លោកអង់ដ្រេ សាខារ៉ូវ បិតាគ្រាប់បែកនុយក្លេអ៊ែររបស់សូវៀត
លោកអន់ដ្រេ ឌីមីទ្រីវីច សាខារ៉ូវ កើតនៅទីក្រុងមូស្គូ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩២១។ លោកគឺជាអ្នករូបវិទ្យានុយក្លេអ៊ែរសូវៀត ដែលមានដើមកំណើតរុស្ស៊ី និងជាបិតាគ្រាប់បែកអ៊ីដ្រូសែនសូវៀត។ លោកអន់ដ្រេ សាខារ៉ូវ ក៏ជាសកម្មជនសម្រាប់សិទ្ធមនុស្ស សេរីភាពស៊ីវិល និងការកែទម្រង់នៅក្នុងប្រទេស។ លោកបានទទួលពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៧៥។
លោកអន់ដ្រេឌីមីទ្រីវីច សាខារ៉ូវ មានឪពុកជាសាស្រ្តាចារ្យរូបវិទ្យា និងម្តាយជាជនជាតិក្រិក។ គ្រួសាររបស់លោករស់នៅជាមួយសមាជិកទាំងអស់ជុំគ្នា។ អ្នកជំនាន់មុនបង្រៀនអ្នកជំនាន់ក្រោយនៅក្នុងផ្ទះដ៏ធំ ជំនួសឲ្យការបញ្ជូនទៅសាលា។ ដូច្នេះ ឪពុករបស់លោក លោកឌីមីទ្រី សាខារ៉ូវ បានបង្រៀនរូបវិទ្យា និងគណិតវិទ្យាដល់លោកដោយផ្ទាល់ និងធ្វើការពិសោធន៍ជាមួយលោកផងដែរ។ លោកបានកើតនៅក្នុងគ្រួសារដែលមុខវិជ្ជារូបវិទ្យាបានគ្របដណ្តប់ក្នុងជីវភាពប្រចាំថ្ងៃ។
នៅក្នុងឆ្នាំ១៩៣៨ លោកបានចូលរៀននៅក្នុងមហាវិទ្យាល័យនៃសកលវិទ្យាល័យរដ្ឋមូស្គូ ដែលលោកបានទទួលសញ្ញាបត្រផងដែរ។ ដូច្នេះលោកបានចាប់ផ្តើមរៀនថ្នាក់បណ្ឌិតរូបវិទ្យានៅដេប៉ាតឺម៉ងរូបវិទ្យានៅវិទ្យាស្ថានរូបវិទ្យា ឡឺ បេឌេវ។ សាស្រ្តាចារ្យរបស់លោក គឺអ្នករូបវិទូ អ៊ីហ្គ័រ តាម ដែលជាពានរង្វាន់ណូបែលរូបវិទ្យា នៅឆ្នាំ១៩៥៨។
លោកអន់ដ្រេ សាខារ៉ូវ បានបញ្ចប់និក្ខេបបទបណ្ឌិតនៅឆ្នាំ១៩៤៨ និងត្រូវបានបញ្ជូនទៅក្នុងក្រុមអ្នកសិក្សាស្រាវជ្រាវ ដែលការងារបស់ពួកគេគឺអភិវឌ្ឍអាវុធនុយក្លេអ៊ែរ នៅក្រោមការដឹកនាំរបស់សាស្រ្តាចារ្យតាម។ ប្រធានអង្គភាពសម្ងាត់ បេរីយ៉ា បានបង្ខំឲ្យលោកបោះបង់ចោលការស្រាវជ្រាវគោលការណ៍គ្រឹះ ដើម្បីចាប់ផ្តើមការសិក្សាស្រាវជ្រាវអនុវត្ត។ លោកស្តាលីន បានដាក់បន្ទុកឲ្យលោកនូវគោលដៅតាមឲ្យទាន់អាម៉េរិកខាងអាវុធប្រល័យ ដែលរុស្ស៊ីកំពុងយឺត។
