ការសិក្សាមួយបង្ហាញថា ការឡើងកម្រិតទឹកសមុទ្រអាចនឹងត្រូវបានមើលស្រាល

ការសិក្សាវិទ្យាសាស្រ្តមួយ ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ការកើនកម្ពស់កម្រិតទឹកសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រនៅលើពិភពលោក ដែល​ពាក់ព័ន្ធ​​នឹង​ការកើនកម្តៅអាកាសធាតុ និងជាប្រភពនៃមហន្តរាយដែលរាលដាល មានដូចជា ទឹកជំនន់ និងការសឹករិចរិលឆ្នេរ អាចនឹងត្រូវគេមើលរំលង និងវាយតម្លៃទាបអំពីហានិភ័យ ដ៏​មានសក្តានុពលរបស់វា ព្រមទាំងនយោបាយនៃការសម្របខ្លួនផង។

យោងតាមការវិភាគដែលដឹកនាំដោយអ្នកសិក្សាស្រាវជ្រាវពីររូប និងត្រូវបានផ្សព្វផ្សាយ នៅ ក្នុងព្រឹត្តិបត្រធម្មជាតិ បានឲ្យដឹងថា គន្លាតរវាង​ការវាយតម្លៃសព្វ​ថ្ងៃ និងកម្រិតឡើងពិត ប្រាកដនៃទឹកសមុទ្រ​នឹងមានប្រមាណ ០,៣ ម៉ែត្រ ជាមធ្យម និង​អាច​ឈានទៅដល់ជាច្រើន ម៉ែត្រផង​នៅកន្លែងខ្លះ។ ទំនោរនេះត្រូវបានគេធ្វើការកត់សម្គាល់​ជាពិសេស​នៅក្នុងប្រទេស នៃតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វ៊ិក ដែលមានគន្លាតពី១ម៉ែត្រ ទៅ ១,៥ ម៉ែត្រ ហើយ​ដែល​ប្រទេស ទាំងនេះបានរងគ្រោះរួចហើយ​ចំពោះឥទ្ធិពល​នៃការប្រែប្រួលអាកាសធាតុ មាន​ដូចជា ការពើបប្រទះព្យុះទីហ្វុង ទឹកជំនន់ និងហានិភ័យនៃ​ការលិចដីចូលទៅក្នុងទឹក។

ការវាយតម្លៃក្រោមជាក់ស្តែង ក៏ត្រូវបានគេពិនិត្យឃើញ​នៅតំបន់​អាម៉េរិកឡាទីន នៅលើឆ្នេរ ភាគខាងលិចនៃអាម៉េរិកខាងជើង នៅក្នុងតំបន់ការ៉ាអ៊ីប នៅអាហ្វ្រ៊ិក មជ្ឈិមបូព៌ា និងនៅតំបន់ ឥណ្ឌូប៉ាស៊ីហ្វ៊ីកផងដែរ។

កោះតូចៗ ខ្លះ ដែលស្ថិតនៅពីលើកម្រិតកម្ពស់ទឹកសមុទ្រ បង្ហាញខ្លួនជាខ្សែត្រៀមទី១។ ក្នុង​ចំណោមនោះ មានដូចជា ក្រុមកោះ ទូវ៉ាលូ ដែលតាមការប៉ាន់ស្មានបច្ចុប្បន្ន ក្រុមកោះនេះ​ទទួល​ការគំរាមកំហែង រួចហើយថា នឹងត្រូវទឹកលិចបាត់មុនចុងសតវត្សនេះ។

អ្នកសិក្សាស្រាវជ្រាវវាយតម្លៃថា វាលេចឡើង​ជាការចាំបាច់​នឹងវាយតម្លៃឡើងវិញ និងនៅក្នុង ករណីភាគច្រើន ដើម្បីដាក់ចេញនូវ​វិធីសាស្រ្តបំពេញបន្ថែមសម្រាប់គ្រប់ការសិក្សាដែលមាន រួច​ហើយ​អំពីហានិភ័យនៅតំបន់ឆ្នេរ។

សម្រាប់អ្នកសិក្សាស្រាវជ្រាវ ការគម្លាតដែលត្រូវបានកត់សម្គាល់ទាំងនេះ បង្ហាញឲ្យឃើញថា មាន “ចំណុចងងឹត” ដែលនឹងផ្តល់“ផលវិបាកដ៏ធំធេង” ចំពោះប្រជាជនដែលរស់នៅតាម​តំបន់​ឆ្នេរ និងសម្រាប់នយោបាយសម្របខ្លួន ដែលរដ្ឋាភិបាលនានាអាចនឹងអនុម័ត​ប្រកាន់​​យក។

លទ្ធផលរបស់ពួកគេ ផ្អែកលើការប្រៀបធៀប នៃអត្ថបទវិទ្យាសាស្ត្រចំនួន ៣៨៥ ដែល​បាន​វាយ​តម្លៃដោយអ្នកជំនាញ និងត្រូវបានបោះពុម្ពផ្សព្វផ្សាយចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០២៥ ដែល​លើកឡើងអំពីការប៉ះពាល់នៅតាមឆ្នេរ និងការវាយតម្លៃអំពីហានិភ័យ។ អ្នកសិក្សា​ស្រាវជ្រាវ​បានពិនិត្យលទ្ធផលពីការសិក្សា ឬយកអត្ថបទស្រាវជ្រាវជាច្រើន មកបញ្ចូលគ្នា ដើម្បី​​​ធ្វើ​ការ​វិភាគសរុប និងវិភាគតាមរយៈការសង្កេតផ្កាយរណបដែលមាន​ភាពជាក់ច្បាស់​ជាង ដើម្បី​គណនា​គម្លាតនៃការប្រែប្រួលរវាងកម្រិតទឹកសមុទ្រតាមឆ្នេរ ដែលត្រូវបានប៉ាន់​ស្មាន​ជាទូទៅ និង​កម្រិតពិតប្រាកដដែលត្រូវបានវាស់វែង។

លោកហ្វ៊ីលីព ម៉ានឌើហ៊ូដ អ្នកសិក្សាស្រាវជ្រាវ​ដែលមានឯកទេសអំពីបញ្ហាទំនាក់ទំនង​នៃ​កម្រិតទឹកសមុទ្រនៅសកលវិទ្យាល័យ វ៉ាសហ្ស៉ឺនីនហ្ស៉េន ប្រទេសហូឡង់ បានពន្យល់ថា តាម​​របៀបខ្លះ ការសិក្សាផ្តល់ឲ្យអ្នកធ្វើការងារអំពីផ្ទៃសមុទ្រ ហាក់ស្ថិតនៅក្នុងស្ថានភាព​ស្ងប់ស្ងាត់ និងគ្មានការរំខាន ប៉ុន្តែវាមិនស្របតាមភាពជាក់ស្តែងនៅលើទីកន្លែងផ្ទាល់ទេ។  ការ​សិក្សាបញ្ជាក់ថា កម្រិតទឹកសមុទ្រត្រូវបានប៉ាន់ស្មានទាប​ជាងពិត​ប្រាកដ​ចន្លោះពី ០,២៤ ម៉ែត្រ ដល់ ០,២៧ ម៉ែត្រ អាស្រ័យលើរបៀបការសិក្សា គំរូ ដែល​គេ​ប្រើ ហើយភាពខុសគ្នាខ្លះ អាចឈានដល់ ៥,៥ ម៉ែត្រ ទៅដល់ ៧,៦ ម៉ែត្រ ទៀតផង។

 

Daily Program

Livesteam thumbnail