ប៉ាប្ល៉ូ ពីកាសូ កំពូលវិចិត្រករពិភពលោកប្រចាំសតវត្សទី២០

ប៉ាប្ល៉ូ រូស្ស ពីកាសូ កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៨៨១ នៅទីក្រុង ម៉ាឡាហ្គា តំបន់ អន់ដាលូស៊ី ប្រទេសអេស្ប៉ាញ។ លោកប៉ាប្ល៉ូ ពីកាសូ ទទួលមរណភាពនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ១៩៧៣ នៅទីក្រុង មូហ្ស៊ីន ខេត្ត អាល់ព៍ ម៉ារីទីម ប្រទេសបារាំង។ លោកពីកាសូ គឺជា វិចិត្រករ អ្នកគូគំនូរ និងអ្នកចម្លាក់ជនជាតិអេស្ប៉ាញ ដែលបានចំណាយពេលភាគច្រើននៃជីវិតរបស់លោករស់នៅប្រទេសបារាំង។
លោកពីកាសូ គឺជាសិល្បៈករដែលប្រើគ្រប់ការគាំទ្រដើម្បីការងាររបស់លោក។ លោកត្រូវបានចាត់ទុកថា ជាស្ថាបនិកម្នាក់នៃចលនាសិល្បៈនៅដើមសតវត្សទី២០ ដែលបង្កបានជាបដិវត្តន៍នៅក្នុងវិចិត្រកម្ម និងចម្លាក់ និងក៏ជះឥទ្ធិពលលើកស្ថាបត្យកម្ម អក្សរសាស្រ្ត និងតន្រ្តីផងដែរ។ លោកគឺជាសិល្បករមួយរូបដ៏ល្បីល្បាញបំផុតម្នាក់ប្រចាំសតវត្សទី២០ តាមរយៈទេពកោសល្យពិតប្រាកដ និងផ្លូវការ របស់លោក។
លោកពីកាសូ ផលិតបានជិត ៥០០០០ស្នាដៃ ដែលរួមមានផ្ទាំងរូបភាព ១៨៨៥ រូបចម្លាក់ ១២២៨ រូបសិល្បៈសេរ៉ាម៉ិច ២៨៨០ រូបគំនូរ ៧០៨៩ រូបលើព្រំ ៣៤២ កូនកាណេសៀវភៅរូបតូចៗ ១៥០ និងរូបតាំងជញ្ជាំង និងលើតុ ៣០០០០ រូប។ល។
ក្នុងចំណោមស្នាដៃដែលល្បីល្បាញបំផុត មានរូបស្ត្រីអាវីញ៉ុង នៅឆ្នាំ១៩០៧ និងរូបគំនូរ ហ្គ៊ែនីកា នៅឆ្នាំ១៩៣៧ ដែលជារូបគំនូរតំណាងនូវសេចក្តីទុក្ខសោកនៃការទម្លាក់គ្រាប់បែកលើសហគមន៍ហ្គ៊ែរនីកា នៅរដ្ឋបាស្ក៍ ប្រទេសអេស្ប៉ាញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៣៧ នៅអំឡុងសង្រ្គាមស៊ីវិលអេស្ប៉ាញ។
លោកប៉ាប្ល៉ូ ពីកាសូ គឺជាកូនប្រុសច្បងរបស់លោកចូហ្ស៉េ រុហ្ស៍ អ៊ី ប្លាស្កូ សាស្រ្តាចារ្យគំនូរ នៅសាលាសិល្បៈខេត្ត និងមុខរបរ នៃទីក្រុងសាន តេលម៉ូ ប្រទេសអេស្ប៉ាញ។
លោកពីកាសូ ដោយត្រូវបានលើកទឹកចិត្តពីឪពុករបស់លោក និងបានផ្តល់ទំនុកចិត្តលើលោកទាំងស្រុង លោកចាប់ផ្តើមគូរគំនូរផ្ទាំងនៅអាយុ ៨ឆ្នាំ គឺរូបអ្នកជិះសេះលឿង នៅឆ្នាំ១៨៨៩ ដែលជារូបគំនូរប្រេងដំបូងរបស់លោក។
នៅខែកញ្ញា ឆ្នាំ១៨៩៧ លោកពីកាសូ បានចេញទៅសិក្សានៅទីក្រុងម៉ាឌ្រីដ និងទទួលជោគជ័យក្នុងការប្រឡងប្រជែងចូលសាលារាជបណ្ឌិតវិចិត្រសិល្បៈ សាំង ហ្វ៊ែរឌីណង់។ ប៉ុន្តែអ្នកអប់រំនៅសាលាធ្វើឲ្យលោកមិនសប្បាយចិត្ត លោកបានបោះបង់ចោលការសិក្សា។
នៅខែមិថុនា ឆ្នាំ១៨៩៨ លោកត្រឡប់មកទីក្រុងបាសេឡូន បន្ទាប់មកចេញដំណើរទៅកាន់ស្រុកហ័រតា ដឺ សង់ចូន ភូមិរបស់មិត្តភក្តិលោក ឈ្មោះ ប៉ាឡារ៉េស ដែលស្ថិតនៅជិតទីក្រុង ហ្គ៉ង់ដឺសា ដែលលោកបានប្រើជីវិតជាកសិករ។ ក្រោយមក លោកពីកាសូ ធ្លាប់បាននិយាយថា អ្វីដែលលោកចេះ លោកបានរៀនសូត្រនៅក្នុងភូមិរបស់មិត្តភក្តិ។
មានពិព័រណ៍នៃវិចិត្រកម្មរបស់លោកពីកាសូប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩០០។ បណ្តុំគំនូររូបភាព ចំណងជើងថា ខណៈចុងក្រោយ តំណាងឲ្យអេស្ប៉ាញ បង្ហាញវត្តមាននៅពិព័រណ៍សកលលោកនៅទីក្រុងប៉ារីស នៅប្រទេសបារាំង នៅឆ្នាំ១៩០០ នេះ។
គោឈ្មោលឡើងក គឺជាប្រធានបទសំខាន់នៃរាល់ស្នាដៃរបស់លោកពីកាសូ ចាប់តាំងពីរូបលោកនៅកុមាររហូតដល់ ចុងបញ្ចប់នៃជីវិត។ ជាសិល្បៈករដ៏ម៉ឺងម៉ាត់ និងមុតស្រួច លោកពីកាសូ បានផ្តល់នូវគំរូដល់ពិភពលោកបញ្ញាជន និងសិល្បៈករជាច្រើន។
លោកពីកាសូ បានទទួលមរណភាពនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៧៣ ដោយជំងឺសួត។ សពលោកត្រូវបានបញ្ចុះ នៅឧទ្យាន វិមានវ៉ូវឺណាហ្គ៍ នៅខេត្ត ប៊ូច៍ ឌូ រ៉ូន នៅភាគអាគ្នេយ៍ប្រទេសបារាំង តាមការសម្រេចចិត្តរបស់ភរិយាលោក ហ្ស៉ាក៍លីន និងកូនប្រុសលោក ឈ្មោះប៉ូឡូ។
Daily Program
