ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ២០,១៩-២៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

បងប្អូនជាទីស្រឡាញ់រាប់អាន! ថ្ងៃនេះជាថ្ងៃដ៏សែនពិសេសព្រោះជាថ្ងៃបុណ្យឱឡារិតគឺព្រះវិញ្ញាណដ៏វិសុទ្ធយាងមកសន្ថិតលើក្រុមគ្រីស្តទូត ហើយសង្ឃឹមថាព្រះវិញ្ញាណដ៏វិសុទ្ធយាងមកសន្ថិតលើយើង។ ថ្ងៃនេះជាថ្ងៃពិសេសមែនទែន នៅក្នុងព្រះវិហារព្រះសហគមន៍កាតូលិកកំពង់សោម ព្រះវិហារសន្តមីកាអែលដែលទទួលការស្ថាបនាឡើងវិញក្លាយទៅជាព្រះវិហារថ្មី នឹងមានលោកបូជាចារ្យច្រើន មានលោកអភិបាល និងគ្រីស្តបរិស័ទរាប់រយនាក់ដែលចូលរួមដើម្បីគោរពពិធីបុណ្យនេះនៅក្នុងព្រះវិហារថ្មី។
សម្រាប់ថ្ងៃនេះផងដែលយើងអរព្រះគុណព្រះអង្គដោយសារមានគ្រីស្តបរិស័ទប៉ុន្មាននាក់ដែលនឹងទទួលពិធីលាបថ្ងាស ហើយក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះយើងលឺព្រះវិញ្ញាណដ័វិសុទ្ធយាងមកដើម្បីធ្វើឱ្យយើងកើតជាថ្មី។ ព្រះវិញ្ញាណដ៏វិសុទ្ធយាងមកយ៉ាងម៉េច? នៅពេលដែលព្រះយេស៊ូទ្រង់ឡើងទៅស្ថានបរមសុខវិញព្រះអង្គមិនបោះបង់យើងចោលទេ! ទ្រង់បានប្រទានព្រះវិញ្ញាណដ៏សុទ្ធមកគង់សណ្ខិតលើបុត្រធីតាទ្រង់ ត្បិតកាលដែលទ្រង់ធ្វើដូច្នេះដើម្បី ណែនាំយើងឲ្យក្លាយទៅជាកូនព្រះ ក្មេងដែលមានទីពឹង ទ្រង់នៅតែណែនាំយើង មិនឲ្យយើងវង្វេងគោលដៅឡើយ។
ដូច្នេះហើយសូមឲ្យជម្រៅចិត្តរបស់យើងព្រមទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែលជំរុញឱ្យយើងស្រេកឡើងថា៖”អាបាសមានន័យថាឪពុកអស្ចារ្យមែន!”។ ថ្ងៃនេះយើងកើតជាថ្មីម្តងទៀតឱ្យយើងរួមគ្នាអបអរសាទរ លើកតម្កើង គោរសើរព្រះអង្គដែលរាប់យើងជាបុត្រធីតា។ សូមអរព្រះគុណព្រះអង្គសម្រាប់បេក្ខជនទាំងប៉ុន្មានដែលទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះ ហើយបងប្អូនដែលអត់ទាន់ទទួលអគ្គសញ្ញាលាបថ្ងាសសូមឆ្លៀតឱកាសដើម្បីចុះឈ្មោះ ដើម្បីទទួលអគ្គសញ្ញានេះសារជាថ្មី។
ប្រសិនបើបងប្អូនទទួលអគ្គសញ្ញាស្រាយបាបហើយ ប៉ុន្តែអត់ទទួលលាបថ្ងាសមានន័យថាបងប្អូនដូចជាអត់ទាន់ពេញលក្ខណៈ។ នៅពេលដែលយើងទទួលអគ្គសញ្ញាលាបថ្ងាស ដូចជាយើងទទួលជីវិតថ្មីយ៉ាងពេញលក្ខណៈនៅក្នុងជីវិតរបស់យើង។ បងប្អូនជាទីស្រឡាញ់ថ្ងៃនេះជាថ្ងៃដ៏សែនពិសេស ហើយខ្ញុំសុំឱ្យព្រះជាម្ចាស់ប្រទានព្រះពរ សុំឱ្យព្រះវិញ្ញាណធ្វើឱ្យបេះដូងរបស់បងប្អូនទាំងអស់គ្នាដូចជាមានចិត្តឆេះឆួលចំពោះដំណឹងល្អ ឱ្យបងប្អូនចេះស្រឡាញ់គ្នាទៅវិញទៅមកស្រមតាមរបៀបដែលព្រះអង្គទ្រង់បានស្រឡាញ់យើង។ សូមអធិដ្ឋានសម្រាប់ព្រះសហគមន៍របស់យើងនៅប្រទេសកម្ពុជាឱ្យយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធឱ្យព្រះសហគមន៍កាតូលិកក្លាយទៅជាពន្លឺដែលបំភ្លឺប្រទេសខ្មែរដើម្បីផ្សព្វផ្សាយដំណឹងល្អឱ្យអស់បងប្អូនខ្មែរ និងបរទេសឱ្យយើងទាំងអស់គ្នារាប់គ្នាជាបងប្អូន ស្រឡាញ់គ្នាជាបងប្អូន ហើយកសាងព្រះសហគមន៍ប្រកបដោយក្តីសង្ឃឹម ក្តីស្រឡាញ់ និងជំនឿលើព្រះជាម្ចាស់។ សូមព្រះអង្គប្រទានព្រះពរឱ្យយើងទាំងអស់គ្នា។ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ អាម៉ែន៕
Daily Program
