ការទ្រុធទ្រោមរបស់ឆ្នេរ និងការកើនកម្ពស់ទឹកសមុទ្រ

ដោយការប្រើប្រាស់សេវាកម្មពីកម្មវិធីផ្កាយរណបអឺរ៉ុប កូពេនីគូស អ្នកសិក្សាស្រាវជ្រាវ នៃ ការិយាល័យនៃការសិក្សាស្រាវជ្រាវភូមិសាស្រ្ត និងរ៉ែ BRGM អាច​តាមដានចលនាបន្តិចម្តងៗ របស់ឆ្នេរ។ ជិតពាក់កណ្តាលនៃទំនាបឆ្នេរ ដីចុះទាបជាង ១មល ក្នុងមួយឆ្នាំ ដែលធ្វើឲ្យរឹតតែ​ធ្ងន់​​ធ្ងរ​ដោយសារការកើនកម្រិតនៃកម្ពស់ទឹកសមុទ្រ។

បាតុភូតនេះ ដែលគេហៅថា ការស្រុតដី ក៏ធ្វើឲ្យធ្ងន់ធ្ងរដល់ហានិភ័យ ​ដែលពាក់ព័ន្ធ នឹង សំណឹក​តំបន់ឆ្នេរ និង​ការកើនឡើងកម្ពស់ទឹកសមុទ្រ។ នេះគឺជាព័ត៌មាន​សំខាន់ដែលទទួល បានពីការងាររបស់ការិយាល័យនៃការសិក្សាស្រាវជ្រាវភូមិសាស្រ្ត និងរ៉ែ BRGM ដែលទើបតែ​ផ្សព្វ​ផ្សាយជាសាធារណៈ​នូវព្រឹត្តិបត្រវិទ្យាសាស្រ្ត អនាគតផែនដី Earth’s Future។

អ្នកសិក្សាស្រាវជ្រាវបានឈានមកដល់​លទ្ធផលនេះ​ដោយផ្គុំវិធាននៃឧបករណ៍ពីរ។ ទី១ គឺ​ប្រព័ន្ធ GPS និងមួយទៀត ថ្មីៗនេះ គឺសេវាកម្មអឺរ៉ុបនៃការតាមដាន​នៃចលនារបស់ដី​នៅ​កម្ម​វិធី​​ផ្កាយ​រណប កូពេនីគូស។ កម្មវិធីនេះផ្តល់ទិន្នន័យអំពីចលនារបស់ដី​នៅអឺរ៉ុបចាប់​តាំង​​ពីឆ្នាំ​២០១៥។ នេះគឺសេវាកម្មមិនយកប្រាក់នឹងបើកចំហសម្រាប់គ្រប់ប្រភេទនៃអ្នកប្រើប្រាស់ អាច​ឲ្យ​តាម​ដាន​​​ ដល់កម្រិត មីលីម៉ែត្រ នៃចលនាមិនឈប់ឈរបស់ដី ព្រមទាំងការប្រែប្រួល​ដែល​នាំមក​លើ​​ផ្ទៃដី​​ដោយការរញ្ជួយដីផងដែរ។ 

លោករ៉េមី ធៀប្ល៉ឺម៉ុង អ្នកសិក្សាស្រាវជ្រាវ​ដែលមានឯកទេសអំពីការប្រែប្រួលអាកាសធាតុ និង​ហានិភ័យនៅលើឆ្នេរ នៅ BRGM និងជាសហនិពន្ធនៃអត្ថបទ បានរៀបរាប់ថា ៖ “​យើង​មាន​គំនិត​អំ​ពីការប្រើប្រាស់សេវាកម្មតាមដានតំបន់ឆ្នេរដើម្បីផ្ទៀងផ្ទាត់អំពីស្ថិរភាព​របស់ដី​នៅ​ទី​នោះ”។ លទ្ធផលទទួលបាន គឺគួរឲ្យព្រួយបារម្ភ។ ជិតពាក់កណ្តាលនៃតំបន់ឆ្នេរ​នៅដីទំនាប​អឺរ៉ុបស្រុត​ចុះ​ ជាង ១មល ក្នុងមួយឆ្នាំ។ ប្រសិនបើយើងបន្ថែមការស្រុតដីចុះ និងការកើន​កម្ពស់​​ទឹក​​សមុទ្រ គឺវាមាន​កម្ពស់ ៥មល ក្នុងមួយឆ្នាំ នៃការកើនឡើងកម្ពស់ទឹក ដែលនឹង​ពន្លិច​​ឆ្នេរភាគ​ច្រើន។

