និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤ ដោយបាននាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួតកីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព។ វគ្គផ្តាច់ព្រ័ត្រនេះ បាននាំយុវជននវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមកពីទូទាំងប្រទេស បន្ទាប់ពីឆ្លងកាត់ដំណើរការអភិវឌ្ឍសមត្ថភាព ដែលបានផ្សារភ្ជាប់និស្សិតសហគ្រិនរាប់ពាន់នាក់។

ខុសពីរដូវកាលមុនៗ ការប្រកួត UniPreneur National Challenge រដូវកាលទី៤ ត្រូវបានរៀបចំឡើងដោយយកគំរូតាមបរិយាកាស និងស្មារតីនៃការប្រកួតកីឡាថ្នាក់ជាតិ ដោយផ្តោតលើភាពរំភើប សាមគ្គីភាព និងមោទនភាពរបស់សាកលវិទ្យាល័យនីមួយៗ។ សង្វៀនប្រកួតបានបង្កើតបរិយាកាសដ៏ស្វាហាប់ ពោរពេញដោយការគាំទ្រពីសំណាក់សិស្សនិស្សិត និងសហគមន៍សាកលវិទ្យាល័យ ព្រមទាំងមានសកម្មភាព និងពិធីការអបអរសាទរដល់ស្នាដៃច្នៃប្រឌិត និងការចាប់ផ្តើមអាជីវកម្មរបស់យុវជន។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «និស្សិតសាកលវិទ្យាល័យតំណាងឱ្យធនធានមនុស្ស និងជាទិសដៅអនាគតរបស់ប្រទេសជាតិយើង។ កម្មវិធីទាំងនេះបានជំរុញឱ្យនិស្សិតហ៊ានចាកចេញពីតំបន់ផាសុកភាព ស្វែងយល់ពីសក្តានុពល ដឹងពីភាពខ្លាំង និងកសាងទំនុកចិត្ត ព្រមទាំងជំនាញដែលចាំបាច់សម្រាប់អាជីពនាពេលអនាគត»។

ក្រុមជើងឯកតំណាងឱ្យស្ថាប័នអប់រំរៀងៗខ្លួន ត្រូវបានជ្រើសរើសក្នុងចំណោមសាកលវិទ្យាល័យចូលរួមទាំងអស់ បន្ទាប់ពីបានឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលតាមតំបន់នៃវគ្គ UniPreneurCamp និងកម្មវិធីអភិវឌ្ឍធុរកិច្ចថ្មីតាមប្រព័ន្ធអនឡាញរយៈពេល ៤ សប្តាហ៍នៃវគ្គ UniPreneurSprint រួមទាំងការរៀបចំផលិតផលគម្រូ/សាកល្បង (Product Prototypes)។ ក្នុងអំឡុងពេលកម្មវិធីទាំងមូល ក្រុមនីមួយៗទទួលបានឱកាសក្នុងការកែលម្អគំនិតធុរកិច្ចថ្មី ពង្រឹងជំនាញសហគ្រិនភាព និងការធ្វើបទបង្ហាញ ព្រមទាំងទទួលបានការណែនាំផ្ទាល់ពីគ្រូបង្គោល និងអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម។

បន្ទាប់ពីវគ្គជម្រុះ UniPreneurSprint រួចមក ក្រុមជើងឯកទាំងអស់បានជួបជុំគ្នានៅរាជធានីភ្នំពេញក្នុងវេទិកាថ្នាក់ជាតិ ដើម្បីប្រកួតប្រជែងគ្នាដោយផ្ទាល់លើសង្វៀនធុរកិច្ចថ្មី។ តាមរយៈវគ្គប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្រុមនីមួយៗបានបង្ហាញពីគំរូធុរកិច្ចថ្មីដែលមានភាពច្នៃប្រឌិត និងសក្តានុពលខ្ពស់ក្នុងការការពង្រីកខ្លួន។ លើសពីការប្រកួតប្រជែង កម្មវិធីនេះក៏បានក្លាយជាវេទិកាឱ្យនិស្សិតមកពីទូទាំងប្រទេសបានជួបជុំ ផ្លាស់ប្តូរគំនិត បង្កើនទំនុកចិត្ត និងបង្ហាញមោទនភាពក្នុងការតំណាងឱ្យសាកលវិទ្យាល័យរបស់ខ្លួននៅលើឆាកជាតិ។