គ្រាប់បែក A គ្រាប់បែកនុយក្លេអ៊ែរដំបូងរបស់សូវៀត RDS-1 បានសាកល្បងដោយជោគជ័យនៅឆ្នាំ១៩៤៩។ ការសិក្សាស្រាវជ្រាវជាយុទ្ធសាស្រ្តនេះ បានធ្វើនៅមជ្ឍមណ្ឌលយោធាសម្ងាត់ គឺសម្ងាត់កំពូល ដែលលោកសាខារ៉ូវ បានធ្វើការងារវិវត្តន៍ប្រមាណជា ២០ឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩៥០ លោកសាខារ៉ូវ និងលោកតាម គឺជាអ្នកផ្តួចផ្តើមគំនិតការងាររបស់សូវៀត នៃការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍលើប្រតិកម្ម ទែរម៉ូនុយក្លេអ៊ែរ។ នៅឆ្នាំ១៩៥៣ ពួកគេបានបង្កើតគ្រាប់បែកអ៊ីដ្រូសែនសូវៀត។ រហូតដល់ឆ្នាំ១៩៦២ ការងារបស់ពួកគេ នឹងត្រូវប្រើប្រាស់ដើម្បីទស្សនទាន និងការធ្វើឲ្យសម្រេចនូវអាវុធនុយក្លេអ៊ែរនាពេលអនាគតរបស់សហភាពសូវៀត។
នៅឆ្នាំ១៩៦០ លោកអន់ដ្រេ សាខារ៉ូវ បានធ្វើការនៅក្នុងក្រុមការងារ អ៊ីហ្គ័រ គួចាតូវ សម្រាប់ទស្សនទាននៃគ្រាប់ត្សារ បុមបា គ្រាប់បែកអ៊ីដ្រូសែនដែលកម្លាំងផ្ទុះ ៥៧ មេហ្គាតោន ដែលមកដល់ពេលនេះ គឺនៅតែជាគ្រាប់បែកផ្ទុះ និងខ្លាំងបំផុតនៅលើផែនដី។
លោកអន់ដ្រេ សាខារ៉ូវ បានស្លាប់នៅក្នុងការិយាល័យរបស់លោក នៅទីក្រុងមូស្គូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៨៩។ យោងតាមកំណត់ហេតុរបស់ យ៉ាកូវ អ្នកធ្វើការវិភាកសាកសព បានឲ្យដឹងថា វាអាចទៅរួចខ្លាំង ដែលលោកសាខារ៉ូវ ស្លាប់ដោយគាំងបេះដូងនៅអាយុ ៦៨ឆ្នាំ។ សពលោកត្រូវបានបញ្ចុះនៅទីលានបញ្ចុះសព វ៉ូសទ្រីយ៉ាកូវ៉ូ នៅទីក្រុងមូស្គ ដែលជាទីលានបញ្ចុះសាកសពជនល្បីល្បាញ និងមានស្នាដៃរបស់រុស្ស៊ី។ ប៉ុន្តែភាពល្បីល្បាញរបស់លោកមិនគ្រាន់តែលោកជាអ្នកវិទ្យាសាស្រ្តរូបវិទ្យានោះទេ លោកក៏ល្បីល្បាញយ៉ាងសម្បើមក្នុងចំណោមសាធារណជន ដោយលោកជាអ្នកលើកកម្ពស់សិទ្ធបញ្ចេញមតិ។ រូបលោកក៏បាននាំទៅជាមួយលោកនូវពង្រាងច្បាប់រដ្ឋធម្មនុញ្ញសម្រាប់សហភាពសូវៀត ដែលមានមូលដ្ឋានគ្រឹះលើសិទ្ធមនុស្ស។ នេះគឺជាឯកសារដែលោកបានតាក់តែង កំណត់ហេតុ និងមើលចុះមើលឡើងរហូតដល់ថ្ងៃចុងក្រោយរបស់លោក។