ព្រះរាជា ហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ជាស្តេចបារាំង ក្នុងនាមជាផ្លូវការ

ព្រះរាជាហ្វ៊ីលីព ទី២ អូហ្គួស្ត៍  ប្រសូតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១១៦៥​ នៅទីក្រុងប៉ារីស និង សោយទីវង្គតនៅទីក្រុងម៉ង់ត៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១២២៣។ ព្រះអង្គគឺជាស្តេចនៃរាជវង្ស កាប៉េទ្យាង និងជាស្តេចទី១​ដែលទទួលនាមថា ជាស្តេចបារាំង។

ព្រះអង្គហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ស្ថិតនៅជាព្រះរាជាម្នាក់​ដែលត្រូវបានកោតសរសើរ និងត្រូវ​បាន​សិក្សា​ច្រើនបំផុត​នៅបារាំងនាសម័យសក្តិភូមិ។ នេះមិនមែនគ្រាន់តែក្នុងហេតុផល​នៃ​រយៈ​ពេល​ដ៏យូរនៃការសោយរាជ្យរបស់ព្រះអង្គ ប៉ុន្តែក៏តាមរយៈជ័យជម្នះខាងយោធាដ៏សំខាន់​ៗ​ជា​ច្រើន និងការរីកចម្រើន​ដ៏សំខាន់ៗនៃរាជាណាចក្រដែលសម្រេចបាន ដែលធ្វើឲ្យព្រះអង្គ​ហ្វ៊ីលីព ទី២ អូហ្គួស្ត៍អាចពង្រឹងអំណាចរាជ្យវង្ស និងបន្តមរតក​នៅក្នុងសម័យ​សក្តិភូមិ។  

ក្រោយការសោយទីវង្គតរបស់ព្រះបិតានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១១៨០​ ព្រះអង្គហ្វ៊ីលីព ទី២ អូហ្គួស្ត៍ បានឡើងសោយរាជ្យ នៅព្រះជន្ម១៥ឆ្នាំ ព្រះអង្គត្រូវប្រឈមមុខនឹងការចុះខ្សោយ​នៃ​អំណាចរាជ្យបល្ល័ង្ក ប៉ុន្តែព្រះអង្គហ្វ៊ីលីព ទី២ អូហ្គួស្ត៍ បង្ហាញខ្លួនយ៉ាងឆាប់រហ័សក្នុងការ​ដោះស្រាយ​​ស្ថានភាពលំបាកដ៏ខ្លាំងក្លា។

មិនយូរប៉ុន្មានក្រោយពីការពង្រឹងកម្លាំង ព្រះអង្គហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ក៏អាចច្បាំងដណ្តើមយក​តំបន់ណ័រម៉ង់ឌីទាំងមូលនៅក្នុងយុទ្ធនាការយោធារយៈពេល ២ឆ្នាំ។ បន្ទាប់មក ព្រះអង្គហ្វ៊ីលីព ទី២ អូហ្គួស្ត៍ បានវិលមករកតំបន់អាង ទន្លេ ឡ័រ។ ដំបូង ព្រះអង្គច្បាំងដណ្តើមបានទីក្រុង ព័រ​ត្យេ នៅខែសីហា ឆ្នាំ១២០៤ បន្ទាប់មកទីក្រុង ឡូច និងទីក្រុងស៊ីណុង នៅឆ្នាំ១២០៥។ សម្រាប់​ព្រះអង្គហ្វ៊ីលីព ទី២ អូហ្គួស្ត៍ គោលដៅគឺធ្វើឲ្យមានស្ថិរភាពឲ្យបានឆាប់រហ័សនៃ​តំបន់​ដែល​ច្បាំង​ដណ្តើមបានទាំងនេះ។

