អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ តាមម៉ាថាយ ១១,១១-១៥ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
អត្ថបទដំណឹងល្អថ្ងៃនេះ យើងឆ្ងល់ដែលយើងអាចឃើញថា អ្នកនិពន្ធអត្ថបទដំណឹងល្អគាត់ចង់សរសេរថា អ្នកដែលចូលនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមនុស្សដែលឃោរឃៅ បញ្ជាក់ដូចនៅក្នុងលោកិយម្យ៉ាង។ តើត្រូវតែយល់ព្រះបន្ទូលនេះយ៉ាងដូចម្តេច?
ប្រហែលជាដើម្បីចូលនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ ជាព្រះរាជ្យដែលពោរពេញដោយសេក្តីស្រឡាញ់ ធម៌មេត្តាករុណា និងយុត្តិធម៌យើងត្រូវតែមានចិត្តឃោរឃៅឬយ៉ាងណា? ក្នុងន័យនេះ គឺឲ្យយើងត្រូវតែបង្ខំចិត្ត ឬយើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយអស់ពីកម្លាំងចិត្ត មិនមែនឱ្យយើងប្រព្រឹត្តអំពើអាក្រក់ដូចជាសង្កត់ជិះជាន់អ្នកដទៃនោះទេ។ ប៉ុន្តែឱ្យយើងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីចូលនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។
ប៉ុន្តែបើយើងខ្ជិលពេក ឬយើងមិនសូវរវីរវល់ ប្រហែលជាព្រះជាម្ចាស់មិនបង្ខំឱ្យយើងចូលនៅក្នុងព្រះរាជ្យរបស់អង្គដែរ។ ព្រះជាម្ចាស់ទុកសេរីភាពឲ្យយើង ប៉ុន្តែអ្នកដែលយល់អំពីតម្លៃនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះពិតជាខិតខំមែនទែន ដោយសារថ្ងៃណាយើងយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ថ្ងៃនោះយើងចង់ទទួលសេចក្តីស្រឡាញ់នោះឱ្យអស់ពីសមត្ថភាពមែន គ្មានគោលដៅអ្វីខ្លះក្រៅពីការទទួលសេចក្តីស្រឡាញ់នេះនៅក្នុងជីវិតរបស់យើងឡើយ។
ពេលយើងបានជួបព្រះយេស៊ូ ពេលយើងបានកែប្រែចិត្តគំនិត យើងចង់នៅជាមួយព្រះអង្គ រួមរស់ជាមួយព្រះអង្គ ទោះបីមានការលំបាក ទោះបីមានទុក្ខលំបាក ទោះបីមានឧបសគ្គជាច្រើនក៏យើងចង់រួមរស់ជាមួយព្រះយេស៊ូ ដោយសារនេះជាគោលដៅនៃជិវិតរបស់យើង។ ព្រះយេស៊ូ ជាមិត្តសម្លាញ់ ជាអ្នកដែលផ្តល់អត្ថន័យដល់ជីវិតរបស់យើង។ ដូច្នេះក្នុងរដូវរង់ចាំ យើងត្រូវតែខិតខំបន្តិចទៀត។ ខ្ញុំឃើញគ្រីស្តបរិស័ទខ្លះដូចជារដូវរង់ចាំជារដូវធម្មតា ដូចជាគេមកអភិបូជារាល់អាទិត្យតែប៉ុណ្ណឹង អត់មានការផ្លាស់ប្តូររបៀបរស់នៅ អត់មានការខិតខំអធិដ្ឋាន អត់មានការខិតខំធ្វើអំពើល្អច្រើនជាងមុនឡើយ។
បន្តិចទៀតព្រះយេស៊ូយាងមកប្រសូតនៅក្នុងលោកនេះ ព្រះយេស៊ូប្រសូតនៅក្នុងដួងចិត្តរបស់យើងសុំឱ្យយើងខិតខំទទួលព្រះអង្គ។ ប្រសិនបើមានស្តេចមួយអង្គមកផ្ទះយើង យើងធ្វើអី? យើងជូតផ្ទះឱ្យស្អាតមែនទែន យើងរៀបចំពិធីជប់លៀង មានអញ្ជើញភ្ញៀវជាច្រើន មានស្លៀកពាក់ស្អាតៗមែន តែព្រះយេស៊ូមានឋានៈធំជាងស្តេច ប៉ុន្តែបញ្ហាគឺយើងមើលព្រះយេស៊ូមិនឃើញ។ គ្រីស្តបរិស័ទជាច្រើនហាក់ដូចជាមិនសូវរវីរវល់មិនសូវខិតខំប៉ុន្មានទេ ប៉ុន្តែតាមពិត ទោះបីយើងមើលព្រះអង្គមិនឃើញ ក៏ព្រះអង្គគង់នៅជាមួយ មានវត្តមាននៅក្នុងជីវិតរបស់យើង ឲ្យតែយើងមានជំនឿ។ លក្ខណៈនៃជំនឿពេលដែលយើងមើលព្រះអង្គមិនឃើញ តែយើងជឿជាក់ថា ព្រះអង្គគង់នៅជាមួយយើង ហើយប្រសិនបើយើងខិតខំ ព្រះយេស៊ូនឹងសម្តែងឱ្យយើងឃើញនៅថ្ងៃណាមួយ។ សុំឱ្យយើងត្រៀមខ្លួនទទួលព្រះយេស៊ូដើម្បីឱ្យមានអំណរសប្បាយយ៉ាងពិតប្រាកដនៅពេលក្រោយ។ អាម៉ែន៕