អធិរាជអាកបា រាជានៃយុគសម័យកាលរុងរឿងដល់កំពូលនៃចក្រភពមូហ្គហូល

ចាឡាលូឌីន ម៉ូហាម៉េដ អាកបា ប្រសូតនៅទីក្រុងអាម៉ាកកូត នៅថ្ងៃទី១៥ ខែតុលា នៅឆ្នាំ ១៥៤២។ ព្រះអង្គគឺជាអធិរាជនៃចក្រភពមូហ្គហូល ជាទឹកដីឥណ្ឌាសព្វថ្ងៃ។
រាជ្យរបស់ព្រះរាជា អាកបា គឺជាសម័យការរុងរឿងដល់កំពូលនៃចក្រភពមូហ្គហូល។ រាជ្យរបស់ព្រះអង្គ ក៏ត្រូវបានកត់សម្គាល់ដោយកំណែទម្រង់រដ្ឋបាលដ៏សំខាន់ និងការអត់ឱនខាងសាសនា ដែលអាចពង្រឹងឯកភាពជាតិនៃចក្រភពរបស់ព្រះអង្គ។ ការចូលរួមវិភាគទានរបស់ព្រះអង្គអាកបាសម្រាប់សិល្បះ និងស្ថាបត្យកម្ម ធ្វើឲ្យវប្បធម៌មូហ្គហូលជះពន្លឺជញ្ជែងជញ្ជាចនៅពេលតំបន់អាស៊ីខាងត្បូង។
ព្រះរាជាអាកបា បង្ហាញឲ្យឃើញនូវទេព្យកោសល្យរដ្ឋបាលដ៏ធំធេង និងបន្តការងារនៃការរៀបចំចក្រភព។ ព្រះអង្គបែងចែកចក្រភពជា ១៥ខេត្ត ដោយខេត្តមួយៗ មានអភិបាលយោធា និងអភិបាលស៊ីវិល ដែលគ្រប់គ្រងថវិកា។ ព្រះរាជាអាកបា ស្ថាបនាពន្ធដារលើដីកសិកម្មដោយពាក់ពន្ធនឹងការដកយកមួយភាគបីនៃតម្លៃទិន្នផលដែលប្រមូលបាន។ ក្នុងរាជ្យរបស់ព្រះអង្គអាកបា ក៏មានការអត់ឱនចំពោះសាសនា។ នៅឆ្នាំ១៥៦៣ ពន្ធដារត្រូវបានលើកលែងនៅលើដីឥស្លាមសម្រាប់ប្រជាជនមិនមែនកាន់សាសនាឥស្លាម និងលើកលែងពន្ធលើបូជនីយទេសចរណ៍ផងដែរ។ ព្រះរាជាអាកបា រៀបអភិសេកនឹងម្ចាស់ក្សត្រីហិនឌូ ព្រះនាងជូដហាបៃ។ ព្រះអង្គទទួលជនជាតិហិនឌូឲ្យចូលក្នុងរដ្ឋបាលរាជ្យការរបស់ព្រះអង្គ និងកងទាហានផងដែរ។
ចាប់ពីឆ្នាំ១៥៦១ ព្រះរាជាអាកបាធ្វើកំណែទម្រង់ចក្រភពយ៉ាងខ្លាំងក្លា។ ព្រះរាជាអាកបាដដកពន្ធដារផ្ទាល់ពីមន្រ្តីធំៗនៃចក្រភព។ នៅពីមុខការបះបោរដ៏ធំតាមរយៈការធ្វើកំណែទម្រង់ ព្រះរាជាអាកបា ត្រូវដកថយច្បាប់វិញនៅទសវត្សឆ្នាំ១៥៨០។
តាមរយៈការបើកចំហរសម្រាប់បញ្ញាជនដើម្បីជួយកសាងជាតិ និងសាសនា ព្រះរាជាអាកបាក៏បានអញ្ជើញអ្នកតំណាងសាសនាពិភាក្សានៅពីមុខព្រះអង្គផ្ទាល់អំពីបញ្ហាសាសនា។ នៅអំឡុងពេលនោះ ក្រុមជេស្វីត គ្រីស្តសាសនា ព័រទុយហ្គាល់ ក៏ត្រូវអញ្ជើញឲ្យចូលរួមផងដែរ។ តាមរយៈការពិភាក្សា និងការសិក្សាស្រាវជ្រាវ នៅឆ្នាំ១៥៨១ ព្រះអង្គទាញបានសាសនាមួយ ដែលហៅថា ឌីន អ៊ី អ៊ីឡាហ៊ី សាសនានៃពន្លឺ។ នេះគឺជាមនោគមន៍វិជ្ជាសាសនាដែលព្រះរាជាអាកបាធ្វើសំយោគ ដោយខ្ចីទ្រឹស្តីពីសាសនាឥស្លាម គ្រិស្ត និងសាសនាជេល។ ធ្វើដូច្នេះ ព្រះរាជាអាកបា មានសង្ឃឹមថា សាសនាថ្មីនេះ នឹងក្លាយជាកត្តាមួយដែលជួយបង្រួបបង្រួមចក្រភពរបស់ព្រះអង្គ។ ជាថ្មី ព្រះរាជាអាកបា អនុញ្ញាតឲ្យមានការសាងសង់ប្រាសាទហ៊ិនឌូ និងហាមឃាត់ពិធីសាទី ដែលជាពិធីកំណត់ឲ្យស្រ្តីម៉េម៉ាយធ្វើអត្តឃាត។
ព្រះរាជាអាកបា បានធ្វើកំណែងទម្រង់រដ្ឋបាលជាច្រើន និងចាត់វិធានការដើម្បីជួយដល់ក្រុមប្រជាកសិករ។ ក៏ប៉ុន្តែរាធធានី ហ្វ៉ាតេពៀ ស៊ីគ្រី ត្រូវបានបោះបង់ចោលដោយសារការខ្វះខាតទឹកនៅឆ្នាំ១៥៨៦។ ព្រះរាជាអាកបា បានទៅតាំងរាជធានីនៅឡាហ័រវិញ សព្វថ្ងៃស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន។
ប៉ុន្មានឆ្នាំចុងក្រោយនៃរាជ្យរបស់ព្រះរាជាអាកបា ត្រូវបានកត់សម្គាល់ដោយការបះបោរដែលមានកាន់តែញឹកញាប់ពីបុត្ររបស់ព្រះអង្គ សាលីម ដែលជាអនាគតអធិរាជ ចាហានហ្គៀវ។ ព្រះរាជាអាកបា បានសោយទីវង្គតនៅទីក្រុងអាហ្គ្រ៉ា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៦០៥។
ចក្រភពមូហ្គហូល ត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៥២៦ សព្វថ្ងៃជាប្រទេសឥណ្ឌា ដោយព្រះរាជាបាបៀ ដែលជាជំនាន់ក្រោយនៃញាតិរបស់អធិរាជម៉ុងហ្គោល ហ្សង់ហ្ស៊ីស ខាន់។ ព្រះរាជាបាបៀ បានវាយស្តេចអ៊ីប្រាហ៊ីម ដែលជាស៊ុលតង់ចុងក្រោយនៃរាជាណាចក្រដេលលី ឲ្យបរាជ័យ។
Daily Program
