ហ្វ៊ីលីបទី៥ ស្តេចអេស្ប៉ាញ ដែលកែទម្រង់ជាតិយ៉ាងស៊ីជម្រៅ

ស្តេចហ្វ៊ីលីបទី៥ ប្រសូតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៦៨៣ នៅប្រាសាទវែសៃ រាជាណាចក្របារាំង និង​សោយទីវង្គត់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៧៤៦ នៅវិមានប៊ូអេន រ៉ឺទីរ៉ូ រាជធានីម៉ាឌ្រីដ រាជាណាចក្រអេស្ប៉ាញ។ ស្តេច​ហ្វ៊ីលីប​គឺជាព្រះ​អង្គម្ចាស់​ដែលមានប្រភពពីរាជការបារាំង និង​ក្លាយ​ជា​ស្តេច​អេស្ប៉ាញ និង​ឥណ្ឌា នៅឆ្នាំ១៧០០។ រាជ្យរបស់ព្រះអង្គ មានរយៈពេល ៤៥ឆ្នាំ និង​ពី​រថ្ងៃ គឺ​ជារយៈពេល​សោយ​រាជ្យ​ដ៏យូរបំផុតនៃរាជាណាចក្រអេស្ប៉ាញ។

នៅអំឡុងការសោយរាជ្យរបស់ស្តេចហ្វ៊ីលីបទី៥ អេស្ប៉ាញក្លាយជាមហាអំណាចយោធា​ជើង​ទឹក​ដ៏ធំ។ ទ័ពជើងទឹករបស់អេស្ប៉ាញ គ្រប់គ្រងសមុទ្រមេឌីទែរ៉ាណេខាងលិច និងភាគច្រើន​នៃពិភពលោក។

នយោបាយនៃរាជ្យរបស់ស្តេចហ្វ៊ីលីបទី៥ ត្រូវបានសម្គាល់ដោយយកគំរូនៃស្តេច ល្វីសទី១៤ របស់បារាំង។ ស្តេចហ្វ៊ីលីប​ទី​៥ បោះជំហានមូលដ្ឋានក្នុងការស្ថាបនាព្រលឹងជាតិ មានជាអាទិ៍ ការដាក់ឲ្យប្រើ​ភាសា​អេស្ប៉ាញ​ជាភាសាដាច់ដោយឡែកនៃរដ្ឋបាល និងរដ្ឋាភិបាល និងការធ្វើ​ទំនើប​កម្ម​អង្គភាព​រដ្ឋ​អេស្ប៉ាញ។

ស្តេចហ្វ៊ីលីបទី៥ ត្រូវប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋមួយដែល​​ត្រូវ​បំផ្លាញ​ដោយសង្រ្គាមផ្ទៃក្នុងមុនរាជ្យព្រះអង្គ។ ព្រះអង្គប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ នៅ​ក្នុង​វិស័យពន្ធអាករ ព្រះអង្គខិតខំមិនបង្កើតឲ្យ​មានពន្ធដារថ្មី និងធ្វើឲ្យកាន់តែមានសមភាព​ក្នុង​ការប្រមូលពន្ធ។

នៅក្នុងវិស័យសេដ្ឋកិច្ច ស្តេចហ្វ៊ីលីបទី៥បានជ្រើសរើសជំហរគិតប្រយោជន៍ជាតិខ្លួនឯងជាធំ ជាងជាតិដទៃ។ ព្រះអង្គអនុគ្រោះដល់កសិកម្ម និងហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិ។ ព្រះអង្គហាមឃាត់ការនាំចូលផលិតផលវាយភណ្ឌ និងបង្កើតរោងតម្បាញរាជការ។ ព្រះ​អង្គ​ខិតខំប្រឹងប្រែងរៀបចំឡើងវិញនូវពាណិជ្ជកម្មអាណានិគមតាមរយៈការបង្កើតក្រុមហ៊ុន​ពាណិជ្ជ​កម្មដែលឯកសិទ្ធពិសេស ដោយយកតាមគំរូរបស់អង់គ្លេស និងហូឡង់។

