ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាថាយ ១៧,៩-១៣អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ដូច្នេះព្យាការីអេលីបានមកហើយ ប៉ុន្តែប្រជាជនអត់ចង់ជួប អត់ចង់ស្ដាប់ អត់ចង់​ទទួល​ព្រះ​អង្គ​។ ដូច្នេះ ប្រជាជនដែលមានចិត្តរឹងរូស គេចង់រស់នៅដោយសេរីភាព ដោយចិត្តគំនិតខ្លួន​ឯង​ធ្វើ​តាម​អ្វីដែលខ្លួនពេញចិត្ត។ សេចក្ដីនេះ សឲ្យឃើញថាចិត្តគំនិតរបស់មនុស្សយើង អ្វីដែល​យើង​​ចូលចិត្ត អ្វីដែលយើង​ចង់​បាន​ គឺចង់បំពេញតាមបំណងរបស់យើងតែប៉ុណ្ណោះ។

ព្រះយេស៊ូបានទតឃើញហើយក៏មានការសោកស្ដាយចំពោះប្រជាជនរបស់ព្រះអង្គដែលមានចិត្តគំនិតរឹងរូស មិនព្រមទទួលព្រះអម្ចាស់ពេលយាង​មក សេចក្ដីនេះ ឲ្យយើងម្នាក់ៗពិនិត្យ និង​រិះគិតពិចារណា នៅក្នុងអាទិត្យទី២ នៃរដូវរងចាំនេះ​ដែលព្យាការី​បានមកថ្លែង​ព្រះបន្ទូល​ដល់​យើង។ តើយើងបានយកចិត្ត ទុក​ដាក់​ស្ដាប់​ព្រះបន្ទូលព្រម​ទាំងចង់រស់​នៅតាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ហើយឬនៅ?

បងប្អូនជាទីស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃសូមឲ្យបងប្អូនយកពេលវេលា ដើម្បីពិនិត្យមើល​នៅ​ក្នុងចិត្តដួងចិត្តរបស់យើង តើយើងបានបើកចិត្តគំនិតសម្រាប់ព្រះជាម្ចាស់ហើយឬនៅ? តើ​ព្រះ​បន្ទូលដែលយើង បានស្ដាប់ យើងបានមកអនុវត្តក្នុងជីវិតរបស់យើងហើយ​ឬនៅ? ​កុំឲ្យ​ពេល​​​វេលាដែលកន្លងផុតទៅទាំងការសោកស្ដាយ ខកខានប្រព្រឹត្ត។

រដូវរងចាំអាទិត្យទី២ នេះជាពេលវេលាល្អ ដើម្បីឲ្យយើងមានពេលសញ្ជឹងគិត ឲ្យ​យើង​មាន​ពេលមើលព្រះជាម្ចាស់! មើលសកម្មភាព​របស់ព្រះយេស៊ូដែលព្រះយេស៊ូបាន​មក​រក​​ប្រជា​ជន​របស់ព្រះអង្គ​ មកបម្រើគេ ស្រឡាញ់គេ ព្រមទាំងបណ្ដេញ​សេចក្ដី​អាក្រក់​ទាំង​ឡា​យ​។ ជា គ្រីស្ត​បរិស័ទយើងបានទទួលអំណោយ​ទាននេះ​ហើយ ​អំ​ណោ​យ​​ទានដែលព្រះយេស៊ូប្រទាន ឲ្យយើង ឲ្យ​ធ្វើកិច្ចកា​រដែល​ព្រះយេស៊ូ​ធ្វើ ដើម្បីប្រកាសដំណឹងល្អដែលយើង បានទទួលហើយ​ក៏​ឲ្យយើងបំពេញ​កិច្ចការ​នេះក្នុងនាមព្រះយេស៊ូ។

នៅក្នុងអាទិត្យទី២នេះ ខ្ញុំក៏សូមលើកតម្កើងនិងអរ​ព្រះគុណ​ព្រះ​​ជាម្ចាស់ ​ឲ្យចិត្តរំពឹង​រង​ចាំ​របស់​យើង គឺមានចិត្តសទ្ធាជឿថ្លា មានចិត្តអំណរដោយ​ចង់ជួប​ ចង់​​ឃើញ​ព្រះយេស៊ូ​នៅ​ពេល​ដែល​យើ​ង​ជួបឃើញបងប្អូនយើង​មានទុក្ខលំបាកមានក្ដីអស់សង្ឃឹមជាច្រើនមានបញ្ហាផ្សេងៗ ជា​ច្រើ​ន​ក្នុងជីវិត។សូមបងប្អូនគិតថា តើខ្ញុំ​បាន​ប្រើពេលវេលា តើខ្ញុំបានបើកចិត្តខ្ញុំ ដើម្បីសម្ដែង​មេត្តា​ករុ​ណារបស់ព្រះយេស៊ូ ហើយឬនៅ?

បងប្អូនជាទីស្រឡាញ់សូមបងប្អូនចែកព្រះបន្ទូល ​ដល់​​បងប្អូនដ៏ទៃទៀត ជាពិសេស​អស់​អ្នក​ដែល​កំពុងរ​ងទុក្ខលំបាក និងកំពុងស្វែងរកពន្លឺពីព្រះអង្គ។ នៅពេលដែលយើង​ចែកព្រះ​បន្ទូលនៅពេលយើងផ្ដល់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់​ធ្វើឲ្យជំនឿរបស់​យើងថ្វេរ​ឡើ​ង​។ ផ្ទុយ​ពី​យើងចែក​សម្ភារៈ​លុយកាក់ នោះនឹងមានតិចទៅៗទៅ! តែចែកជំនឿ គឺធ្វើឲ្យជំនឿរបស់​យើង​សេចក្តីស្រឡាញ់របស់យើង នឹងគាប់ព្រះហឫទ័យព្រះជាម្ចាស់ច្រើនឡើងៗ។ អាមែន៕

 

Daily Program

Livesteam thumbnail