មូលហេតុគឺមកពីធម្មជាតិផង និងមកពីមនុស្សផង។ តំបន់ស្កង់ឌីណាវ មានការលើក​លែង​ដោយសារតែរយៈកម្ពស់ខ្ពស់នៃតំបន់នេះ​នៅលើពិភពលោក ដែលមិនសូវប៉ះពីការរលាយ​នៃ​ស្រទាប់​ទឹកកក។ ដីតំបន់នេះ មានកម្ពស់ខ្ពស់ ហើយក៏បានស្រាលពីទឹកកក​ដែលមានអាយុ​រហូត​ដល់ ២០០០០ ឆ្នាំ និងមានកម្រាស់ដល់ទៅ ៣គម។

លោករ៉េមី ធៀប្ល៉ឺម៉ុង បន្តថា ៖ “ប៉ុន្តែការបែងចែកឡើងវិញនូវម៉ាស់នៅក្នុងសំបកផែនដី​ បានធ្វើ​ឲ្យ​​តំបន់នៅក្រៅតំបន់ទាំងនេះ មានដីស្រុតចុះ”។ នេះគឺជាបាតុភូត​ជា​ធម្មជាតិ​ដែលប៉ះពាល់​ដល់​ដី​សន្តតាមដងទន្លេ។ ការពូនគរនៃកំណកកករ និងទម្ងន់របស់វា បង្កបានជាការចុះទន់​ខ្សោយ​​នៃដី។ សកម្មភាព​របស់​មនុស្ស​ក៏រឹតតែធ្វើឲ្យចលនានេះធ្ងន់ធ្ងរថែម តាមរយៈមូលហេតុ​ពីរ​សំខាន់។ ទីមួយ ការទាញ​យក​ឧស្ម័ន និងទឹកនៅក្នុងដីតំបន់ឆ្នេរ។ ទីពីរ គឺទម្ងន់នៃសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែល​ដាក់​ទម្ងន់លើដី​ជាទូទៅ។

គេរកឃើញមូលហេតុទាំងនេះ​នៅលាយឡំគ្នា​។ មានតំបន់អឺរ៉ុបពីរ​ដែលពាក់ព័ន្ធនឹងការ​ស្រុត​ដី។ ទីមួយគឺតំបន់នៅភាគខាងជើងប្រទេសហូឡង់។  

លោករ៉េមី ធៀប្ល៉ឺម៉ុង ធ្វើការលំអិត​ថា ៖ “ការទាញធ្វើអាជីវកម្មរ៉ែធម្ម​ជាតិនៅទីនោះ ចោទ​ជា​បញ្ហា​ជាមួយនិងស្ថានភាព​ភូមិសាស្រ្ត​នៃតំបន់ ដែលស្រុតចុះ ដោយសារតែវានៅជាប់ព្រំនឹង​អឺរ៉ុប​ខាង​ជើងដែលដីកំពុង​កើន​កម្ពស់​ដី”។ ទីពីរ គឺតំបន់អឺរ៉ុបដែលរងផលប៉ះពាល់បំផុត នោះ​គឺ​ទំនាប នៅព្រំតំបន់​អាឌ្រីយ៉ា​ទិក។ នៅទីនោះ មានការហាប់នៃកំណកកករ ចលនា​តិចតូនិច ទំងន់នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមឆ្នេរ និងបន្ថែមពីលើដោយការបូមទឹកក្រោមដីមក​ប្រើ។​ស្រទាប់​​ ដី​ក៏ស្វែងរកស្ថិរភាព ដោយការស្រុតចុះ។ ទីក្រុងដែលមានបញ្ហាខ្លាំង គឺទីក្រុង​វេនីស ប្រទេសអ៊ីតាលី ដែលកំពុងលិចទៅក្នុងទឹក។

 

Daily Program

Livesteam thumbnail