រីឆាត សេដដុន អ្នកធ្វើកំណែទម្រង់ប្រទេសណូវែល ហ្សេឡង់ ដ៏ខ្លាំងក្លា

លោករីឆាត ចន សេដដុន កើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៨៤៥ នៅភូមិ អេកក្លេសតុន នៅក្នុង ខេត្តឡេនកាស្ហ៉ៀ ប្រទេសអង់គ្លេស។ លោកទទួលមរណភាព នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៩០៦ នៅសមុទ្រតាស្មាន។ លោករីឆាត សេដដុន គឺជារដ្ឋបុរសនៃរដ្ឋណូវែល ហ្សេឡង់ថ្មី។ លោករីឆាត សេដដុន គឺជានាយករដ្ឋមន្រ្តីទី១៤ របស់ប្រទេសណូវែល ហ្សេឡង់ ពីថ្ងៃទី២៧ ខែ​មេសា ឆ្នាំ១៨៩៣ ដល់ថ្ងៃលោកទទួលមរណភាព។   

ជានាយករដ្ឋមន្រ្តីដ៏ល្បីល្បាញបំផុតដែលត្រូវបានស្គាល់នៅក្នុងប្រទេស លោកបានគ្រប់គ្រង​ទាំង​ស្រុងជីវិតនយោបាយនៅចុងបញ្ចប់សតវត្សទី១៩ និងដើមសតវត្សទី២០។ ក្នុងរយៈពេល ជាប្រមុខនៃប្រទេសណូវែល ហ្សេឡង់ លោករីឆាត សេដដុន បានឈ្នះឆ្នោត​បន្ត​បន្ទាប់​គ្នា​៥​ដង ដែលជាឯកតកម្មមិនដែលមាននៅក្នុងប្រទេស។

ជាអ្នកផ្តួចផ្តើមគំនិតកំណែទម្រង់សង្គមមិនធ្លាប់មាននៅក្នុង​ចក្រភពអង់គ្លេស លោករីឆាត សេដដុន បានធ្វើឲ្យល្អប្រសើរឡើងនូវលក្ខខណ្ឌជីវិត និង​ការងាររបស់កម្មករ ដាក់ឲ្យដំណើរ​ការ​នូវប្រាក់ឧបត្ថម្ភដំបូងសម្រាប់មនុស្សចាស់ជរា និងបង្កើតតុលាការអាជ្ញាកណ្តាលសម្រាប់​ជម្លោះ​សង្គម។

នៅពេលនាយករដ្ឋមន្រ្តីណូវែល ហ្សេឡង់ ចន បាល់ឡេនស៍ បានស្លាប់​នៅអំឡុងការប្រតិបត្តិ​មុខ​​តំណែង​​នៅខែមេសា ឆ្នាំ១៨៩៣។ លោករីឆាត សេដដុន បានក្លាយជាអ្នកស្នងតំណែង​ជា​នាយក​រដ្ឋមន្រ្តី។ ក្រោយពីបានឡើងកាន់តំណែង លោកបានប្រកាន់យកស្ទីលដឹកនាំបែបប្រើ​អាជ្ញា​និយម និងផ្ទាល់ និងប្រមូលផ្តុំជុំវិញដោយ​រដ្ឋ​មន្រ្តីរបស់លោក។

រដ្ឋមន្រ្តីក្រសួងការងារ​របស់លោក លោកវីលៀម ផេមប៊ើ រីវ៉េស អ្នកសង្គមនិយម និង​ជាអ្នក​គិត​សំខាន់​នៃនយោបាយ​សង្គមរបស់រដ្ឋាភិបាល នៅឆ្នាំ១៨៩៤ បានណែនាំ​នយោបាយ​តុលការ​អាជ្ញា​កណ្តាល និងការផ្សះផ្សា ដែលជាវិធានការមួយដ៏ល្អត្រចះត្រចង់​ក្នុង​ចំណោម​វិធាន​ការ​ជាច្រើននៅក្នុងយុគសម័យរបស់លោករីឆាត សេដដុន។ ចាប់ពីពេល​នោះ​មក ដើម្បី​ការពារ​ផល​ប្រយោជន៍រប​ស់កម្មករ និងក៏ដូចជាការប្រើប្រាស់ការធ្វើកូដកម្ម ជម្លោះ​សង្គម​ត្រូវតែកាត់ក្តី​ ដោយតុលាការអាជ្ញាកណ្តាលពិសេស និងត្រូវពិនិត្យមើលការរស់នៅ​ដោយ​ប្រសើររបស់អ្នក​ធ្វើការ។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៨៩៦ លោករីឆាត សេដដុន បានចាប់​យក​តំណែង​រដ្ឋមន្រ្តីក្រសួង​ការងារ និងដឹកនាំមួយផ្នែកនៃសេចក្តីណែនាំពីនយោបាយថ្មីទៅជា​វិធាន​ការជាក់ស្តែង។

ដោយកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ផងចាប់តាំងពីឆ្នាំ១៩០៣ លោករីឆាត សេដដុន ពង្រឹងការកំហិតប្រឆាំងនឹងរាល់ការធ្វើអន្តោប្រវេសន៍របស់ជនជាតិចិនមកកាន់​ប្រទេស​ណូវែល ហ្សេឡង់ ។

វិធានការមួយក្នុងចំណោមវិធានការដំបូងៗ នៃរដ្ឋាភិបាលរបស់លោក គឺការបង្កើតច្បាប់ដើម្បី​ឲ្យ​ស្ត្រីមានសិទ្ធបោះឆ្នោត។ នៅឆ្នាំ១៨៩៣ ប្រទេសណូវែល ហ្សេឡង់ ក៏បានក្លាយជា​ប្រទេស​ទី១ នៅលើពិភពលោក យល់ព្រមផ្តល់សិទ្ធបោះឆ្នោតសម្រាប់ស្ត្រី។ នៅឆ្នាំ១៨៩៨ លោក​ណែនាំ​ឲ្យប្រើប្រាក់ឧបត្ថម្ភសម្រាប់មនុសចាស់។ នេះគឺជាវិធានការ​ដែលដើរមុនសម័យកាល ហើយ​លោកបានគាំទ្រយ៉ាងខ្លាំងក្លា។ គឺដោយសារវិធានការនេះ ដែលធ្វើឲ្យលោកត្រូវបាន​ចងចាំ​នៅក្នុងចំណោមសាធារណៈជន។ នៅឆ្នាំ១៩០៥ លោកក៏ចូលរួម​យ៉ាងខ្លាំងក្លាក្នុងការ​ប្រកាន់​យកច្បាប់មួយ ដែលធ្វើឲ្យល្អប្រសើរឡើងនូវបទដ្ឋានលំនៅដ្ឋានសម្រាប់កម្មករក្រីក្រ។

ជាសមាជិកដ៏សកម្ម និងនិយាយឮៗ នៃចក្រពត្តិអង់គ្លេស លោកជួយសម្រួលដល់​ការពង្រីក​ចក្រភព​អង់គ្លេសនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។ លោកមានការព្រួយបារម្ភដោយមើលឃើញ ចក្រភពដទៃៗ ទៀត ដូចជា បារាំង អាឡឺម៉ង់ និងអាម៉េរិក មកធ្វើអាណានិគមនៅកោះ​នាន​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ីក ដោយរាជាណាក្រអង់គ្លេស មិនបានព្រួយបារម្ភ។

 

Daily Program

Livesteam thumbnail