ប្រែក្លាយ «សត្វចង្រៃ» ទៅជាមុខរបររកចំណូលកាក់កប—រឿងរ៉ាវអតីតពលករសំណង់ថៃ ចាប់យករបរចិញ្ចឹមកណ្តុរប្រែងលក់
សត្វកណ្តុរ ត្រូវបានមហាជនទូទៅតែងតែចាត់ទុកថាជាសត្វចង្រៃ ឬជាសត្វកខ្វក់ជាដើម។ ប៉ុន្តែសម្រាប់បុរសម្នាក់រស់នៅខេត្តបាត់ដំបង លោកបានប្រែក្លាយសត្វនេះទៅជាការចិញ្ចឹមយកទាំងសាច់ និងកូន បោះលក់នៅលើទីផ្សារ ដោយទទួលបានចំណូលគ្រាន់បើ ហើយថែមទាំងមានការបញ្ជាទិញឥតដាច់ពីអតិថិជនទៀតផង។
លោក មុយ រ៉ើន រស់នៅភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង គឺជាអតីតពលករសំណង់នៅប្រទេសថៃ។ ដោយមើលឃើញពីការចិញ្ចឹមកណ្តុរនៅប្រទេសថៃ ហើយបានគិតថា ថ្ងៃណាមួយវិលត្រឡប់មកស្រុកវិញ នឹងរករបរមួយសម្រាប់ចិញ្ចឹមគ្រួសារ លោកក៏បានផ្តើមចិញ្ចឹមកណ្តុរប្រែង នៅពេលវិលត្រឡប់មកស្រុកវិញក្នុងឆ្នាំ២០១៩ ដោយឈប់ទៅធ្វើការជាកម្មករនៅស្រុកថៃទៀតហើយ។
លោក មុយ រ៉ើន បានឱ្យដឹងថា៖ «ខ្ញុំចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៩ មានកណ្តុរចំនួនប្រហែលពី ២ទៅ៣គូរប៉ុណ្ណោះទេ តែក៏ចិញ្ចឹមមកដល់បច្ចុប្បន្ននេះ ខ្ទង់ចន្លោះពី៦០០ ទៅ១០០០ក្បាល ទៅតាមខែណាដែលវាកើតច្រើន ហើយយើងលក់ចេញតិចច្រើនតាមហ្នឹង»។
អ្នកចិញ្ចឹមកណ្តុររូបនេះ បានបន្តថា ការចិញ្ចឹមកណ្ដុរប្រែង គឺមិនពិបាកនោះឡើយ ដោយយើងរៀបចំជាលូ ឬអាងស៊ីម៉ង់ត៍ ហើយដាក់ចំណីឱ្យវាស៊ីមួយថ្ងៃម្តង ដែលកណ្តុរចិញ្ចឹម ពួកវាស៊ីដូចតែជាកណ្តុរស្រែអ៊ីចឹងដែរ។
លោក មុយ រ៉ើន បន្ថែមថា៖ «និយាយទៅ ខ្ញុំអ្នកហូបសត្វកណ្តុរតាំងពីតូចៗរហូតមកដល់ដឹងក្តីមក ព្រោះខ្ញុំចូលចិត្តរកកណ្តុរតាំងតែពីតូចៗ និងចូលចិត្តលក្ខណៈចិញ្ចឹមសត្វ តែមកចប់ត្រឹមចិញ្ចឹមកណ្តុរហ្នឹង ដោយសារតែសត្វកណ្តុរហ្នឹងវាជាចំណង់ចំណូលចិត្តរបស់យើង ហើយកណ្តុរហ្នឹងចិញ្ចឹមងាយផង វាមិនប្រើចំណាយពេលច្រើនសម្រាប់ការងារជាប្រចាំថ្ងៃរបស់យើងទេ យើងប្រើពេលតែពេលល្ងាច និងពេលព្រឹកថែវាបន្តិចៗប៉ុណ្ណោះ»។
ពាក់ព័ន្ធនឹងការចិញ្ចឹម ដើម្បីចិញ្ចឹមកណ្ដុរបានល្អ ចាំបាច់គឺត្រូវកាត់កន្លែងចិញ្ចឹមដែលអាចធ្វើជាទ្រុង ឬលូ ដើម្បីងាយស្រួលចិញ្ចឹម និងមើលថែ។ ក្រៅពីនេះ គឺត្រូវការទិញពូជ និងចំណីបន្តិចបន្តួច ហើយសម្រាប់អ្នកដែលមានបំណងចង់ចិញ្ចឹម គឺមានដើមទុនត្រឹមប្រមាណ ៥០ដុល្លារ ក៏អាចចិញ្ចឹមបានដែរ។ ដោយឡែកចំពោះចំណីវិញ កណ្ដុរជាសត្វមួយដែលងាយស្រួលឱ្យចំណី អាចដាក់ជាស្រូវ ពោត សណ្ដែក ដំឡូង និងបន្លែជាដើម។ បន្ថែមពីនេះ ក៏អាចប្រើចំណីបន្ថែមដូចជាចំណីមាន់ ឬចំណីជ្រូក ២-៣ដងក្នុងមួយសប្ដាហ៍ជាការស្រេច។
