ព្រះចៅអធិរាជ យ៉ុងលី នៃរាជ្យការម៊ីង ស្ថាបនារាជធានីប៉េកាំង

ម៊ីង ចេងជូ ដែលយកនាមរាជ្យថា យ៉ុងលី គឺជាស្តេចទី៣ នៃរាជ្យវង្សម៊ីង និងជា​អធិរាជ​មួយ​រូប​ដ៏​ល្បីល្បាញបំផុតរបស់ចិន។ ព្រះចៅអធិរាជយ៉ុងលី ដឹកនាំនយោបាយមជ្ឈការ ពង្រីក​ទឹក​ដី និងផ្លាស់ប្តូររាជធានីពីណានគីន ទៅប៉េកាំង ដើម្បីតាមដានឲ្យកាន់តែងាយស្រួល​នូវ​សកម្មភាព​​របស់ជនជាតិម៉ុងហ្គោល។

បន្ទាប់ពីបានទទួលអំណាច  ព្រះចៅយ៉ុងលី បានសម្រេចចិត្តផ្លាស់ប្តូររាជធានីនៃចក្រភព​មក​កាន់ ប៉េកាំង ដែលជា​អតីតក្រុងតាឌូ នៅក្រោមរាជ្យវង្សយ័ន របស់ជនជាតិម៉ុងហ្គោល។ មាន​កត្តា​​ពីរ​ដែលជំរុញឲ្យមានជម្រើសរបស់ព្រះអង្គនេះ។ ទីមួយ ទីក្រុងនេះ និងតំបន់ជុំវិញ​ស្ថិត​នៅ​​ក្រោម​​ឥទ្ធិពលរបស់ព្រះអង្គ រួមមានអំណាច នយោបាយ សេដ្ឋកិច្ច និងយោធា។ ទីពីរ ទីតាំង​​​ភូមិសាស្រ្ត​នៃទីក្រុងដើរតួនាទី​សំខាន់ខ្លាំងបំផុតនៅក្នុងការការពារខាងយោធា ដោយសារ​តែ​វា​ស្ថិត​នៅជិតព្រំដែនទិសខាងជើងផង។ វាអាចតស៊ូបាននឹងការវាយប្រហារពីសត្រូវ និង​បញ្ចៀស​​ការ​ឡោមព័ទ្ធ​ពីអ្នកឈ្លានពានផង។ នៅ​ថ្ងៃ​ទី៤ ខែកុម្ភៈ ឆ្នាំ១៤០៣ ព្រះចៅយ៉ុងលី​បាន​ប្រកាសឈ្មោះរាជធានីជាផ្លូវការថា បីភីង ឬ សន្តិភាពភាគ​ខាង​ជើង ហើយក៏ត្រូវបានប្តូរ​ឈ្មោះ​ម្តងទៀតទៅជា បីជីង ឬប៉េកាំង រាជធានី​ភាគ​​ខាងជើង។ ក្រោម​រាជ្យ​របស់ព្រះអង្គ ផែនការ​កសាងរាជធានីបានផ្តល់នូវការប្រែប្រួលគួរ​ឲ្យ​កត់សម្គាល់​ដល់​ប្រទេសចិន។

នៅឆ្នាំ១៤០៦ ក្រោមបញ្ជារបស់ព្រះចៅអធិរាជយ៉ុងលី សិល្បករជាង ២៣០០០០នាក់ ព្រម​ទាំង​​អ្នករៀបចំនគរ ទាហាន និងពលករ រាប់ពាន់នាក់ទៀត បានចំណាយពេល ១៥ឆ្នាំ ក្នុងការ​រៀបចំ​រាជធានីប៉េកាំង។

