អូហ្គូស្ត៍ អធិរាជទី១ នៃចក្រភពរ៉ូម៉ាំង

អូហ្គូស្ត៍ កើតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ៦៣ មុនគ្រិស្តសករាជ នៅទីក្រុងរ៉ូម។ អូហ្គូស្ត៍គឺជា​ប្រមុខ​ទី១​ នៃចក្រភពរ៉ូម៉ាំង ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២៧ មុនគ្រិស្តសករាជ រហូតដល់ថ្ងៃទទូល​មរណភាព​​ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៤ នៃគ្រិស្តសករាជ នៅជិតទីក្រុងណាប្ល៍ ប្រទេសអ៊ីតាលី​សព្វថ្ងៃ។

មានប្រភពពីគ្រួសារអ្នកមាននៃលំដាប់ឋានៈមន្រ្តីជាន់ខ្ពស់ទ័ពសេះ អូហ្គូស្ត៍ទទួលបានការអប់រំ​នៅ​​ទីក្រុង​រ៉ូម យោងតាមទំនៀមទម្លាប់នៃគហបតីសាធារណរដ្ឋរ៉ូម៉ាំង និងបញ្ចប់ការរៀនសូត្រ​ខាង​អក្សរសាស្រ្ត និងទស្សនវិជ្ជា។

ក្រោមមកក្នុងការប្រជែងអំណាច អូហ្គូស្ត៍ ធ្វើការនិរទេស ឡេពីដមន្រ្តីជាន់ខ្ពស់រ៉ូម៉ាំង​ ទៅជិត​ភ្នំ​សៀសេ និងបន្ទាប់​មក​ដឹកនាំធ្វើសង្រ្គាមស៊ីវិលចុងក្រោយនៃសាធារណរដ្ឋរ៉ូម៉ាំង ប្រឆាំងនឹង​មន្រ្តី​យោធា ម៉ាក អន់ទ័ន និងទទួលជោគជ័យនៅសមរភូមិអាកទ្យូម។ ការធ្វើអត្តឃាត​របស់​ម៉ាក អន់ទ័ន​បានធ្វើ​ឲ្យអូហ្គូស្ត៍ក្លាយជាម្ចាស់ទីក្រុងរ៉ូមតែឯង។

បន្ទាប់ពីការរំលាយសម្ព័ន្ធមិត្តទីក្រុងរ៉ូមបុរាណ អូហ្គូស្ត៍ស្តារឡើងវិញនូវស្ថាបន​សាធារណរដ្ឋ។ ទោះបីជាទ្រឹស្តី គាត់ស្ថាបនាអំណាច និងតួនាទីព្រឹទ្ធសភា ចៅក្រមកំពូល និង​តំណាង​រាស្រ្ត ប៉ុន្តែអូហ្គូស្ត៍ គឺតាមពិតជាក់ស្តែង​ រក្សានូវអំណាចផ្តាច់ការ និងបន្តដឹកនាំដោយ​មិន​មានប្រឹក្សា ឬយកតាមការសម្រេចចិត្តរបស់​ព្រឹទ្ធសភាទេ។ រវាងឆ្នាំ៣១ និង ២៣ មុនគ្រិស្ត​សករាជ រហូតដល់ឆ្នាំ២៧ មុនគ្រិស្តសករាជ បន្តិចម្តងៗ អូហ្គូស្ត៍ ដណ្តើមបានអំណាច និងធ្វើ​ឲ្យ​ស្រប​ច្បាប់​ពីព្រឹទ្ធសភា ដែលអាចឲ្យគាត់ដឹកនាំមួយជីវិត និងអំណាចតុលការ​ដែល​មិនមាន​នរណា​អាចជំទាស់។  ប៉ុន្តែអូហ្គូស្ត៍បដិសេធយកឋានៈជាក្សត្រ និងដាក់ឋានៈខ្លួនយ៉ាងងាយថា ប្រាំងស៊ីប ស៊ីវីតាទីស ឬ ពលរដ្ឋទី១ នៃបុរី ដែលមានន័យថាជាប្រមុខ។ ដូច្នេះ នៅឆ្នាំ២៧ មុនគ្រិស្តសករាជ ត្រូវបាន​កត់​សម្គាល់​នូវព្រឹត្តិការណ៍​នៃរបបនយោបាយថ្មីនៅទីក្រុងរ៉ូម ចក្រភព​​រ៉ូម ឬបុរីរ៉ូម ដែលអូហ្គូស្ត៍ គឺ​តាម​ការពិតជាក់ស្តែង គឺជាប្រមុខកំពូល ដែលប្រមូលផ្តុំឲ្យ​ខ្លួន​ឯងនូវអំណាចបញ្ជាលើទីក្រុង និង​លើយោធា។ អូហ្គូស្ត៍មានអំណាច​នៃការតាក់តែងច្បាប់ ប្រឆាំងរាល់ការវ៉េតូជំទាស់ ដោយទទួលគុណ​ប្រយោជ​ន៍​តាមផ្លូវច្បាប់​​ពីភាពមិនអាចរំលោភ​លើ​រាង​កាយ និងជាទីសក្ការៈ។