យ៉ាងណាមិញ រហូតមកដល់បច្ចុប្បន្ន កសិកររូបនេះ មានអាងសម្រាប់ដាក់កណ្តុរជាង ១០០ ហើយលោកចិញ្ចឹមលក់កូន និងសាច់។ ពិសេសជាងនេះទៅទៀត លោកអាចធ្វើជាកណ្តុរខ្វៃ សម្រាប់អតិថិជនអាចកុម្ម៉ង់យកទៅបរិភោគបានថែមទៀតផង ដោយក្នុងមួយខែៗ អាចរកចំណូលបានគួរសម និងអាចផ្គត់ផ្គង់កណ្តុរសាច់បានពី ៧០ ទៅ ១០០គីឡូក្រាម។ ចំពោះតម្លៃវិញ កណ្តុរសាច់លក់ក្នុងតម្លៃ ២៥ ០០០រៀល ក្នុងមួយគីឡូក្រាម, ប្រភេទខ្វៃហើយ ចាប់ពី ១០ដុល្លារឡើងទៅ ក្នុងមួយគីឡូក្រាម, ចំណែកឯកូនកណ្តុរក្នុងមួយគូ ចាប់ពី ២៥ ទៅ ៣០ដុល្លារឡើងទៅ។
លោក មុយ រ៉ើន បន្តថា៖ «និយាយទៅ កណ្តុរប្រែងប្រភេទពូជយកមកពីប្រទេសថៃ ហើយបច្ចុប្បន្ននេះយើងបង្កាត់នៅក្នុងស្រុក។ ដំបូងឡើយខ្ញុំចិញ្ចឹមនៅខាងថៃ ខ្ញុំធ្វើការសំណង់បណ្តើរ រៀនបណ្តើរបន្តិចបន្តួច ហើយនៅពេលដែលយើងមានលទ្ធភាព ក៏មកបង្កើតជាកសិដ្ឋាននៅខ្មែរយើង ឥឡូវយើងមានតែកណ្តុរនៅក្នុងស្រុកសុទ្ធទេ»។
កសិកររូបនេះ បានបន្តទៀតថា បច្ចុប្បន្ន គឺសម្បូរអ្នកនិយមបរិភោគសត្វកណ្តុរ ពិសេសកណ្តុរខ្វៃ ដោយសព្វថ្ងៃលោកថា ខ្វះកណ្តុរក្នុងការផ្គត់ផ្គង់ដល់អតិថិជន ហើយសម្រាប់អ្នកចិញ្ចឹមកណ្តុរផ្សេងទៀត លោកក៏ទទួលទិញវិញផងដែរ។ បន្ថែមពីនេះ លោក រីករាយនឹងចែករំលែកបទពិសោធន៍ចិញ្ចឹម មិនថាទិញពូជពីលោក ឬចិញ្ចឹមនៅកន្លែងផ្សេងក្តី លោកមិនប្រកាន់នោះឡើយ។ សព្វថ្ងៃ ជីវភាពរបស់ក្រុមគ្រួសារលោក បានគ្រាន់បើដោយសារបានពីការចិញ្ចឹម និងលក់សាច់កណ្ដុរប្រែង ពិសេសគឺកណ្ដុរខ្វៃតែម្តង។
លោក មុយ រ៉ើន បន្ថែមថា៖ «ខ្ញុំចង់ឱ្យសាច់កណ្តុរកាន់តែមានច្រើនចរាចរណ៍នៅក្នុងទីផ្សារ ហើយក៏ចង់ឱ្យទទួលស្គាល់កណ្តុរចិញ្ចឹមរបស់យើង ព្រោះកណ្តុរចិញ្ចឹមរបស់យើងមានលក្ខណៈស្អាត តាមបច្ចេកទេស ដែលមិនលែងពាសវាលពាសកាល ដូចបងប្អូនដែលតែងតែមកថតគ្រប់គ្នាថា មិនមានក្លិនដូចសត្វមាន់អីទេ ដូចមាន់ ២០០ទៅ៣០០ក្បាល យើងចិញ្ចឹមក្បែរអ្នកស្រុកអីអត់បានទេ មានក្លិនមិនអាចចិញ្ចឹមកើតទេ»។
ទាក់ទងនឹងផលលំបាកលើការចិញ្ចឹមសត្វកណ្តុរប្រភេទនេះ ត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ថា ហាក់មិនមានអ្វីលំបាកច្រើនពេកនោះទេ ហើយបើចិញ្ចឹមក្នុងទ្រង់ទ្រាយតិចតួច រឹតតែមិនប៉ះពាល់ដល់កិច្ចការងារប្រចាំថ្ងៃនោះឡើយ។
ដោយឡែក សម្រាប់គម្រោងនាពេលអនាគត លោក មុយ រើន ចង់ពង្រីកការចិញ្ចឹមកណ្ដុរឱ្យកាន់តែធំ និងធ្វើឱ្យទីផ្សារសាច់កណ្ដុរកាន់តែទូលំទូលាយដូចសាច់ដទៃទៀតដែរ៕