ជ័យជម្នះគឺបានទាំងស្រុងនៅលើដីទ្វីបបារាំង តែមហិច្ចតារបស់រាជាមិនឈប់ត្រឹមនេះ ព្រះ​អង្គ​ហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ប្រាថ្នាទៅកាន់តែឆ្ងាយប្រឆាំងនឹងស្តេចហ្ស៉ង់របស់អង់គ្លេស។ ក្រោយ​មក ការវាយប្រហារឡើងច្រាំងកោះអង់គ្លេសត្រូវបានរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ១២១៦ ជាមួយ​​​នឹងទ័ពសេះខ្លាំងដ៏ច្រើន ១២០០ និងអ្នកបះបោរអង់គ្លេសដ៏ច្រើនផងដែរ ព្រះអង្គ​ហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ក៏អាចច្បាំងដណ្តើមបានរាជាណាចក្រអង់គ្លេស ដែលមាន​រាជធានីនៅ​ឡុងដ្រ៍។

ព្រះអង្គហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ចេះអំពីរបៀបធ្វើឲ្យមានស្ថិរភាពដល់ដែនដីច្បាំងបានទាំងនេះ។ ព្រះអង្គឈានទៅពង្រឹងអំណាចរាជបល្ល័ង្កនៅក្នុងដែនដីថ្មីតាមរយៈរបៀបបែបបទរដ្ឋបាលថ្មី​នៃ​ដែនដី និងតាមរយៈនយោបាយពង្រឹងបន្ទាយទាហាន និងធ្វើប្រាសាទ។ ព្រះអង្គឲ្យគេចុះ​បញ្ជីទ្រព្យសម្បត្តិ និងចំណាយថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់នៅលើដែនដីដែលក្រុម​អភិជន​​ផ្តល់​ឲ្យ។  

ស្តេចហ្វ៊ីលីព ទី២ អូហ្គួស្ត៍ បង្កើតបានក្រុមមេដឹកនាំពិតប្រាកដ​ដែលស្រុះគ្នា មានសមត្ថភាព និង​​ប្រសិទ្ធភាព។ ព្រះអង្គមិនធ្វើជម្រើសដោយតាមអារម្មណ៍ភ្លាមៗ ឬដោយគ្មាន​ការ​គិត​ពិចារណាទេ ហើយនៅពេលសម្រេចហើយក៏មិនផ្លាស់ប្តូរវិញដែរ។ ព្រះអង្គមានគុណ​សម្បត្តិ​​ចាំបាច់សម្រាប់បុរសរដ្ឋក្នុងការពិនិត្យមើលអ្នកមានទេពកោសល្យបំផុត និងមានសារ​ប្រយោជន៍​សម្រាប់នគរ។ ព្រះអង្គបណ្តេញ ឬបំបែកអ្នកមានឋានៈខ្ពស់ និងអាចផ្តល់តំណែង​ដល់បុគ្គលដែលមានកំណើតពីរាស្រ្តធម្ម​តា ឲ្យតែមានសមត្ថភាព។

រាជ្យរបស់ស្តេចហ្វ៊ីលីព ទី២ អូហ្គួស្ត៍ គឺជារយៈពេលដែលធ្វើឲ្យទីក្រុងប៉ារីស បានប្រសើរឡើង​យ៉ាង​រស់រវើកដែរ។ ជំហានដ៏ធំមួយ​ត្រូវបានធ្វើឡើងនៅក្រោមរាជ្យព្រះអង្គ​នៅ​ក្នុង​ការបង្កើត​រាជធានី​ជាថ្មី។ គឺនៅក្រោមរាជ្យរបស់ស្តេចហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ដែលមានការ​ស្ថាបនា​គ្រឹះស្ថាន​​មនុស្សធម៌ សាំង កាតឺរីន នៅឆ្នាំ១១៨៥ មន្ទីរពេទ្យ ទ្រីនីតេ នៅឆ្នាំ១២០២ និង​ការងារ​សាងសង់សំណង់ ណ័ត្រ៍ ដាម ដឺ ប៉ារីស ដែលចាប់ផ្តើមនៅឆ្នាំ១១៦៣ផងដែរ។

 

Daily Program

Livesteam thumbnail