នៅក្រោមរាជ្យរបស់ព្រះចៅអធិរាជយ៉ុងលី ក៏ដូចជាស្ថាបនិករាជ្យវង្សជំនាន់មុន អាចជៀសផុត​ពី​មហន្តរាយអាកាសធាតុ និងជំងឺឆ្លង ដែលបង្កើតបានជាលក្ខខណ្ឌអនុគ្រោះ​សម្រាប់ស្ថិរភាព នៃ​ចក្រភព និងការពង្រីកសេដ្ឋកិច្ច។ ដើម្បីបញ្ជាក់ និងធានាស្ថិរភាពនៃអំណាចរបស់ព្រះអង្គ ព្រះចៅយ៉ុងលី បានដឹកនាំការវាយ​ប្រហារនៅភាគខាងជើងប្រឆាំងនឹងជនជាតិម៉ុងហ្គោល និង​នៅ​តំបន់ម៉ាន់ជូរី ព្រមទាំងនៅភាគ​ខាងត្បូងប្រឆាំងនឹងរាជាណាចក្រដាយវៀត ដែលខេត្តថ្មី​នេះ​​​ត្រូវបានស្ថាបនាឡើង មុនពេល​ដែលការគ្រប់គ្រងរបស់ចិនចាប់​ផ្តើមថយចុះនៅដាយវៀត​ចាប់​តាំងពីការបញ្ចប់រាជ្យរបស់ព្រះចៅអធិរាជយ៉ុងលី ដោយសារការមិនចុះចាញ់​របស់​ប្រជាជន​ក្នុងតំបន់។

នៅដើមរាជ្យវង្សម៊ីង រាជការដាក់កំហិតខ្លាំងនូវការដោះដូរ និងពាណិជ្ជកម្មជាមួយបរទេស​ខាង​ក្រៅ។ ប៉ុន្តែនៅក្រោមរាជ្យរបស់ព្រះចៅយ៉ុងលី ព្រះអង្គបានដឹកនាំនយោបាយ​ពាណិជ្ជកម្ម​ផ្លូវការ ដោយលុបចោលការហាមឃាត់​ដែលដាក់​ប្រជាជនក្នុងការដោះដូរ និងធ្វើ​ពាណិជ្ជកម្ម​ជាមួយបរទេសខាងក្រៅ។

ការធ្វើពាណិជ្ជកម្ម​ធំបំផុតក្នុងការបញ្ជាក់អំពីអំណាចរបស់ចក្រភពម៊ីង កើតមានឡើង​ក្រោម​ការ​ជំរុញរបស់ព្រះចៅយ៉ុងលី ក្នុងការបញ្ជូនបេសកកម្មកងនាវាចរណ៍ពី​ឆ្នាំ១៤០៥ ដល់ឆ្នាំ ១៤៣៣។ ឧត្តមសេនីយ៍ ចេងហេ មានដើមកំណើតពីខេត្តយូនណាន និងអ្នកធ្វើនាវា​ចរណ៍​ដ៏​ល្បី ទទួលត្រូវទទួលបន្ទុកដឹកនាំក្រុមកងនាវាពាណិជ្ជកម្មដ៏ធំដើម្បីឆ្ពោះ​ទៅសមុទ្រខាងលិច ទៅ​អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងក៏ដើម្បីទៅស្ថាបនាគោលដៅការទូត និង​នយោបាយ​ផង។ នៅអាយុ ២៨ឆ្នាំ លោកបានទៅកាន់ប្រទេសបានប្រមាណជាង ៣០ នៅអាស៊ី និង​អាហ្វ្រីក។ ដើម្បីស្ថាបនាទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ លោកបានធ្វើ​ដំណើរ​ជាង ៥០០០០គម។

ចំណែកព្រះចៅអធិរាជយ៉ុងលី បានចូលសោយទីវង្គត់ នៅព្រះជន្ម ៦៤ព្រះវស្សា ដោយសារ​ព្រះអង្គទទួល​រងព្រះឈួនក្នុងអំឡុងពេលធ្វើសង្រ្គាមយូមូឈ័ន ប្រឆាំងនឹងម៉ុងហ្គោល។

 

Daily Program

Livesteam thumbnail