អ៊ីហ្គ័រ គួចាតូវ អ្នកផលិតគ្រាប់បែកនុយក្លេអ៊ែរឲ្យសហភាពសូវៀត

លោកអ៊ីហ្គ័រ វ៉ាស៊ីលីវីត គួចាតូវ កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩០៣ នៅទីក្រុងស៊ីមស្គី ហ្ស៉ាវ៉ូដ ចក្រភពរុស្ស៊ី។ លោកគឺជាអ្នករូបវិទ្យា និងដឹកនាំគម្រោងគ្រាប់បែកនុយក្លេអ៊ែរ​សូវៀត។

លោកអ៊ីហ្គ័រ វ៉ាស៊ីលីវីត គួចាតូវ សិក្សារូបវិទ្យានៅសកលវិទ្យាល័យរដ្ឋគ្រីមៀ និងការស្ថាបនា នាវានៅសកលវិទ្យាល័យពហុតិចនិកប៉េត្រូហ្គ្រ៉ាដ។ នៅឆ្នាំ១៩២៥ លោកផ្លាស់​ទៅកាន់ វិទ្យាស្ថានរូបវិទ្យាតិកនិក ដែលលោកធ្វើការនៅក្រោមការដឹកនាំរបស់លោកអាប្រ៉ាម ឡូហ្វហ្វ៉េ នៅលើបញ្ហាផ្សេងៗ ទាក់ទងនឹងវិទ្យុសកម្ម។

នៅឆ្នាំ ១៩៣២ លោកអ៊ីហ្គ័រ គួចាតូវ ទទួលមូលនិធិសម្រាប់ក្រុមការងារស្រាវជ្រាវរបស់លោក​លើវិទ្យាសាស្រ្តនុយក្លេអ៊ែរ។

លោកអ៊ីហ្គ័រ គួចាតូវ និងសិស្សរបស់លោក ហ្គ៉ូហ្គី ហ្វ្ល៊ីអូរ៉ូវ រកឃើញគំនិតគ្រឹះនានានៃប្រតិកម្ម ជាចង្វាក់របស់អ៊ុយរ៉ាញ៉ូម និងទស្សនទាននៃប្រតិកម្ម​នុយក្លេអ៊ែរក្នុងឆ្នាំ១៩៣០។

នៅឆ្នាំ១៩៤២ លោកអ៊ីហ្គ័រ គួចាតូវ បានថ្លែងថា នៅក្នុងការបែករយះពីគ្នានៃណ័រយ៉ូ​របស់​អ៊ុយរ៉ាញ៉ូម ១ គីឡូ ថាមពលដែលត្រូវបញ្ចេញ​គឺត្រូវស្មើនឹងការផ្ទុះរបស់សារធាតុ TNT 20000 តោន។ ហើយការប្រកាសនេះក៏ត្រូវបាន​ផ្ទៀង​ផ្ទាត់ត្រូវក្នុងហេតុការណ៍ជាក់ស្តែង​នៃការទម្លាក់​គ្រាប់​បែកនុយក្លេអ៊ែរ​លើទីក្រុង ហ៊ីរ៉ូស្ហ៊ីម៉ាប្រទេសជប៉ុន ក្នុងអំឡុងសង្រ្គាមលោកលើកទី២។

បន្ទាប់ពីការឈ្លាន​ពាន​សហភាពសូវៀតដោយអាឡឺម៉ង់ណាហ្ស៊ី នៅខែមិថុនា ឆ្នាំ១៩៤១ លោក​អ៊ីហ្គ័រ គួចាតូវ ផ្លាស់ប្តូរ​ប្រធានបទស្រាវជ្រាវ។ លោកធ្វើការលើការការពារ​កប៉ាល​នានា ពីមីនម៉ាញ៉េទិក និងបន្ទាប់មកលើការងាររថពាស​ដែក និងរថក្រោះប្រយុទ្ធ។

