពលកកើតឡើងវិញ

សង្រ្គាមសព្វថ្ងៃនៅមជ្ឈិមបូព៌ាបានលាតត្រដាងឲ្យឃើញនូវភាពងាយរងគ្រោះខ្លាំង​នៃ សេដ្ឋកិច្ចពិភពលោក ដែលអាស្រ័យលើឥន្ធនៈផូស៊ីល​ និងដែលឆ្លងកាត់តាមតំបន់​ដែល​រង ផល​ប៉ះពាល់ពីជម្លោះ។ នេះគឺជាស្ថានភាពដែលពង្រឹងអំណះអំណាងរបស់អង្គការសហ​ប្រជាជាតិដែលគាំទ្រដល់ការផ្លាស់ប្តូរឲ្យកាន់តែលឿនឆ្ពោះទៅរកថាមពលកកើតឡើងវិញ ដែល​មានភាពសម្បូរ និងមានភាពធន់ជាង។

ច្រកសមុទ្រអ័រមូស ដែលស្ថិតនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ និងដែលជាច្រកឆ្លងកាត់ និងផ្គត់​ផ្គង់ប្រេង និងឧស្ម័នពិភពលោក ១/៥ ត្រូវបានបិទមួយភាគធំសម្រាប់​ការធ្វើនាវាចរណ៍​ចាប់​តាំង​ពីដើមខែមីនា។ អស់រយៈពេល ១ខែ មកហើយ ដែលសង្រ្គាមបានកើតពាក់ព័ន្ធរវាង ប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល និងប្រទេសមួយចំនួនទៀត។

វិបប្លាសនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័ននេះ បានបង្ករួចហើយ​នូវការថយចុះ​ការអាចប្រើប្រាស់​ឥន្ធនៈផូស៊ីលនេះសម្រាប់ប្រទេសនៅក្នុងពិភពលោកទាំងមូល​ដែលត្រូវការ​វាដើម្បីផលិត​ថាមពល។ ម្យ៉ាងទៀតតម្លៃនៃឥន្ធនៈផូស៊ីល​​បានកើនឡើងអង្រួនទីផ្សារពិភពលោក។ 

យោងតាមតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការកកស្ទះដែលបង្ក​ឡើង​ដោយការបិទស្ទើរតែទាំងស្រុងនៃច្រកសមុទ្រអ័រមូស បានបង្ហាញឲ្យឃើញច្បាស់​អំពី​បញ្ហា​មូ​លដ្ឋានមួយ គឺថា សន្តិសុខថាមពល មិនអាចកំណត់ត្រឹមតែបញ្ហានៃការផ្គត់ផ្គង់ទេ ប៉ុន្តែ​វាក៏ត្រូវពឹងផ្អែកលើសមត្ថភាពធន់ទ្រាំ និងការស្វែងរកប្រភពថាមពលជំនួសក្នុង​ពិភពលោក​​ដែលកាន់តែមានភាពមិនស្ថិតស្ថិរឡើង។

កាលពីដើមឆ្នាំនេះ អគ្គលេខាអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បាន​ព្រមាន​ថា ៖​ “នៅក្នុងយុគសម័យនៃសង្រ្គាម... ការពឹងអាស្រ័យលើឥន្ធនៈផូស៊ីល​ធ្វើឲ្យបាត់បង់​ស្ថិរភាព​ទាំងទៅលើអាកាសធាតុ និងសន្តិសុខពិភពលោក”។

ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា វាកាន់តែច្បាស់ឡើងៗថា ទី១ អាងស្តុក​បម្រុង​សំខាន់ៗ​នៃប្រេង និងឧស្ម័ន ត្រូវបានប្រមូលផ្តុំ​នៅតំបន់ដែលងាយ​រងគ្រោះនឹងជម្លោះ។

ទី២ ផ្លូវនៃការដឹកជញ្ជូន​អាចនឹងត្រូវជួប​វិបរិត​ដោយសារ​ការ​កើន​ឡើងនៃកម្តៅ​យោធា និងទី៣ ការ​​​ហក់​ឡើងនៃតម្លៃឥន្ធនៈ​អាចសាយភាយយ៉ាងរហ័ស​សម្រាប់សំណុំសេដ្ឋកិច្ច​ទាំងមូល​តែម្តង។

នៅខណៈដែលប្រទេសជាច្រើននៅក្នុងពិភពលោកទាំងមូលបន្តពឹងផ្អែកលើឥន្ធនៈផូស៊ីល​ដើម្បី​ឆ្លើយតប​នឹងតម្រូវការប្រចាំថ្ងៃនៃពលរដ្ឋរបស់ពួកគេ និងជំរុញសំទុះសេដ្ឋកិច្ច វាក្លាយ​ជា​ច្បាស់ការណ៍ថា ពួកគេនឹងកាន់តែងាយរងគ្រោះឡើងដែលមិនដែលធ្លាប់ជួប​សម្រាប់ការកាត់​ផ្តាច់​ភ្លាមៗនៃការផ្គត់ផ្គង់។ ទំនាក់ទំនងដែលមានស្ថិរភាព និងយុទ្ធសាស្រ្ត​ជាមួយនឹង​ប្រទេស​ដទៃៗ ដែលសំដៅ​ធានា​ការផ្គត់ផ្គង់ថាមពល គឺមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសនៅ​ពេល​ដែលតម្រូវការថាមពលកើនឡើង។

កាលពីខែកុម្ភៈ លោកហ្គូទែរ៉េស ធ្លាប់បានថ្លែងថា ៖ “៣/៤ នៃមនុស្សជាតិរស់នៅក្នុង​ប្រទេស​ដែល​ជាអ្នកនាំចូលទាំងស្រុងនៃឥន្ធនៈផូស៊ីល គឺអាស្រ័យ​លើថាមពល​ដែលពួកគេមិនមែន​ជា​អ្នក​​គ្រប់គ្រង និងជាមួយតម្លៃ​ដែលពួកគេមិនអាចព្យាករ។”

ដំណោះស្រាយមួយសម្រាប់ការការពារខ្លួនពីវិបត្តិ និងភាពចលាចល ដែលបង្កឡើងដោយការ​ខ្វះខាត​ក្នុងការអាចចូលប្រើប្រាស់ឥន្ធនៈផូស៊ីល រួមមានការផ្លាស់ប្តូរទៅប្រើប្រាស់ប្រភព​ថាមពល​កកើត​ឡើងវិញ ដូចជា ថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងថាមពលទឹក។

ថាមពលកកើតឡើងវិញជារឿយៗមានប្រភពពីក្នុងតំបន់ផ្ទាល់ ដែលត្រូវបានផលិត​ក្នុងដែន​ដីជាតិ និងជាវិបាក គឺវាមិនសូវងាយរងគ្រោះពីវិបត្តិពិភពលោក ដែលអាចបង្កឡើងពីវិបត្តិ​នៃ​ភូមិសាស្រ្តនយោបាយឡើយ។

 

Daily Program

Livesteam thumbnail