ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ២៥,១៤-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរ បងប្អូនជាទីស្រឡាញ់! ខ្ញុំអញ្ជើញបងប្អូនអធិដ្ឋាន ទីណាមានមេត្តានិងសេចក្តីស្រឡាញ់ ព្រះជាម្ចាស់គង់ជាមួយយើង! ឥឡូវស្ថានភាពនៃសង្រ្គាមធ្វើឲ្យបាក់បែក ធ្វើឲ្យមានទុក្ខវេទនា យើងសូមទូលអង្វរព្រះជាម្ចាស់ សូមឲ្យរាជរដ្ឋាភិបាលទាំង២ប្រទេសខែ្មរ និងថៃ ចេះរិះគិតជាមួយគ្នា រកដំណោះស្រាយដោយសន្តិវិធី ជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ និងប្រជាជន។
នៅថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងពីប្រស្នាអំពីម្នាក់ៗដែលបានទទួល៥តម្លឹង ២តម្លឹង និងម្នាក់១ តម្លឹង។ បាទ! ប្រស្នានេះនាំឲ្យយើងបានទទួលការបង្កើតពីព្រះជាម្ចាស់ មានរូបសម្បត្តិ លក្ខណៈផ្សេងៗពីគ្នា នឹងទីពីរ៖ ព្រះជាម្ចាស់ផ្តល់សេរីភាពឲ្យយើងនៅក្នុងការរិះគិត ការសម្រេចចិត្តនៅក្នុងអ្វីៗដែលយើងធ្វើ ព្រះជាម្ចាស់បានធ្វើឲ្យយើងជារូបតំណាងរបស់ព្រះអង្គ ត្បិតទ្រង់បង្កើតយើងម្នាក់ៗមានលក្ខណៈសម្បត្តិផ្សេងៗគ្នា តែឲ្យយើងមានសេរីភាពក្នុងការរិះគិត នឹងការសម្រេចចិត្ត។ នេះជាព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រទានឲ្យ ដូច្នេះនៅក្នុងព្រះអំណោយទានដែលយើងបានទទួលនៅថ្ងៃនេះ៥ តម្លឹង ២តម្លឹង និង១តម្លឹងតើអំណោយទានទាំងនេះ អាចយកមកធើ្វអី្វបានខ្លះ?
បងប្អូនជាទីស្រឡាញ់ នៅពេលដែលយើងដឹងថាព្រះជាម្ចាស់បង្កើតយើងឲ្យមានលក្ខណៈផ្សេងៗពីគ្នា ទាំងសេរីភាព សេចក្តីទាំងនេះព្រះអង្គចង់ឲ្យយើងរស់នៅជាបងប្អូននឹងគ្នា ជាគ្រួសារតែមួយ ដោយដឹងថា ព្រះជាម្ចាស់បានបង្កើតយើង ហើយធ្វើឲ្យយើងចេះជួយគ្នាចេះយល់គ្នា រស់នៅជាមួយគ្នា ដោយមិនគិតថាយើងចេះជាងគេ ល្អជាងគេ ប្រសើរជាងគេនោះទេ តែផ្ទុយទៅវិញធ្វើឲ្យយើងមានចិត្តអាណិតអាសូរ និងចេះជួយគ្នាដើម្បីបំពេញគ្នានូវចំណុចខ្វះខាតរបស់យើង។ នេះជាសេចក្តីមួយដើម្បីជួយឲ្យយើងដឹងថា អំណោយទានដែលយើងបានទទួល៥តម្លឹង ២តម្លឹង និង១តម្លឹង គឺព្រះជាម្ចាស់ចង់ធ្វើឲ្យយើង ចេះរស់នៅជាបងប្អូននិងគ្នា។
ព្រះយេស៊ូចង់ឲ្យយើងដឹងថាមានតែព្រះជាម្ចាស់ជាបិតាដ៏វិសុទ្ធ ដែលជាព្រះអម្ចាស់១០០%ជាសិរីរុងរឿង ជាភាពដ៏វិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ហើយធ្វើឲ្យមនុស្សលោកដឹងថាយើងជាអ្នកទន់ខ្សោយជាអ្នកបាបនោះ ដែលព្រះអង្គបានប្រទានឲ្យយើង ឲ្យយើងកើតជារូបតំណាងរបស់ព្រះអង្គ នេះជាការអស្ចារ្យ ទោះបីយើងមានជាតិសាសន៍ផ្សេងគ្នា ប៉ុន្តែព្រះជាម្ចាស់បានបង្រួបប្រង្រួមធ្វើឲ្យយើង ទៅជាសាច់ឈាមតែមួយក្នុងព្រះជាម្ចាស់។ សូមបងប្អូនអរព្រះគុណព្រះជាម្ចាស់នូវអំណោយទានដែលយើងបានទទួល ឲ្យយើងចេះប្រើអំណោយទានដែលយើងមាននេះសម្រាប់ស្រឡាញ់គ្នា ផ្តល់ក្តីស្រឡាញ់ធម៌មេត្តាករុណាប្រណីសណ្ដោសចំពោះគ្នា ជួយបំពេញគ្នា ដើម្បីយើងទៅជារូបតំណាងរបស់ព្រះជាម្ចាស់ដ៏ពេញលក្ខណៈ។
នៅពេលដែលមានបញ្ហាជម្លោះបាក់បែកគ្នា សង្រ្គាមតទល់គ្នា សូមឲ្យបងប្អូនចេះមានការសោកស្តាយ ឲ្យបងប្អូនឃើញថា ទង្វើដែលយើងឈ្លោះគ្នា ឈ្នានីសគ្នា បំពានលើគ្នា គឺជាទង្វើមួយប្រឆាំងនឹងព្រះជាម្ចាស់ សូមឲ្យយើងទាំងអស់គ្នា រួមគ្នាទូលអង្វរព្រះជាម្ចាស់ សូមព្រះជាម្ចាស់លើកលែងទោសនូវភាពទន់ខ្សោយទាំងប៉ុន្មានដែលយើងបានធ្វើ ហើយឲ្យយើងនឹកចាំថាទីណាមានមេត្តានិងសេចក្តីស្រឡាញ់ គឺព្រះជាម្ចាស់គង់ជាមួយយើង អាម៉ែន៕
Daily Program