យោងតាមវិបាកនៃភាពចាំបាច់នៃសង្រ្គាមនាសម័យនោះ ស្តេចហ្វ៊ីលីបទី៥ បានយក​គំរូ​តាម​បារាំង ដោយរៀបចំឡើងវិញនូវកងទ័ពយ៉ាងស៊ីជម្រៅ។ ព្រះអង្គជំនួសទ័ព​អេស្ប៉ាញមុនដោយ​អង្គភាព​យោធាថ្មី ដូចមាន កងអនុសេនាធំ កងវវសេនាតូច កងវរសេនាធំ កងពលតូច ឬ​កងទ័ព​សេះជាដើម។ ទ័ពអេស្ប៉ាញក៏បំពាក់ដោយឯកសណ្ឋានថ្មី និងកាំភ្លើងប្រភេទថ្មី​ផង​ដែរ។ ស្តេចហ្វ៊ីលីបទី៥ប្រឈមដោះស្រាយការស្ថាបនាឡើងវិញនូវកងទ័ព​ជើងទឹក​អេស្ប៉ាញ។ ព្រះ​អង្គឲ្យគេស្ថាបនានាវាថ្មីៗ ទំនើបៗ និងបំពាក់ដោយសព្វាវុធទំនើប។

ស្តេចហ្វ៊ីលីបទី៥ អនុគ្រោះ និងលើកកម្ពស់ពាណិជ្ជកម្មឆ្លងអាត្លង់ទិកនៃអេស្ប៉ាញជាមួយនឹង​ដែនដី​កម្មសិទ្ធអាម៉េរិក។ នៅអំឡុងការធ្វើពាណិជ្ចកម្មឆ្លងអាត្លង់ទិក​ជាពេលលេចឡើង​នូវ​បុគ្គលល្បីៗ ជាប្រវត្តិសាស្រ្តនៃការធ្វើនាវាចរណ៍របស់អេស្ប៉ាញផងដែរ។

ស្តេចហ្វ៊ីលីបទី៥ ថែរក្សាមូលដ្ឋានគ្រឹះនៃស្ថាបនវប្បធម៌​ដែលទទួលបន្ទុកស្ថាបនាការគ្រប់គ្រង​លើ​ការវិវត្តនៃវិទ្យាសាស្រ្ត និងសិល្បៈ ដូចជា រាជបណ្ឌិតសភាអេស្ប៉ាញដែលត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ១៧១៤ គឺមានភារកិច្ចរួមបញ្ចូលធ្វើឲ្យមានការប្រើប្រាស់ភាសាអេស្ប៉ាញមានជាទូទៅ នៅ​ក្នុង​ក្តីប្រាថ្នារៀបចំសម្លេងភាសា និងពាក្យនៃភាសាអេស្ប៉ាញឲ្យបានសមស្រប សង្ហារ និង​មាន​ឯកភាពបំផុត។ ស្តេចហ្វ៊ីលីបទី៥ បង្កើតរាជបណ្ឌិតសភាប្រវត្តិសាស្រ្ត ដែលស្ថាបនាឡើង​នៅឆ្នាំ១៧៣៥ និងដែលទទួលបន្ទុកសិក្សាប្រវត្តិសាស្រ្តបុរាណ និងទំនើប នយោបាយ ស៊ីវិល សាសនា និងយោធា វិទ្យាសាស្រ្ត អក្សរសាស្រ្ត និងសិល្បៈ។ នេះមានន័យថា សិក្សា​គ្រប់​វិស័យ​នៃជីវិត អរិយធម៌ និងវប្បធម៌ នៃប្រជាជនអេស្ប៉ាញ។

ស្តេចហ្វ៊ីលីបទី៥ បានសោយទីវង្គត់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៧៤៦ ហើយ​បុត្រា​របស់​ព្រះ​អង្គ ព្រះអង្គហ្វ៊ែរឌីណង់ ទី៦ នៃអេស្ប៉ាញ ជាអ្នកស្នងបន្តពីព្រះអង្គ។

 

Daily Program

Livesteam thumbnail