ព្រឹត្តិការណ៍ដ៏សំខាន់ចុងក្រោយនេះ នឹងត្រូវបន្តសម្រេចជោគជ័យក្នុងកម្មវិធីពានរង្វាន់សហគ្រិនខ្មែរ (KE Award Night) ដែលគ្រោងនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៦ ដោយក្រុមជ័យលាភីកំពូលថ្នាក់ជាតិទាំង ១០ ក្រុម នឹងឡើងកាន់វេទិកាជាតិ ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ជំរុញការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ការទទួលស្គាល់នេះ នឹងផ្តល់ឱកាសបន្ថែមដល់សហគ្រិនវ័យក្មេងដែលមានសក្តានុពល ក្នុងការអភិវឌ្ឍធុរកិច្ចថ្មី ពង្រឹងសមត្ថភាពត្រៀមខ្លួនចូលទីផ្សារ និងប្រែក្លាយគំនិតរបស់ខ្លួនទៅជាអាជីវកម្មដែលមានចីរភាព។

ក្រុម ស្រគាលSight (Srok-al Sight) ដែលជាក្រុមនិស្សិតមកពីកម្មវិធីសហគ្រិនមហាវិទ្យាល័យ បានចែករំលែកបទពិសោធន៍ និងអារម្មណ៍របស់ពួកគេថា៖ «ការឡើងមកកាន់វេទិកានៃការប្រកួតសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) គឺដូចជាកំពុងឡើងទៅលើទីលានប្រកួតកីឡាថ្នាក់ជាតិដ៏ធំមួយ។ កម្មវិធី UniPreneur មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្មវិធីដែលបានរៀបចំការគិតរបស់យើងឡើងវិញ អំពីរបៀបនៃការធ្វើការងារជាក្រុម និងការដោះស្រាយបញ្ហា។ យើងរៀនតាមរយៈការអនុវត្តជាក់ស្តែង ដូចជាការអភិវឌ្ឍគំនិត ការរៀបចំផលិតផលសាកល្បង/គម្រូ ការសាកល្បងជាមួយអតិថិជនពិត ការទទួលយកមតិយោបល់តបស្នោត ការប្រឈមនឹងបរាជ័យ និងការកែលម្អជាបន្តបន្ទាប់។ បទពិសោធន៍នេះបានផ្តល់ឱ្យយើងនូវសមត្ថភាពអនុវត្តជាក់ស្តែង និងទំនុកចិត្ត ដែលមេរៀនក្នុងថ្នាក់រៀនតែមួយមុខមិនអាចផ្តល់ឱ្យបាន។ យើងមកទីនេះដើម្បីប្រកួតប្រជែង ប៉ុន្តែយើងនឹងចាកចេញជាមួយនឹងមេរៀន និងបទពិសោធន៍ដែលនឹងជួយកំណត់អនាគតរបស់យើង និងត្រៀមខ្លួនឱ្យយើងអាចចាប់ផ្តើម និងកសាងធុរកិច្ចថ្មីបាន»។

តាមរយៈការបង្កើតបរិយាកាសនៃការប្រកួតប្រជែងប្រកបដោយសុចរិតភាព មោទនភាពរបស់សាកលវិទ្យាល័យ និងកិច្ចសហការគ្នា កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) បានជួយលើកទឹកចិត្តនិស្សិតឱ្យចាប់អារម្មណ៍ និងចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ព្រមទាំងបង្កើនការផ្សព្វផ្សាយ និងការទទួលស្គាល់ចំពោះគំនិតធុរកិច្ចថ្មីដែលដឹកនាំដោយយុវជន ទៅកាន់ដៃគូសក្តានុពល អ្នកឧបត្ថម្ភ វិនិយោគិន និងសាធារណជនទូទាំងប្រទេស។

សំខាន់ជាងនេះទៅទៀត កម្មវិធីនេះកំពុងរួមចំណែកកសាងអនាគតធនធានសហគ្រិនវ័យក្មេងដ៏រឹងមាំ ជំរុញនវានុវត្តន៍ និងការបង្កើតធុរកិច្ចថ្មី ព្រមទាំងគាំទ្រដល់អាទិភាពរបស់រាជរដ្ឋាភិបាលក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការពង្រឹងធនធានមនុស្ស ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

 

Daily Program

Livesteam thumbnail
khmer popup image