ជាមួយនិងយុគសម័យរបស់អូហ្គូស្ត៍ នេះគឺជាការចាប់ផ្តើមនៃរយៈពេល​ស្ថិរភាព ដែលតាម​ប្រពៃណី​ត្រូវ​បានគេស្គាល់ក្រោមនាមថា ប៉ាក្ស រ៉ូម៉ាណា ឬសន្តិភាពរ៉ូម៉ាំង។  ដូច្នេះចក្រភព​រ៉ូម៉ាំង​លែងត្រូវ​បាន​ទទួលការគំរាមកំហែងដោយសង្រ្គាមឈ្លានពានធំៗ ទៀតហើយ។  ទឹកដី​របស់​ចក្រភពកើនឡើង​ជា​សំខាន់​​ជាមួយការ​ភ្ជាប់​ជា​ឧបសម្ព័ន្ធនៃទឹកដីអេហ្ស៊ីប ដាម៉ាស៊ី អាឡឺម៉ង់ និងនៅហ៊ីស្ព៉ានី។

អូហ្គូស្ត៍ធ្វើកំណែទម្រង់ប្រព័ន្ធប្រមូលពន្ធ អភិវឌ្ឍគមនាគមន៍ទំនាក់ទំនងដោយចងភ្ជាប់​បណ្តាញ​​ផ្លូវការជាមួយប៉ុស្តត្រួតពិនិត្យ។ ព្រះមុខរដ្ឋ អូហ្គូស្ត៍ ស្ថាបនាទាហានអចិន្ត្រៃយ៍​ដែល​ដាក់​នៅតាមខេត្ត និងដាក់យាមកាមតាម​ព្រំដែនរហូត។  ដោយអនុវត្ត​នូវ​កំណែទម្រង់ដ៏ទំលំ​ទូលាយ​ខាងរដ្ឋបាល អូហ្គូស្ត៍បានគូសចែក​រដ្ឋធានី​ជា​សង្កាត់ៗ តាមដាន​មើល​បរិស្ថាន​អនាម័យ​នៃ​សំណង់ ធ្វើការទប់ស្កាត់នឹងគ្រោះទឹកជំនន់ និង​អគ្គីភ័យ។ អូហ្គូស្ត៍​បាន​ផ្លាស់ប្តូរ​រូបភាព​មុខមាត់រដ្ឋធានីយ៉ាងទូលំទូលាយ។ មួយផ្នែកដ៏ធំ​នៃ​បូជនីយដ្ឋាន​នានា​នៃ​រដ្ឋធានី​ត្រូវ​បាន​ស្ថាបនា ធ្វើសំអិតសំអាង និងតាក់តែងលម្អ​សាជាថ្មីនៅ​យុគ​សម័យ​គ្រប់គ្រង​អំណាច​របស់​គាត់។

អូហ្គូស្ត៍ទទួលមរណភាពនៅឆ្នាំ១៤ នៃគ្រិស្តសករាជ នៅអាយុ ៧៦ឆ្នាំ ប្រហែលជា​ដោយសារ​មូលហេតុ​ធម្ម​ជាតិ ប៉ុន្តែមានពាក្យចចាមអារ៉ាមនថា វាមានលទ្ធភាព​​ជាការដាក់ថ្នាំបំពុល​ដោយ​ការជំរុញពីភរិយារបស់គាត់ឈ្មោះ លីវី។

 

Daily Program

Livesteam thumbnail