ទុក្ខសោកនៃបឹងបាល់ខាត ជាបឹងមួយដ៏ធំនៅតំបន់អាស៊ីកណ្តាល
អត្ថិភាពនៃបឹងធំបំផុតទី២ នៃតំបន់អាស៊ីកណ្តាល ត្រូវរងការគំរាមកំហែងដោយការធ្វើអាជីវកម្មលើសលប់ ការបំពុល និងការប្រែប្រួលអាកាសធាតុ។
លោកអាឡិចសីអ៊ី ហ្គ្រឺបេនីកូវ គឺជាអ្នកនេសាទនៅត្រើយខាងជើងនៃបឹងនេះ។ បឹងនេះមានទឹកប្រៃតិចៗ ត្រជាក់ និងជាជម្រកនៃពូជសត្វកម្រជាច្រើន។ លោកហ្គ្រឺបេនីកូវ និយាយទាំងសោកស្តាយថា លោកមើលឃើញគ្រប់ទុក្ខសោកនៃបឹងបាល់ខាតនៅក្រោមភ្នែកផ្ទាល់របស់លោក។
អ្នកនេសាទដែលមានវ័យ ៥០ឆ្នាំជាង និងស្ថិតនៅលើនាវា ដែលចតនៅកំពង់ផែទីក្រុង ឧស្សាហកម្ម បាល់ខាត បាននិយាយសង្កត់ធ្ងន់ថា ត្រីមានកាន់តែតិចទៅៗ។ នេះគឺជា មហន្តរាយ។ បឹងគោកឃើញខ្សាច់។ អ្នកនេសាទរូបនេះ បន្តថា ពីមុន យើងដឹកនាំភ្ញៀវទេសចរណ៍ និងធ្វើការនេសាទក្រោមទឹក។ ឥឡូវ តំបន់នេះបានក្លាយជាវាលភក់ល្បាប់។
នៅក្នុងមន្ទីពិសោធន៍របស់ខ្លួននៅក្នុងទីក្រុង លោកស្រីអូលហ្គា ចារីប៉ូវា គឺជាអ្នកវិទ្យាសាស្រ្តដែលសិក្សាអំពីការប្រែប្រួលនេះ។ លោកស្រី ពន្យល់ថា បឹងបាល់ខាត គឺជាអាងទឹកនេសាទ ដ៏ធំបំផុតនៃប្រទេសកាហ្សាស្ថាន។ ប៉ុន្តែនៅពេលដែលកម្រិតទឹកធ្លាក់ចុះ បរិមាណនៃត្រីក៏ធ្លាក់ចុះផងដែរ ដោយសារតែលក្ខខណ្ឌនៃការបន្តពូជរបស់ពួកវាត្រូវបានជួបវិបប្លាស។ លោកស្រីចារីប៉ូវា បញ្ជាក់ថា កម្រិតទឹកនៅក្នុងបឹងបាល់ខាតធ្លាក់ចុះគ្រប់ទីកន្លែងតាំងពីឆ្នាំ២០១៩ ដែលជាសំខាន់ដោយសារការធ្លាក់ចុះនៃធាទឹកនៃស្ទឹង អ៊ីលី ដែលមានប្រភពពីតំបន់ស៊ីងជាំង នៃប្រទេសចិនជិតខាង ។
ជោគវាសនាអាក្រក់មានកម្រិតខុសៗ គ្នាសម្រាប់គ្រប់បឹងធំៗ ឬគេហៅថា ជាសមុទ្របិទជិត នៃតំបន់អាស៊ីកណ្តាល។ សមុទ្រអារ៉ាល់ ស្ទើតែរលប់បាត់។ មានស្ថានភាពប្រកាសអាសន្ននៅសមុទ្រកាព្យែន ហើយបឹងអ៊ីស៊ីក គូល ក៏ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ផងដែរ។
យោងតាមព្រឹត្តិបត្រវិទ្យាសាស្រ្ត បានលំអិតថា ដោយសារតែបឹងធំៗ ទាំងនេះនៅដាច់ឆ្ងាយពីសមុទ្រ ហើយស្ថិតនៅក្នុងតំបន់ស្ងួត ពួកវាងាយរងគ្រោះជាពិសេសដោយសារវិបប្លាសដែលបង្កឡើងដោយសារប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្ស។ ការកើនឡើងនូវសីតុណ្ហភាពបង្កើនល្បឿនការភាយជាចំហាយទឹក នៅខណៈដែលប្រភពទឹករបស់ពួកវាត្រូវបានបាត់បង់ដោយសារតែការបាត់បង់ទឹកកកនៅតំបន់ជុំវិញ។ ហើយសារសំខាន់នៃសកម្មភាពសេដ្ឋកិច្ចដែលកើនឡើងនៃបឹងបាល់ខាត ដែលស្ថិតនៅតាមផ្លូវសូត្រថ្មី ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ដែលចងភ្ជាប់ទ្វីបអាស៊ី និងអឺរ៉ុប ក៏ចូលរួមធ្វើឲ្យវាបាត់បង់ផងដែរ។
យោងតាមការសិក្សាមួយនៅឆ្នាំ២០២១ ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្រនៃសកលវិទ្យាអុកស្វ៉ត ចក្រភពអង់គ្លេស និងត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រទឹក បានឲ្យដឹងថា ការធ្លាក់ចុះនៃកម្ពស់ទឹកជាលទ្ធផលនៃការប្រើប្រាស់លើសលុបនៃស្ទឹងអ៊ីលីដោយប្រទេសចិនសម្រាប់តម្រូវការដែលកើនឡើងនៃកសិកម្ម និងការប្រើប្រាស់ទឹកដ៏ច្រើនធ្វើការដាំដុះកប្បាស។ យោងតាមប្រភពដដែលនេះ បានឲ្យដឹងថា ប្រសិនបើរបបទឹកភ្លៀងនៃទន្លេអ៊ីលី ស្ថិតនៅមិនប្រែប្រួលពីពេលនេះរហូតដល់ឆ្នាំ២០៦០ ហើយចិនបន្តអភិវឌ្ឍកសិកម្ម នោះការផ្គត់ផ្គង់ទឹកនឹងកាន់តែមានកម្រិតខ្លាំងទៅៗ។
ជាដៃគូសេដ្ឋកិច្ចមិនប្រែប្រួលនៃប្រទេសនៅតំបន់អាស៊ីកណ្តាល។ ទីក្រុងប៉េកាំង មានទំនោរតិចតួចនឹងសហការនៅលើផែនការទឹក។ កាលពីចុងខែកក្កដា រដ្ឋមន្រ្តីធនធានទឹកកាហ្សាស្ថាន បានអធិប្បាយថា ការស្ថាបនា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិនលើការបែងចែកទឹកឆ្លងកាត់ព្រំដែនគឺជាបញ្ហាគន្លឹះ។ លោកបញ្ជាក់ថា គោលដៅចម្បងគឺផ្តល់បរិមាណទឹកចាំបាច់សម្រាប់ផ្គត់ផ្គង់ដល់បឹងបាល់ខាត។