នៅឆ្នាំ១៩៤៣ ទីស្នងការប្រជាជនសម្រាប់កិច្ចការផ្ទៃក្នុងសហភាពសូវៀត NKVD ទទួលបាន​ច្បាប់ចម្លងនៃរបាយការណ៍សម្ងាត់អង់គ្លេសនៃគណកម្មការគម្រោងគ្រាប់បែកនុយក្លេអ៊ែរ​អង់គ្លេស ដែលទាក់ទងនឹងលទ្ធភាពធ្វើអាវុធនុយក្លេអ៊ែរ។ រឿងនេះបាននាំឲ្យលោកស្តាលីន សម្រេចចិត្តចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរសូវៀត ប៉ុន្តែជាមួយ​នឹងមធ្យោបាយមានកម្រិតបំផុត។ លោក​ឡូហ្វ៉េ បានណែនាំលោកអ៊ីហ្គ័រ គួចាតូវ ទៅកាន់លោកម៉ូឡូតូវ ដែលជាដៃ​ស្តាំ​របស់​លោក​ស្តាលីន ហើយលោកអ៊ីហ្គ័រ គួចាតូវ ត្រូវបានតែងតាំង ​ជានាយកនៃកម្មវិធីបង្កើតអាវុធ​នុយ​ក្លេអ៊ែរ។

គម្រោងគ្រាប់បែកនុយក្លេអ៊ែរសូវៀត ស្ថិតនៅក្នុងអាទិភាពទន់ខ្សោយ រហូតដល់មាន​ព័ត៌មាន​ដែល​ផ្តល់ដោយលោកក្លូស ហ្វ៊ូច ជាចារបុរសសូវៀត បន្ទាប់ពី​ការ​បំផ្លិច​បំផ្លាញ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្គ៉ាសាគី នៅប្រទេសជប៉ុន ដែលបានជំរុញឲ្យលោកស្តាលីនធ្វើប្រតិបកម្ម។ លោក​បញ្ជាឲ្យ​លោក​​អ៊ីហ្គ័រ គួចាតូវ ផលិតគ្រាប់បែកឲ្យបានឆ្នាំ១៩៤៨ និងតែងតាំងលោក​ឡាវ្រ៉េនទី បេរៀ អនុ​ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីសហភាពសូវៀត ធ្វើជាប្រធានគម្រោង។ គម្រោង​នេះធ្វើ​ឡើង​​នៅ​​ទីក្រុង​​​សារ៉ូវ ក្នុងតំបន់ហ្គ័រគី សព្វថ្ងៃ គឺខេត្ត នីចនី នូវហ្គ៉ូរ៉ូដ នៅលើដងទន្លេវ៉ុលហ្គា។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៤៩ ក្រុមការងារបានបំផ្ទុះគ្រាប់បែកដំបូង ដែលជា​គ្រាប់​បែក​នុយក្លេអ៊ែរ​សារធាតុ ភ្លូតូនីញ៉ូម។

នៅ​ឆ្នាំ១៩៥៦ លោកអ៊ីហ្គ័រ គួចាតូវស្ថាបនា​វិទ្យាស្ថានសិក្សាស្រាវជ្រាវនុយក្លេអ៊ែរនៅទីក្រុង ឌីមីត្រូហ្គ្រ៉ាដ នៅខេត្តអ៊ូលាណូវស្ក៍ ប្រទេសរុស្ស៊ី។

លោកអ៊ីហ្គ័រ គួចាតូវ បានទទួលមរណភាពនៅទីក្រុងមូស្គូ នៅឆ្នាំ១៩៦០ ដោយជំងឺសរសៃ​ឈាម​ខួរក្បាល។ សពរបស់លោកត្រូវបានបញ្ចុះនៅជញ្ជាំងវិមានក្រឹមឡាំង ដែលជាកន្លែង​បញ្ចុះ​សពបុគ្គល​ជាន់​ខ្ពស់បំផុតរបស់សហភាពសូវៀត។

 

Daily Program

Livesteam thumbnail